ដោយៈ ពៅនិមល / ភ្នំពេញ៖ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2022 ជាលើកទី៥ បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាពរបស់លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅផ្សារទំនើបអ៊ីអន ភ្នំពេញ ដែលនឹងផ្តល់ឱកាសដល់ សាធារណជន ឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារ ដូចជាការបើកគណនីជួញដូរ ក៏ដូចជា ប្រធានបទផ្សេងៗ ពាក់ព័ន្ធនឹងទីផ្សារទាំងមូល។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើង ក្នុងពិធីនៃពិរណ៌នេះថាៈ ផ្សារមូលបត្រកម្ពុជា បានខិតខំដាក់ចេញ នូវទំនើបកម្មឌីជីថលជាលំដាប់ ដូចជាមានបង្កើតនូវ APP CSX Trade, ការបង្កើតនូវប្រព័ន្ធបើកគណនីជួញដូរ តាមអនឡាញ និងការធ្វើទំនើបកម្មនូវ បណ្ណាល័យព័ត៌មានរួម Phsarhun APP ជំនាន់ទី២ ដែលផ្តល់ភាពងាយស្រួល កាន់តែខ្លាំង ដល់វិនិយោគិន ក្នុងការស្វែងយល់ពីផ្សារហ៊ុន។ ផ្សារមូលបត្រកម្ពុជា ក៏នឹងបន្តខិតខំបន្ថែមទៀត ក្នុងការធ្វើទំនើបកម្មប្រព័ន្ធនានា ដើម្បីសម្រួលដល់វិនិយោគិន ក្នុងការវិនិយោគ។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃនិយ័តករមូលបត្រ កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ការរៀបចំពិព័រណ៍ ជាយុទ្ធនាការផ្សព្វផ្សាយបែបនេះ ក្នុងគោលបំណងលើកស្ទួយ ការរីកចម្រើននៃទីផ្សារមូលធននៅកម្ពុជា។

លោកបានបន្តថាៈ ទីផ្សារមូលបត្រនៅកម្ពុជា កំពុងតែស្ថិតនៅក្នុងបរិបថ នៃការរីកចម្រើន ដ៏ឆាប់រហ័ស ទាំងផ្នែកគតិយុត្តិ រចនាសម្ព័ន្ធទីផ្សារ ក្រុមហ៊ុនបោះផ្សាយ ក៏ដូចជាចំនួន វិនិយោគិនជាតិ និងអន្តរជាតិ។ ដូចនេះ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នា ខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍទីផ្សារ ឱ្យត្រូវជាមួយនឹងសន្ទុះនៃតម្រូវការទីផ្សារ។

នៅក្នុងអង្គពិធីខាងលើនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថាៈ កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជានេះ ជាគំនិតផ្តួចផ្តើមដ៏ល្អ របស់ផ្សារមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការសិក្សាស្វែងយល់ អំពីកាលានុវត្តភាពនៃ ការវិនិយោគ ក្នុងផ្សារភាគហ៊ុនកម្ពុជា ពីសំណាក់សាធារណជន។ ទន្ទឹមនេះ ការពង្រឹង តម្លាភាព ទំនុកចិត្ត និងភាពឤចប៉ាន់ប្រមាណបាន ជាកត្តាចាំបាច់ ដើម្បីអនុញ្ញាតឱ្យទីផ្សារ មូលបត្រកម្ពុជា ធ្វើដំណើរទៅមុខ និងអភិវឌ្ឍប្រកបដោយនិរន្តភាព។

លោកបានបន្ថែមថាៈ ជាមួយនឹងការរីកចម្រើន នៃផ្សារមូលបត្រកម្ពុជា ដែលមានវឌ្ឍនភាព គួរឱ្យកត់សម្គាល់កន្លងមកនេះ ដូចជាការបង្កើតឡើងនូវ កម្មវិធីទូរសព្ទដៃ សម្រាប់ធ្វើ ការជួញដូរ CSX Trade App, ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ, ទំនើបកម្ម កម្មវិធីទូរសព្ទ សម្រាប់រៀនសូត្រ Phsarhun App, ការបន្តជំរុញក្រុមហ៊ុនសក្តានុពល ឱ្យមកចុះបញ្ជីក្នុងផ្សារមូលបត្រ, ការសិក្សាអំពីលទ្ធភាព ក្នុងការបង្កើតផលិតផលវិនិយោគ ផ្សេងៗ និងការបង្កើតយន្តការនានា ដើម្បីសម្រួលដល់ការជួញដូរ ដូចជាការជួញដូរ ដោយមិនមានប្រាក់តម្កល់ ១០០% នឹងធ្វើឱ្យទីផ្សាររបស់យើង កាន់តែសកម្ម។ ដូចនេះ ក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា ខ្ញុំសូមគាំទ្រចំពោះសកម្មភាពផ្សព្វផ្សាយបែបនេះ ក៏ដូចជាស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគ្នាបន្ថែមទៀត ក្នុងការទាក់ទាញវិនិយោគិន សម្រួលការជួញដូរ ផ្តល់សេវាកម្ម កាន់តែល្អដល់វិនិយោគិន និងទាក់ទាញក្រុមហ៊ុនបោះផ្សាយបន្ថែមទៀត។

សូមបញ្ជាក់ថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា លើកទី៥ ត្រូវបានរៀបចំឡើងចំនួន ៣ថ្ងៃ គឺថ្ងៃទី២១ , ២២ និង ២៣ ខែតុលា ឆ្នាំ ២០២២ ក្នុងគោលបំណងសំខាន់ៗ ដូចជា៖ បន្តផ្សព្វផ្សាយ និងបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ឱ្យបន្តជឿជាក់មកលើ ទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី, សម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបើកគណនីជួញដូរ តាមអនឡាញ និងសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ នូវកញ្ចប់ប្រូម៉ូសិនពិសេសសម្រាប់វិនិយោគិនថ្មី និងជំរុញការបើកគណនី ជួញដូរ ដោយផ្តល់ជូនសាធារណជន នូវការផ្តល់ជូនលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរ ដោយឥតគិតថ្ងៃ និងការបញ្ជុះកម្រៃជើងសារ ៥០ ភាគរយ រហូតដល់ចុងឆ្នាំ៕ V / N