ដោយ​: ពៅ​និមល​/​ភ្នំពេញ​៖ ការកំណត់ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ ពីថ្ងៃ​ទី​២១ ដល់​៣១ ខែតុលា​នេះ សម្រាប់​ប្រេងសាំង​ធម្មតា​នៅ​រក្សា​តម្លៃ​ដដែល ខណៈ​ប្រេងម៉ាស៊ូត​ត្រូវបាន​ដំឡើងថ្លៃ ៥០​រៀល​ថែមទៀត ក្នុង​មួយ​លីត្រ​។​

​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២​នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ឲ្យ​ដឹងថា ការកំណត់ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ក្នុង​រយៈពេល​១០​ថ្ងៃ​បន្ទាប់​នេះ សម្រាប់​ប្រេងសាំង​ធម្មតា​មានតម្លៃ ៤.២៥០​រៀល និង​ប្រេងម៉ាស៊ូត​មានការ​កើនឡើង ពី​តម្លៃ ៥.១៥០​រៀល ទៅ ៥.២០០​រៀល ក្នុង​១​លីត្រ​។

​ពាក់ព័ន្ធ​ការកំណត់ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅតែ​បន្ត និង​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ដដែល គឺ​ចំនួន ៦.៥​សេន​ដុល្លារ ក្នុង​១​លីត្រ​៕​