ដោយៈ វ៉ៃកូ / ស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្តនៅរសៀរថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានបន្តដឹកនាំ កម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងល្បែងសុីសង ចំនួន ៣ ទីតាំង ស្ថិតក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

អញ្ជើញចូលរួមនៅក្នុងកិច្ចប្រតិបត្តិការនេះដែរ រួមមាន លោក វណ្ណ សុមុន្នី, លោក រ៉េត រក្សា អភិបាលរងក្រុងបាវិត តំណាងលោក លឹម សៀងហេង អភិបាលក្រុង ព្រមទាំងកងកម្លាំង ប្រដាប់អាវុធទាំងបី លោកស្រី ចៅសង្កាត់រង នៃសង្កាត់ព្រៃអង្គុញ ។

ការចុះត្រួតពិនិត្យនោះ​គឺ -ទីតាំងទី១ នៅផ្ទះលោក ប្លង់ សាលី -ទីតាំងទី២ នៅផ្ទះលោក កែវ សុខា ទាំងពីរទីតាំងនេះ ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ និង-ទីតាំងទី៣ គឺឈ្មោះ ប្រាក់ យ៉េន ស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ។ ក្រោយត្រួតពិនិត្យឃើញថា គ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារ ក៏បានណែនាំបន្ថែម ដល់ម្ចាស់ទីតាំង ទាំងបីកន្លែង កុំឱ្យមានលួចលាក់ បើកឡើងវិញ ព្រោះវាជាល្បែងដែលខុសច្បាប់ ប្រសិនបើ នៅបើកទីតាំង ឱ្យលេងល្បែងទៀត ក្រុមការងារ នឹងធ្វើទៅតាមច្បាប់។

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិត និង កងកម្លាំង ត្រូវចូលរួមបង្កើនកិច្ចសហការ ក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញ និងបំផុលចលនា ឱ្យមានការចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុត៕ V / N