ដោយ​: បូកគោ​/ កែបៈ អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តី​ជួន​ដំណឹង​ដែល​បានប្រកាស​ផ្សព្វផ្សាយ​កន្លងមក នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុងកែប​បាន​ចុះ​រុះរើ​សំណង់​មិន​រៀបរយ និង​លុបបំបាត់​ភាពអនាធិបតេយ្យ​ពាក់ព័ន្ធ​ការលក់ដូរ​បំពាន​លើដី​សាធារណៈ​នៅ​ឆ្នេរ​កម្សាន្ត​។​

​ក្រោយ​បញ្ចប់​ប្រតិបត្តិការ​ខាងលើ អភិបាល​ក្រុងកែប លោក​ខេង យ័ន បាន​បញ្ជាក់ថា តាម​ការពិនិត្យ​ជាក់ស្តែង គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២០ ខែតុលា អាជីវករ​នៅ​ឆ្នេរ​កម្សាន្ត​បាន​រុះរើ​សំណង់​មិន​រៀបរយ និង​បញ្ឈប់​ការដាក់​តាំង​ទំនិញ​លក់​លើ​ទីសាធារណៈ​ដោយ​ស្ម័គ្រចិត្ត​ប្រមាណ​ពី​៦០​ភាគរយ​ទៅ​៧០​ភាគរយ​។ ប៉ុន្តែ​ការរុះរើ​នោះ​នៅ​មិនទាន់​ដល់​កម្រិត​ដែល​អាជ្ញាធរ​ចង់បាន​ឡើយ​។ ម្ល៉ោះហើយ​ទើប​ព្រឹក​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បាន​ចុះទៅ​អនុវត្ត​ស្មារតី​នៃ​សេចក្តីជូនដំណឹង​ដោយ​ធ្វើ​លើ​តូប​លក់ដូរ​ជាង​១០​កន្លែង​។

​លោក​អភិបាលក្រុង​បាន​បន្តថា ជា​លទ្ធផល ប្រតិបត្តិការ​នា​ព្រឹក​នេះ​គឺ​សម្រេចបាន​ប្រមាណ​ជាង​៨០​ភាគរយ ពោលគឺ​នៅ​សេសសល់​ពី​ពីរ​ទៅ​បី​គ្រួសារ​ដែល​បាន​សន្យាថា​នឹង​ធ្វើឱ្យ​រួចរាល់​ត្រឹម​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២២ ខាងមុខ​។
​ការសុំ​ពន្យា​ពេល​ក្រោម​ហេតុផល​មិនបាន​ទទួល​សេចក្តីណែនាំ​របស់​អាជ្ញាធ​រ​ដោយសារ​អវត្តមាន​ពេល​មន្ត្រី​ចុះ​ផ្សព្វផ្សាយ​កន្លងមក​។ ដូច្នេះ​អាជ្ញាធរ​ក៏​ផ្តល់​ការយោគយល់ ហើយ​សង្ឃឹមថា​អាជីវករ​ទាំងនោះ​នឹង​អនុវត្តតាម​ពាក្យសន្យា​មិន​ខកខាន​ឡើយ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២២ រដ្ឋបាល​ក្រុងកែប​បានចេញ​សេចក្តីជូនដំណឹង​ដល់​អាជីវករ​នៅ​តំបន់​រមណីយដ្ឋាន​ឆ្នេរ​កម្សាន្ត​មាន​ខ្លឹមសារ​ថា ដើម្បី​រក្សាបាន​នូវ​សេចក្ដីថ្លៃថ្នូរ និង​ស័ក្តិ​សមជា​ទីក្រុង​ទេសចរណ៍ធម្មជាតិ អាជីវករ​ទាំងអស់​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ឱ្យ​បានល្អ​ជុំវិញ​កន្លែង​លក់ដូរ​របស់ខ្លួន​។ បងប្អូន​ត្រូវ​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ឱ្យបាន​ប្រសើរ​។ បន្ថែម​លើ​នេះ ម្ចាស់​តូប​ត្រូវ​រុះរើ​សំយាប តង់ តុ កៅអី គ្រែ ព្រមទាំង​ទំនិញ​ផ្សេងៗ​ចេញពី​គម្រប​លូ និង​ផ្លូវ​សាធារណៈ​ចាប់​ពីថ្ងៃ​ជូនដំណឹង​ដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២២ ជា​កំហិត​៕​