ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញៈ សមត្ថកិច្ចខេត្តពោធិសាត់ បានបំបែកសំណុំរឿង ក្រុមជនជាតិ ចិន ប្លន់យកលុយជនជាតិចិន គ្នាឯងជាង ៩ ម៉ឺនដុល្លារ និងបាញ់យកលុយតាមទូរស័ព្ទជិត ២០ ម៉ឺនដុល្លារ ដោយបានឃាត់ខ្លួនមនុស្ស ចំនួន ៣ នាក់ បន្ទាប់ពីពួកគេ បានព្យាយាម រត់គេចខ្លួន ត្រឡប់ទៅប្រទេសចិនវិញ។ ករណីនេះ បានកើតឡើង នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាល ខេត្តពោធិសាត់ ទទួលផែនយុត្តិធម៌ បានបញ្ជាក់ប្រាប់រស្មីកម្ពុជា ឲ្យដឹងនៅថ្ងៃទី២១ ខែតុលា នេះថាៈ ដោយមានការចង្អុល ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិសាត់ បានបញ្ជា ឱ្យលោកដឹកនាំកម្លាំង ចុះអនុវត្តតាមប្រមាញ់ និងបានឃាត់ខ្លួនជនសង្ស័យ ជាបុរសជន ជាតិចិន ចំនួន ៤នាក់ មានដូចជាៈ ១. ឈ្មោះ WU BO អាយុ ៣៣ឆ្នាំ, ២. ឈ្មោះ JIANG JUNCAI អាយុ ២៤ឆ្នាំ, ៣. ឈ្មោះ JIANG CHEGCAI អាយុ ២៥ឆ្នាំ និង ៤.ឈ្មោះ CHEANG ។ ជនសង្ស័យឈ្មោះ CHEANG នេះ បានបើករថយន្ត ម៉ាក RANG ROVER ពាក់ស្លាកលេខ ភ្នំពេញ ២AX-៩៤៤៩ រត់គេចខ្លួនសមត្ថកិច្ច កំពុងតាមស្វែងរកចាប់ខ្លួន។

ចំណែកជនរងគ្រោះ ឈ្មោះ XIAO LI ភេទប្រុស អាយុ ៣៣ ឆ្នាំ ជាជនជាតិចិន បានបំភ្លឺថាៈ ជនសង្ស័យទាំងបួននាក់ បានក្រៀកខ្លួនទាញឡើងលើរថយន្ត ដឹកចេញពី ក្នុងក្រុមហ៊ុន ដោយបានយកកាំបិតចុងស្រួច ភ្ជង់ ក របស់ខ្លួន និងបានសួរលេខកូដទូដែក និងដកយកទូរសព្ទ ចំនួន ២ គ្រឿង ហើយចងជនចងខ្លួន នៅក្នុងព្រៃ។ ហើយពួកគេ បាននាំគ្នាគេចខ្លួនបាត់អស់ ពីកន្លែងកើតហេតុ៕ V / N