ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ សិក្ខាសាលា​សមាហរណកម្មបីឆ្នាំរំកិល (២០២៣-២៥) ថ្នាក់ស្រុក ក្រុង នៃខេត្តបន្ទាយមានជ័យ បានធ្វើជាបន្តបន្ទប់ បាន ៤ ស្រុកហើយ មកទល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះ ។

យោងមន្ត្រីទីចាត់ការវិនិយោគ នៃសាលាខេត្តបន្ទាយមានជ័យ និងសាលាស្រុកនានា បានឱ្យដឹងនៅថ្ងៃទី២១ ខែតុលាថាៈ សិក្ខាសាលា​សមាហរណកម្ម បីឆ្នាំរំកិល (២០២៣-២៥) ថ្នាក់ស្រុក ក្រុង នៃខេត្តបន្ទាយមានជ័យ បានធ្វើជាបន្តបន្ទាប់បាន ៤ ស្រុកហើយ មកទល់ថ្ងៃនេះ មាននៅស្រុកថ្មពួក ស្វាយចេក មង្គលបូរី និង ព្រះនេត្រព្រះ ។

 

ចំពោះស្រុកព្រះនេត្រព្រះ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតី និងចូលរួមដោយលោកស្រី ព្រំ ស៊ីណា ប្រធានមន្ទីរផែនការខេត្ត លោក ឃូ ពៅ អភិបាលស្រុក​, លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ​ តំណាងមន្ទីរ​អង្គភាព​មេឃុំ ទាំង ​៧ ​ទូទាំងស្រុក ដៃគូអភិវឌ្ឍន៍ក្រៅរដ្ឋាភិបាល និងវិស័យឯកជនពាក់ព័ន្ធ។

លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថាៈ យោងតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌរយ:ពេលកន្លងមក រដ្ឋបាលស្រុក បានស្វះស្វែងគៀងគរប្រមូលផ្តុំធនធាន ដោយសម្រេចបាននូវស្នាដៃជាច្រើន លើភារកិច្ច កសាង អភិវឌ្ឍន៍ធនធានមនុស្ស បរិស្ថាន អនាម័យ សំខាន់លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកម្ពស់សុវត្ថិភាព សន្តិសុខសាធារណ:ទូទៅអោយបានល្អ ។

លោកបានបន្តថាៈ បំណងនៃសិក្ខាសាលានេះ គឺចង់ធ្វើឱ្យប្រជាពលរដ្ឋ បានរស់នៅ សុខដុមរមនា ជីវភាពសមស្រប ធូរធារ ហើយបានបន្តចូលរួមលើការអភិវឌ្ឍស្រុក ឱ្យបានលទ្ធផលល្អ មានប្រសិទ្ធភាព មានសោភ័ណភាព ដោយស្មារតីទទួលខុសត្រូវ ។

លោកស្រី ព្រំ ស៊ីណា ប្រធានមន្ទីរផែនការ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថាៈ ចំពោះវិស័យសង្គមកិច្ច ក៏មានការប្រែប្រួល ឈានឡើងជាលំដាប់ បង្កលក្ខណៈឱ្យ ប្រជាពលរដ្ឋ មានជីវភាព​និងការស់នៅ កាន់តែប្រសើរឡើង ជាមួយនឹងការពង្រឹង ការអនុវត្តច្បាប់ ការគោរពសិទ្ធិមនុស្ស ។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ សមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឃុំ ស្រុក ក្រុង ២០២៣-២៥ នៅថ្នាក់ស្រុក នាពេលនេះ គឺជាដំណើរការដែលរៀបចំឡើង ដើម្បីគាំទ្រគម្រោងសកម្មភាពអភិវឌ្ឍន៍ ដែលបានធ្វើឡើង ឱ្យស៊ីសង្វាក់គ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ សកម្មភាពនានា របស់មន្ទីរជំនាញ និងអង្គការជាតិអន្តជាតិ ដែលមានទំនាក់ទំនងគ្នា ដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍ មូលដ្ឋានស្រុក ឃុំ ។

លោកស្រី រស់ សុផានី បានបន្តថាៈ ឆ្នាំ២០២៣ ខាងមុខ សកម្មភាពអទិភាព ឃុំ ដែលស្នើឡើងមានចំនួន ៨២៩ គម្រោង។ ក្នុងនោះ វិស័យសេដ្ឋកិច្ចមាន ២០០ គម្រោង ផ្នែកសង្គមកិច្ច ២៩៨ គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងបម្រែបម្រួល អាកាសធាតុមាន ១៤៥ គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មាន ១៨២ គម្រោង ។

អង្គសិក្ខាសាលា បានពិភាក្សា និងផ្តល់អនុសាសន៍មួយចំនួន ដូចជា ការប្រើប្រាសតារាង សកម្មភាពអាទិភាពរបស់ស្រុក ឃុំ តាមរយ:ការពិភាក្សាពីប្រភពទិន្នន័យផែនទី និងភ្ជាប់ ជាមួយរបាយការណ៍លទ្ធផលអនុវត្ត។ ពិភាក្សារកវិធានការទាក់ទាញ គ្រប់ប្រភពមកគាំទ្រ សកម្មភាពអាទិភាពរបស់ឃុំ ស្រុក និងកិច្ចសហការគ្នា រវាងមន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិផ្នែកឯកជន ៕/V