ដោយៈវ៉ៃកូ/ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានដំណើរការកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកាកាលពីព្រឹកថ្ងៃទី២១ ខែតុលាក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយ រៀង។

ក្នុងកិច្ចប្រជុំលោក ម៉ែន វិបុល បានថ្លែងកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបីអាជ្ញាធរ ដែនដី ក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្តដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូន ប្រជាពលរដ្ឋនៅទូទាំងខេត្តបានយ៉ាងល្អប្រសើរ។ក៏បានអរគុណដល់មន្ទីរ-អង្គភាពក្នុងខេត្តក៏ដូចជាក្រុមហ៊ុននានាដែលបានចូលរួមឧបត្ថម្ភគាំទ្រជាមួយរដ្ឋបាលខេត្តសម្រាប់ការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលាខាងមុខនេះ។

កិច្ចប្រជុំបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន។ ក្នុងនោះ៖ ១. ត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំងឱ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥។ ២.អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវអប់រំណែនាំឱ្យប្រជាពលរដ្ឋមានវិធានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះថ្នាក់ធម្មជាតិ ដោយសារជំនន់ទឹកភ្លៀង ដែលកើតមានឡើងជាយថាហេតុ។ ៣.ត្រូវទប់ស្កាត់សកម្មភាពលួចនេសាទនៅតំបន់អភិរក្សនិងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នានាជាពិសេសឧបករណ៍ឆក់ត្រីនិងឧបករណ៍ដែលច្បាប់ហាមឃាត់។៤.ត្រូវបន្តពិនិត្យចំពោះទីតាំងដែលធ្លាប់មានលេងល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹម។៥.ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។៦.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់។ ៧.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើលការសាងសង់សំណង់អានាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាត និងទីតាំងអាជីវកម្មពុះដីឡូត៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ត្រូវជំរុញឱ្យមកសុំច្បាប់ឱ្យបានត្រឹមត្រូវ៕សរន