ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថានកាលពីថ្ងៃសុក្របានដកសិទ្ធិធ្វើនយោបាយសំរាប់អតីតនាយករដ្ឋមន្រ្តី អ៊ីមរ៉ាន់ ខាន់ ដោយហាមឃាត់មិនអោយលោកកាន់មុខតំណែងសាធារណៈដោយសារតែបានលក់អំណោយរដ្ឋដែលប្រមុខរដ្ឋផ្សេងៗប្រគល់ជូនលោកនិងបិទបាំងទ្រព្យសម្បត្តិ នេះបើតាមអ្នកនាំពាក្យរបស់លោក។

ចំណាត់ការនេះមុខជានឹងបង្កចលាចលនយោបាយបន្ថែមទៀតនៅក្នុងប្រទេសក្រីក្រមួយនេះ។

លោក ហ្វាវ៉ាត ឆោឌ្រី(Fawad Chaudhry) បានប្រាប់អ្នកយកព័ត៌មានថា គណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថានបានប្រកាសសាលក្រមដែលគេទន្ទឹងរង់ចាំជាខ្លាំងនៅនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាត។លោកឆោឌ្រី បានថ្កោលទោសចំណាត់ការនេះ។

យោងតាមអ្នកជំនាញការច្បាប់ លោកខាន់នឹងបាត់បង់កៅអីសភាផងដែរដោយសារតែសាលក្រមនេះ។

ការសំរេចចុងក្រោយនេះកើតឡើងប៉ុន្មានខែក្រោយពីសភាបណ្តេញលោកខាន់ចេញពីតំណែងនាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតសម្តែងការមិនទុកចិត្តមួយ។

ខឹងនឹងការដកសិទ្ធិលោកខាន់ គណបក្សតេរីក អ៊ី អ៊ីនសាហ្វ(Tehreek-e-Insaf)របស់លោកបានទទូចសុំអោយអ្នកគាំទ្រចេញមកតាមដងផ្លូវដើម្បីថ្កោលទោសការសំរេចចិត្តរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនេះដោយសន្តិវិធី។

វាក៏កើតឡើងនៅពេលតែប៉ុន្មានថ្ងៃមុនលោកខាន់ប្រកាសការដើរដង្ហែរក្បួនធំមួយនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាតដើម្បីបង្ខំអោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី សាបាស សារីហ្វ រៀបចំធ្វើការបោះឆ្នោតមុនកាលកំណត់មួយ។

អតីតនាយករដ្ឋមន្រ្តី អ៊ីមរ៉ាន់ ខាន់ ក្នុងអំឡុងពេលដឹកនាំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្រុងអ៊ីស្លាម៉ាបាតកាលពីខែសីហា ឆ្នាំ២០២២

សូមបញ្ជាក់ថា រដ្ឋាភិបាលចំរុះរបស់លោកសារីហ្វបានប្តឹងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតដោយសុំចំណាត់ការប្រឆាំងលោកខាន់ចំពោះការចោទប្រកាន់ថាអតីតមេដឹកនាំរូបនេះបានលក់ដោយខុសច្បាប់អំណោយ(កាដូ)រដ្ឋដែលលោកបានទទួលមកពីប្រមុខរដ្ឋនានាកាលពីលោកនៅកាន់អំណាច។

លោកខាន់ក៏ត្រូវបានចោទប្រកាន់ថាបិទបាំងលុយដែលលោកទទួលបានពីការលក់កាដូទាំងនោះ៕