ដោយ: ពៅនិមល / ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថាៈ ទំហំពាណិជ្ជកម្មកម្ពុជា គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២២នេះ សម្រេចបានចំនួន ប្រមាណ ៤១.០២៣ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨ ភាគរយ បើប្រៀបធៀប រយៈពេលដូចគ្នា ទៅនឹងឆ្នាំ២០២១ កន្លងទៅ។

នៅក្រោយជំនួបការងារ រវាងលោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី YUKI KOBAYASHO អ្នកសម្របសម្រួលកម្មវិធីរបស់ អង្គការអន្តរជាតិខាងការងារ (ILO-TOKYO) និងលោក SUSUMU TANAKA សេដ្ឋវិទូជាន់ខ្ពស់របស់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ព្រមទាំងសហការី ក្នុងកិច្ចសហប្រតិបត្តិការ លើគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia-BFC) ក្រសួងពាណិជ្ជកម្ម នៅរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះ បានឲ្យដឹង ក្នុងបណ្តាញសង្គមថាៈ ការសម្រេចបាននូវ ទំហំពាណិជ្ជកម្ម ខាងលើនេះ ក្នុងនោះ ការនាំចេញមានចំនួន ១៧.២៥៨ លានដុល្លារអាម៉េរិក កើនឡើង ២២ ភាគរយ និងការនាំចូល ២៣.៧៦៤ លានដុល្លារអាម៉េរិក កើនឡើង ១៥ ភាគរយ។

ប្រភពដដែល បានឲ្យដឹងទៀតថាៈ មុខទំនិញសំខាន់ៗ ក្នុងការនាំចេញ រួមមានៈ សម្លៀកបំពាក់ ៧.១៧៥ លានដុល្លារអាម៉េរិក កើនឡើង ២៣ ភាគរយ, សម្ភារៈធ្វើដំណើរនិងកាបូប ១.៤១០ លានដុល្លារអាម៉េរិក កើនឡើង ៣៥ ភាគរយ, ស្បែកជើង ១.៣២៥ លានដុល្លារអាម៉េរិក កើនឡើង ៣៣ ភាគរយ, ម៉ាស៊ីនបរិធាននិងសម្ភារៈអគ្គិសនី ១.២៨០លានដុល្លារអាម៉េរិក កើនឡើង ៦៩ ភាគរយ, គ្រឿងសង្ហារឹមនិងបរិធានបំភ្លឺ ៨២៧ លានដុល្លារអាម៉េរិក កើនឡើង ១៥ ភាគរយ និងកង់ ៧០០ លានដុល្លារអាម៉េរិក កើនឡើង ៤៨ ភាគរយ ។ល។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ តាមរយៈជំនួបខាងលើនេះ ភាគីទាំងពីរ បានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការ រវាងក្រសួងពាណិជ្ជកម្ម ILO-Tokyo office និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងការកែលម្អលក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពអង្គការវិជ្ជាជីវៈ និងជំរុញការប្រកួត ប្រជែងលើ វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូប និងវិស័យផ្សេងៗទៀត បង្កើននូវការបញ្ជាទិញពីកម្ពុជា និងធានាថា ទំនិញដែលទិញពី កម្ពុជា ជាទំនិញដែលមានប្រភពស្អាតស្អំ ដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។ បន្ថែមលើនេះ កម្ពុជានឹងសិក្សាដាក់បញ្ចូលនូវ វិស័យផលិតផលិតផលស្បែកជើង គ្រឿងអេឡិចត្រូនិក និងវិស័យដែលមានសក្តានុពល ក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា (BFC) ដើម្បីជាយន្តការក្នុងការជំរុញ ឱ្យមានការបញ្ជារទិញទំនិញ ពីកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត៕ V / N

រូបភាព៖ ឯកសារ