ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អាចនិយាយបានថា នេះជាវគ្គបណ្ដុះបណ្ដាល ចុងក្រោយហើយ សម្រាប់មុនការប្រកួតកីឡាជាតិ (National Games) មកដល់ ដែលសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល បំប៉នបន្ថែម គឺវគ្គសិក្សាសិស្សអាជ្ញាកណ្តាល « Referee Apprenticeship» ជូនដល់សិក្ខាកាម ដែលទើបតែប្រឡងជាប់ វគ្គបណ្តុះបណ្តាលកម្រិត២ នៃច្បាប់កីឡា វាយកូនគោល កាលពីថ្មីៗនេះ ដើម្បីក្លាយជាអាជ្ញាកណ្តាល ពេញសិទ្ធិរបស់សហព័ន្ធ។

វគ្គបណ្តុះបណ្តាលនេះ បានរៀបចំធ្វើនៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានគ្រូឧទ្ទេស គឺលោក LP Ling ជាសមាជិកសហព័ន្ធកីឡាវាយកូនគោលសិង្ហបុរី និងមានសិក្ខាកាម ចូលរួម ១៨ រូប។

អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា លោក ឆោម សំបូរ ដែលទទួល បន្ទុកផ្នែកបច្ចេកទេស បានមានប្រសាសន៍ថាៈ វគ្គបណ្តុះបណ្តាលនេះ គឺមានសារសំខាន់ បំផុត ដោយផ្តោតលើទ្រឹស្តី និងការអនុវត្ត លើទីលានជាក់ស្តែង។ ការពិភាក្សាគ្នា លើចំណុចខ្វះខាត ស្វែងរកចំណុចខ្លាំងរួមគ្នា ដើម្បីឲ្យសិក្ខាកាម យល់កាន់តែច្បាស់ និងមានសមត្ថភាព ចូលរួមកាត់សេចក្តីការ ប្រកួតកម្រិតជាតិ និងអន្តរជាតិ បាន នាពេលខាងមុខ។

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីជ្រើសរើសអាជ្ញាកណ្តាល ដែលសមត្ថភាព ត្រៀមចូលរួមកាត់សេចក្តី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។

សហព័ន្ធ បានបើកវគ្គបណ្តុះបណ្តាល ជាច្រើនលើក ហើយជាលក្ខណៈផ្ទៃក្នុង ប៉ុន្តែលើកនេះ គឺជាវគ្គចុងក្រោយ ដែលមានសិក្ខាកាម សុទ្ធសឹងជាអ្នកមានបទពិសោធន៍ ធ្លាប់ឆ្លងកាត់ធ្វើជាអាជ្ញាកណ្តាល ក្នុងស្រុកច្រើនដង ដូចជា ការប្រកួតថ្នាក់ជាតិ ការប្រកួតកម្រិតយុវជន និងពានរង្វាន់ថ្នាក់ដឹកនាំផ្សេងៗ ជាច្រើន ឆ្នាំមកហើយ។ ពួកគាត់ ធ្លាប់បានឆ្លងវគ្គបណ្តុះបណ្តាលកម្រិតជាតិ និងអន្តរជាតិដែរ ទើបឲ្យមកចូលរួម សិក្សាវគ្គពីគ្រូជំនាញ ធ្លាប់ចូលរួមជាអាជ្ញាកណ្តាល កាត់សេចក្តីការប្រកួតពាក់កណ្តាល អាជីព និងអាជីព ដើម្បីដុសខាត់សមត្ថភាព និងបង្កើនបច្ចេកទេស ឲ្យកាន់តែមាន សក្តានុពល ត្រៀមចូលរួមកាត់សេចក្តី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាប្រវត្តិសាស្រ្តដំបូង របស់កម្ពុជា ក្រោយខកខាន ៦៤ឆ្នាំ។

តាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ គឺត្រូវការគណៈកម្មការបច្ចេកទេស និងអ្នកជំនាញ ចំនួន ៦៨ នាក់ អាជ្ញាកណ្តាលថ្នាក់ជាតិ ១២ នាក់ អាជ្ញាកណ្តាលអន្តរជាតិ ៧ នាក់ ដែលមានជំនាញច្បាស់លាស់ ចេះភាសាបរទេស ចេះព័ត៌មានវិទ្យា និងយល់ច្បាស់ពី ច្បាប់កីឡាកូនគោលអន្តរជាតិ ទៅសិក្សាស្វែងយល់បន្ថែម នៅក្រៅប្រទេស និងចូលរួម កាត់សេចក្តី ការប្រកួតកម្រិតអន្តរជាតិ ឲ្យបានច្រើនដង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ឲ្យបានល្អ មុនស៊ីហ្គេម នៅកម្ពុជា។

វគ្គបណ្តុះបណ្តាលសិស្ស អាជ្ញាកណ្តាល Referee Apprenticeship ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ តុលា នេះតទៅ។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សិក្ខាកាមដែលបញ្ចប់វគ្គទាំង ១៨ នាក់ នឹងចូលរួមកាត់សេចក្តី ការប្រកួតជ្រើសរើសជើងឯកយុវជន លើកទី៥ នៅទីលានស៊ីធីហ្គូល៕/V