​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ហ្វីលីពីន​នឹង​ទទួលបាន​ឧទ្ធម្ភាគចក្រ​យោធា​ទម្ងន់​ធ្ងន់​ពី​អាម៉េរិក នេះ​បើ​តាម​ប្រធានាធិបតីហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ បាន​បញ្ជាក់​ប្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​​ពី​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​លុបចោល​កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​ពី​រុស្ស៊ី​។​

​រដ្ឋាភិបាល​ហ្វីលីពីន​មុន​របស់​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​ចុះហត្ថលេខា​ទិញ​ឧទ្ធម្ភាគចក្រ​Mi-17​ចំនួន​១៦​គ្រឿង​ថ្លៃ​២១៦​លាន​ដុល្លារ តែ​បាន​លុបចោល​វិញ​នៅ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​​អ៊ុយ​ក្រែ​ន​និង​ការដាក់ទណ្ឌកម្ម​របស់​លោកខាងលិច​លើ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា​នេះ​ដែរ សារព័ត៌មាន​ក្នុងស្រុក​បាន​ស្រង់​សម្តី​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ហ្វីលីពីន ដែល​ថា​កិច្ចព្រមព្រៀង​នេះ​នៅ​មាន​សុពលភាព តែ​ប្រធានាធិបតី​ម៉ាកូ​ស​បាន​និយាយថា​«​វា​​ងាប់​បាត់​ទៅ​ហើយ​»​។​

​លោក​ម៉ាកូសបាន​និយាយថា​«​យើង​រក​បាន​ការផ្គត់ផ្គង់​ជំនួសសំរាប់​ឧទ្ធម្ភាគចក្រ​ដឹក​និង​ស្ទូច​ទម្ងន់​ធ្ងន់​មក​ពី​សហរដ្ឋ​អាម៉េរិក​វិញ​។​ជា​អកុសល យើង​បាន​បង់ប្រាក់​មុន​ទៅ​កាន់​ក្រុមហ៊ុន​ផលិត​រុស្ស៊ី​។​យើង​សង្ឃឹម​​ថា​នឹង​ចរចា​សុំ​យ៉ាងហោចណាស់​មួយ​ភាគរយ​មក​វិញ តែ​កិច្ច​ព្រម​ព្រមព្រៀង​ទិញ​លក់​នេះ​ត្រូវ​បាន​លុបចោល​រួចហើយ​»​។​

​ទោះជា​យ៉ាងណា ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក ម៉ា​រ៉ា​ត ប៉ាវ​ឡូ​វ​(Marat Pavlov)​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​សម្តី​ដែលថា ក្រុមហ៊ុន​រុស្ស៊ី​នៅ​ដំណើរការ​ដំឡើង​Mi-17​សំរាប់​អតិថិជន​ហ្វីលីពីន​នៅ​​ឡើយ​ទេ​។​

​លោក​ម៉ាកូ​សមិន​បញ្ជាក់​ថា​តើ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ណា​ដែល​ប្រទេស​លោក​នឹង​ទទួល​ពី​អាម៉េរិក​ទេ តែ​ថា​វា​ផលិត​នៅ​ប៉ូឡូញ​។​

​កាលពី​ខែ​សីហា ឯកអគ្គរដ្ឋទូត​ហ្វីលីពី​ប្រចាំ​នៅក្រុង​វ៉ាស៊ីនតោន​បានប្រាប់​អ្នកយក​ព័ត៌មាន​ថា រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​នឹង​ពិនិត្យមើល​ឧទ្ធម្ភាគចក្រ​Chinook​ដើម្បី​ជំ​នួន​Mi-17៕

​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​នឹង​ទំនង​ជា​ទិញ​ឧទ្ធម្ភាគចក្រ​Chinook​ពី​អាម៉េរិក​ដើម្បី​ជំ​នួន​Mi-17​របស់​រុស្ស៊ី​