ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ត្រីជំនាញបសុព្យបាល មន្ត្រីអាជ្ញាធរដែនដី និងកសិករ បាននិយាយថាៈ ក្នុងអំឡុងពេល និងក្រោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ កន្លងមក សត្វគោក្របី មានស្ថានភាពសុខភាពល្អ គ្មានជំងឺឆ្លងទេ ដោយសារបានចាក់ វ៉ាក់សាំង បង្កាការពារមុន។

ក្រុមមន្ត្រី និងកសិករ បានលើកឡើងបែបនេះ នៅពេលលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអញ្ជើញចូលរួម ក្នុងកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺឆ្លង និងបានចុះតាមដាន ស្ថានភាពសុខភាព ក៏ដូចជា ជំរុញផលិតកម្មសត្វ នៅឃុំឈ្នួរមានជ័យ និងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះ។

ក្នុងកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺឆ្លងនោះ មានសត្វគោ ក្របី ៣០០ ក្បាល ចាក់នៅនឹងកន្លែង , ឯជាង ៧០០ ក្បាលទៀត ចាក់នៅតាមក្រោល និងរោង តាមផ្ទះរបស់ ប្រជាពលរដ្ឋ ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: នៅក្នុងខេត្តនេះ សកម្មភាពចិញ្ចឹមសត្វគោ ក្របី បែបផលិតកម្ម ជាលក្ខណៈគ្រួសារ និងលក្ខណៈកសិដ្ឋាន បានកាន់តែផុលផុស កើនឡើងនិងរីកចម្រើន។
ក្នុងនោះ ក្រោមកិច្ចជ្រោមជ្រែង ពីមន្ត្រីជំនាញផលិតកម្ម និងបសុព្យបាលខេត្ត ស្រុក ក្រុង និងភ្នាក់ងារពេទ្យសត្វភូមិ កសិករ ម្ចាស់សត្វ កាន់តែយល់ដឹង ក្នុងចិញ្ចឹមសត្វដែល បញ្ចៀសជំងឺ និងបង្កើនផល ដើម្បីរកចំណូលបង្កើនជីវភាព។

ចំណែកលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ យោងតាមទិន្ន័យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គឺមន្ត្រីការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះជំរុញការងារផលិតកម្ម សត្វគោ ក្របី ជ្រូក បក្សី គិតត្រឹម៩ខែ នៃឆ្នាំ២០២២ នេះ បានកើនឡើង ១,៦% ក្នុងនោះ ការចិញ្ចឹមគោ ១១៦.៧៧៦ ក្បាល ក្របី ១៣.៣៩៧ ក្បាល ជ្រូក ៤៤.១៥៤ ក្បាល និងបក្សី ១.៥១៩.៦៤៩ ក្បាល ។ គេអាចសន្និដ្ឋានថា ការចិញ្ចឹមគោ និងជ្រូក មានការកើនឡើង។
ពិសេស ការជំរុញការកែលម្អពូជគោ ក្នុងខេត្ត ៩ខែមកនេះ បាន ៩៦ ក្បាល ។ ឯការចុះ ចាក់វ៉ាក់សាំងការពារជំងឺឆ្លង ក្នុងរយ:ពេលនេះដែរ គឺជំងឺសារទឹកគោ បាន ៥៤.២៦១ ក្បាល ក្របី ១៣.៤៣៤ ក្បាល ។ ចាក់វ៉ាក់សាំងអុតក្តាមគោ បាន ១៧.២០៧ក្បាល និងវ៉ាក់សាំងការពារជំងឺដុំពក លើស្បែកគោ បាន ៥.៩៩៥ ក្បាល វ៉ាក់សាំងការពារជំងឺ ឆ្កែឆ្កួត បាន ២៥០ ក្បាល ។

លោក ឃ្លោក នួយ បានបន្តថាៈ ក្នុងនិងក្រោយពេលស្ថានភាពទឹកជំនន់ ដែលបានលិចគ្រប់ ស្រុក បាននាំឱ្យរដ្ឋបាលខេត្ត និងគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ បានយកចិត្តទុកដាក់ខ្លាំង លើសុវត្ថិភាព សុខភាព និងជីវភាពពលរដ្ឋ ។

ចំពោះនៅ ៥ ស្រុក មានព្រះនេត្រព្រះ មង្គលបូរី អូរជ្រៅ ភ្នំស្រុក និងក្រុងសិរីសោភ័ណ ដែលបានបង្កប៉ះពាល់ ដល់ទីជម្រកសត្វ និងចំណីសត្វនោះ កសិករម្ចាស់សត្វ និងមន្ត្រី ជំនាញផលិតកម្ម និងបសុព្យាបាល ភ្នាក់ងារពេទ្យសត្វភូមិ និងអាជ្ញាធរ បានយកចិត្តទុក ដាក់ខ្លាំង លើសុខភាព និងផលិតកម្មសត្វ ហើយបានសម្រុកចាក់ វ៉ាក់សាំងដូចខាងលើ ទើបធានាបានថា សុខភាពល្អ និងគ្មានជំងឺឆ្លងទេ សម្រាប់សត្វគោក្របី ក្នុងអំឡុងមុន ពេលកំពុង និងក្រោយទឹកជំនន់ កន្លងមកនេះ ។

នាឱកាសនោះ លោក តាន់ ផាន់ណារ៉ា បានមានប្រសាសន៍ កោតសេសើរដល់ អាជ្ញាធរដែនដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងកសិករ ដែលបានតាមដាន សុខភាពសត្វ និងបន្តជំរុញផលិតកម្មសត្វ ទោះក្នុងអំឡុងរងគ្រោះ និងក្រោយពេល ទឹកជំនន់។ ជាពិសេស ក្រោមការផ្តល់ការចាក់វ៉ាក់សាំង ស្រោចលើសត្វគោក្របី ដែលផ្តល់ពី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងរបស់មន្ទីរ​បានធ្វើឱ្យ សុខភាពសត្វល្អ ហើយបញ្ចៀសបានជំងឺឆ្លង។ នេះបញ្ជាក់ថា វាបានជួយលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ និងមូលដ្ឋានរបស់ប្រជាពលរដ្ឋយើង ។

លោក តាន់ ផាន់ណារ៉ា បានជំរុញការងារនេះបន្ត ហើយក៏គាំទ្រដល់ការបង្កើនការដាំដុះ ស្មៅចំណីសត្វ ដើម្បីធានាឱ្យសត្វ មានអាហារបម្រុងគ្រប់គ្រាន់ គ្រប់កាលៈទេសៈ ។

តមក លោក និងក្រុមមន្ត្រី បានចុះពិនិត្យ ស្ថានភាពសុខភាពសត្វ និងផលិតកម្មសត្វ ឃុំឈ្នួរមានជ័យ និងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ដែលមានការចិញ្ចឹមសត្វគោក្របីច្រើន ហើយជាទីរងគ្រោះខ្លាំង ដោយទឹកជំនន់ កន្លងមក ៕ V / N

រូបថត ( លោកតាន់ ផាន់ណារ៉ា លោកឃ្លោក នួយ លោកប៉ាង វណ្ណាសេដ្ឋ លោកហ៊ុយ ទូច លោកហែម សារិន ក្នុងកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លង នៅឃុំឈ្នួរមានជ័យ ឃុំទឹកជោរស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ) (រូប :ភ្នំស្វាយ )