ដោយ​៖ បញ្ញា​សាស្ត្រ / ភ្នំពេញ​៖ ដើម្បី​ធ្វើឱ្យ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល កាន់តែ​ប្រសើរឡើង ក៏ដូចជា ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​កត់ត្រា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ កាន់​តែមាន​ភាពងាយស្រួល និង​ប្រកបដោយ​ប្រសិទ្ធភាព ធនាគារជាតិ​នៃ​កម្ពុជា រួម​ជាមួយនឹង​ក្រសួងសុខាភិបាល បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​ការយោគយល់ គ្នា ស្តីពី “​កិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រើប្រាស់​តំណ​ភ្ជាប់ សម្រាប់​ស្វែង​រកមើល​ព័ត៌មាន ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​សាមី​បុគ្គល តាមរយៈ​ប្រព័ន្ធ​បាគង​” រវាង​គណៈកម្មការ​ចំពោះ កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​ធនាគារជាតិ​នៃ​កម្ពុជា ក្រោម​វត្ត មាន លោកស្រី បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាកសាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃ សុក្រ ទី​២១ តុលា សណ្ឋាគារ​ហៃ​យ៉ា​ត់ រី​ជិន​ស៊ី លោកស្រី បណ្ឌិត ជា សិរី បាន​មានប្រសាសន៍ថាៈ « នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​នេះ រាជរដ្ឋាភិបាល បាន​ឆ្លើយតប យ៉ាង​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការដាក់ចេញ​នូវ វិធានការ​សុខាភិបាល បាន​ទាន់ពេលវេលា និង​បាន​អនុវត្ត​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង ដែល​ធ្វើឱ្យ​សម្រេចបាន នូវ​ភាពស៊ាំ​សហគមន៍ ក្នុង​កម្រិត​ខ្ពស់ ក្នុង​រយៈពេល​ដ៏​ខ្លី និង​ប្រកបដោយ​ប្រសិទ្ធភាព​»​។​

​លោកស្រី បាន​បន្តថាៈ «​ទន្ទឹមនេះ វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សេដ្ឋកិច្ច ពិភពលោក​។ នេះ​ជា​បទពិសោធន៍ និង​ជា​វិញ្ញាសារ​ថ្មី​មួយ សម្រាប់​ប្រទេស​នីមួយៗ ក្នុង​ការបង្កើន​ភាពរឹងមាំ និង​បាន​ជំរុញ​ការទូទាត់​បែប​ឌីជីថល ឱ្យមាន​សន្ទុះ​យ៉ាង​ឆាប់រហ័ស ក្នុងនោះ​បច្ចេកវិទ្យា​ឌីជីថល បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ពង្រីក និង​ជំរុញ​ការប្រើប្រាស់ បច្ចេកវិទ្យា ឱ្យ​កាន់តែ​ខិតជិត ប្រជាពលរដ្ឋ លើ​គ្រប់​វិស័យ រួមមាន​ជាអាទិ៍​៖ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ព្រមទាំង​វិស័យ​សុខាភិបាល ជាដើម​។ ជាក់ស្តែង បច្ចេកវិទ្យា​ឌីជីថល ក៏បាន​ក្លាយជា​កម្លាំងចលក​រ ដ៏​មាន​សក្តានុពល​ជាទីបំផុត ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​សកល​។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នាពេល​បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​អភិវឌ្ឍន៍​ប្រព័ន្ធ បាគង ដែលជា​ប្រព័ន្ធ​ទូទាត់​កន្លោង មានមុខ​ងារ​ជួយ​សម្រួល ដល់​ប្រតិបត្តិ​ការទូទាត់ សង​ប្រាក់ ឆ្លង​គ្រឹះស្ថាន ក្នុង​គោលដៅ (១)-​បង្កើន​ប្រសិទ្ធភាព ក្នុង​ប្រព័ន្ធ​ទូទាត់ (២) -​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ (៣)-​សម្រួល​ប្រតិបត្តិ​ការទូទាត់ ជា​ប្រាក់រៀល និង (៤)-​ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល នៃ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ស្របតាម​បរិបទ​សេដ្ឋកិច្ច​ឌីជីថល ក្នុង​តំបន់​អាស៊ាន​។​

