ដោយៈយោធិន / កំពង់ស្ពឺៈ ទីប្រឹក្សាទី១ អមស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ពីជំហរប្តេជ្ញាថាៈ បារាំង នឹងបន្តផ្តល់ជំនួយដល់កម្ពុជា ជាពិសេស ក្នុងវិស័យសហប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ ដែលជាបញ្ហាអន្តរជាតិសំខាន់ នាពេលបច្ចុប្បន្ន ដែលប្រទេសកម្ពុជា ក៏ដូចជា ប្រទេសបារាំង ខណៈដែលប្រទេសទាំងពីរ ជាអ្នករួមចំណែកដ៏សំខាន់ ក្នុងបុព្វហេតុសន្តិភាព។

លោក ហ្វាប៊្រីស អេជេន (Fabrice Etienne) តំណាងឯកអគ្គរដ្ឋទូតបារាំង ប្រចាំ កម្ពុជា បានលើកឡើងពីការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា លើវិស័យរក្សាសន្តិភាព ក្នុងឱកាសអញ្ជើញចូលរួមពិធី បិទវគ្គហ្វឹកហ្វឺនបំប៉នបន្ថែម ជំនាញអាវុធហត្ថ ដែលបានដំណើរការ ប្រារព្ធធ្វើឡើង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានរក្សាសន្តិភាព (IPMEC) ស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិ។

លោក ហ្វាប៊្រីស អេជេន (Fabrice Etienne) បានថ្លែងបញ្ជាក់ទៀតថាៈ ប្រទេស បារាំង ឈរក្បែរប្រទេសកម្ពុជាជានិច្ច ក្នុងគ្រាលំបាកដូចមានចែង ក្នុងប្រវត្តិសាស្ត្រ ដូច្នេះហើយ ការប្តេជ្ញាចិត្តរបស់បារាំង មិនប្រែប្រួល គឺផ្តល់ហិរញ្ញប្បទានសម្ភារៈ និងប្រតិបត្តិការ សម្រាប់រៀបចំវគ្គសិក្សាកងរាជអាវុធហត្ថនេះឡើង។

លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធាន គណៈកម្មាធិការជាតិ បានវាយតម្លៃខ្ពស់ កិច្ចសហប្រតិបត្តិទ្វេភាគីកម្ពុជា និងបារាំង ក៏ដូចជាថ្លែងអំណរគុណនូវ រាល់ការផ្តល់ជំនួយ និងកិច្ចគាំទ្រ ក្នុងការហ្វឹកហ្វឺនជំនាញ លើវិស័យរក្សាសន្តិភាព ឲ្យដល់កងកម្លាំងកម្ពុជា នារយៈកាលកន្លងទៅ ក៏ដូចជា ពេលបច្ចុប្បន្ននេះ។

លោក អ៊ុច បូរិទ្ធ បានថ្លែងក្នុងនាមតំណាងលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការ ជាតិ បានសំដែងនូវការដឹងគុណ នូវពលីកម្មអាយុជីវិតរបស់នាយទាហានបារាំង ដែលបានចូលរួម ក្នុងកងកម្លាំងអ៊ុន តាក់ (UNTAC) សំដៅស្វែងរកសន្តិភាព ជូនដល់កម្ពុជា នារយៈកាល ៣០ ឆ្នាំកន្លងទៅ។

លោក អ៊ុច បូរិទ្ធ បានថ្លែងបញ្ជាក់ថាៈ ឆ្នាំនេះ គឺជាខួបលើកទី១៦ ដែលកម្ពុជា បានបញ្ជូន កងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្រោយពីកម្លាំង រក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNTAC បានដកចេញពីកម្ពុជា រយៈពេលប្រមាណ ១៣ ឆ្នាំមុននេះ ។

គិតមកដល់ពេលនេះ កម្លាំងកម្ពុជា ចំនួន ៨.៣០២ ក្នុងនោះនារីចំនួន ៨៥០ នាក់ លើជំនាញបោសសម្អាតមីន វិស្វកម្ម សំណង់ផ្តេក – បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ទៅកាន់បេសកកម្ម ចំនួន១១ ក្នុងប្រទេសចំនួន ៩ រួមមានៈ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និង យេមែន ។

បច្ចុប្បន្ន កម្លាំងកម្ពុជា បាននិងកំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន ៤ រួមមានៈ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និង ម៉ាលី ។ នេះបើតាម ការលើកឡើងរបស់លោក អ៊ុច បូរិទ្ធ ។

ឧត្តមសេនីយ៍ឯក បោង ប៊ុន្នី អគ្គនាយករង មជ្ឈមណ្ឌលជាតិ ថ្លែងក្នុងនាមតំណាង នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយមជ្ឈមណ្ឌលជាតិ បានបញ្ជាក់ថាៈ ភាគីបារាំង បានផ្តល់វគ្គហ្វឹកហ្វឺន ដល់សិក្ខាកាម នៃកងយោធពលខេមរភូមិន្ទ ក្នុងនិងក្រៅប្រទេស សរុបចំនួន ៧៩ វគ្គ សិក្ខាកាមសរុបចំនួន ១.៧៦៤ នាក់ លើជំនាញបោសសម្អាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (EOD) ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ (IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា វគ្គ GPS បំប៉នផ្នែកកុំព្យូទ័រ សង្គ្រោះបឋម អាវុធហត្ថ ដឹកជញ្ជូនគ្រឿងផ្ទុះ បំប៉នផ្នែកភាសាបារាំង ។

សូមបញ្ជាក់ថាៈ សម្រាប់វគ្គជំនាញកងរាជអាវុធហត្ថ ខាងលើនេះ មានសិក្ខាកាម សរុបចំនួន ៣៤ នាក់ ក្នុងនោះនារីចំនួន ១៦ នាក់ ៕/V-PC