ដោយៈសុផល / ភ្នំពេញ៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរថ្មី បានសម្រេចការសាងសង់ បានប្រមាណ ៤០% គិតមកដល់ពេលនេះ និងឈានទៅ សម្រេចការសាងសង់ទាំងស្រុង​នៅក្នុងខែមីនា ឆ្នាំ២០២៣ ដើម្បីត្រៀមដាក់ឱ្យដំណើរការ ជាផ្លូវការ នៅខែតុលា នៅឆ្នាំក្រោយ។

លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់ អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថាៈ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នឹងឈានទៅសម្រេចការសាងសង់ ឱ្យបាន ៧០% នៅដំណាច់ឆ្នាំនេះ និងសម្រេចការសាងសង់ ១០០% នៅខែមីនា ឆ្នាំ២០២៣ និងរៀបចំប្រតិបត្តិការ ត្រៀមដាក់ដំណើរការជាផ្លូវការ នៅតុលា ឆ្នាំ២០២៣ ។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ កាលពីដើមសប្តាហ៍នេះ លោក តឹករ៉េត សំរេចបានបញ្ជាក់ថាៈ ដំណើរការ​សាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មិនមានចោទជាបញ្ហានោះទេ ដោយគ្រាន់តែ យឺតជាងផែនការតិចតួចប៉ុណ្ណោះ ដោយសារតែសម្ភារៈ និងឧបករណ៍ ដែលបញ្ជាទិញពីចិន មិនទាន់មកដល់កម្ពុជា។

គួររម្លឹកថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់ កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI) ក្រោមទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់ លើផ្ទៃដីប្រមាណជា ៧០០ ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ ពីទីប្រជុំជន ក្រុងសៀមរាប និងចម្ងាយ ៤០ គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះ មិនធ្វើឱ្យប៉ះពាល់ ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣.៦០០ ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខ ដល់អ្នកដំណើរ។ អាកាសយានដ្ឋាន មានចំណតយន្តហោះ រហូតដល់ទៅ ៣៨ ។ នៅពេលដាក់ឱ្យដំណើរ ការ ដែលគ្រោងធ្វើឡើង នៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះ អាចមានសមត្ថភាព ទទួលអ្នកដំណើរប្រមាណ ៧ លាននាក់ ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០ លាននាក់ ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០ លាននាក់ នៅក្នុងមួយឆ្នាំ៕/V