​ជាមួយគ្នានេះ​ផងដែរ ដើម្បី​សម្រួល​ដល់​តម្រូវការ និង​លើកកម្ពស់​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា ឌីជីថល ធនាគារជាតិ​នៃ​កម្ពុជា និង​គណៈកម្មការ​ចំពោះ កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បានរៀបចំ​ឱ្យមាន​ក្របខណ្ឌ កិច្ចសហប្រតិបត្តិការ តាមរយៈ ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី “​កិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រើប្រាស់ តំណ​ភ្ជាប់ សម្រាប់​ស្វែង​រកមើល​ព័ត៌មាន ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​សាមី​បុគ្គល តាមរយៈ​ប្រព័ន្ធ​បាគង​”​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ពង្រីក​វិសាលភាព នៃ​ការទទួលបាន​នូវ​ព័ត៌មាន ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​បុគ្គល តាមរយៈ​ការប្រើប្រាស់ ប្រព័ន្ធ​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា ជាមួយ​តំណ​ភ្ជាប់​ប្រព័ន្ធ​កត់ត្រា ការចាក់​វ៉ាក់សាំង កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល​។ គំនិត​ផ្តួចផ្តើម​នេះ ពិតណាស់ គឺ​នឹង​រួមចំណែក​ជំរុញ ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​នវានុវត្តន៍​ថ្មីៗ​។​

​លោកស្រី មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ នឹង​ទទួលបាន​ភាពងាយស្រួល ជាង​មុន ក្នុងករណី​ភ្លេច​យក​ប័ណ្ណ​ចាក់​វ៉ាក់សាំង មក​តាម​ខ្លួន ពួកគាត់​អាច​ប្រើប្រាស់ ប្រព័ន្ធ​បាគង ដើម្បី​ស្វែងរក​ព័ត៌មាន ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់ខ្លួន​បាន យ៉ាង​ស្រួល ផងដែរ​។​

​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ ថាៈ ការចុះហត្ថលេខា នៅថ្ងៃនេះ ជាការ​រួមចំណែក​មួយ​ថែមទៀត នូវលើ​ការអនុវត្ត គោលនយោបាយ រដ្ឋាភិបាល​ឌីជីថល របស់​រាជរដ្ឋាភិបាល​កម្ពុជា របស់​យើង ព្រោះ​បច្ចុប្បន្ននេះ កំពុងតែ​វិវឌ្ឍន៍​ខ្លួន​របស់​យើង ទៅរក​ការអភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ឌីជីថល​នានា ទៅតាម​កិច្ចការ ដែល​យើង​អនុវត្ត​។​

​លោកស្រី បាន​បន្ថែមថាៈ នេះ​ជាការ​បង្កើត​កិច្ចសហប្រតិបត្តិការ​ល្អ រវាង គ​.​វ​.​ក​.១៩ និង​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ពង្រីក​វិសាលភាព នៃ​ការទទួលបាន​នូវ​ពត៌មាន ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឱ្យ​កាន់តែ​ទូលំទូលាយ និង​ងាយស្រួល សម្រាប់​អតិថិជន​ដែល បាន​ប្រើប្រាស់​ប្រព័ន្ធ​បាគង របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ លើកកម្ពស់​ការប្រើប្រាស់ ប្រព័ន្ធ​បាគង តាមរយៈ​ការចូល​មើល​ព័ត៌មាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​បុគ្គល ពី​តំណ​ភ្ជាប់​ទៅ​ប្រព័ន្ធ​កត់ត្រា ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដើម្បី​រួមចំណែក​ជួយ​ជំរុញ ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​នវានុវត្តន៍​ថ្មីៗ​នៃ​ផ្នែក​ប្រព័ន្ធ​ទូទាត់​បាគង​។ បន្ថែម​លើ​ការប្រើប្រាស់​ប្រព័ន្ធ​កត់ត្រា​ការ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ និង​ផ្តល់​ភាពងាយស្រួល ជូន​ប្រជាពលរដ្ឋ នៅពេលដែល​ពួកគាត់ ចូល​ប្រើប្រាស់​ប្រព័ន្ធ​បាគង ក៏​អាច​ស្វែងរក​ព័ត៌មាន ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​របស់ខ្លួន​បានដែរ​៕/V​