ដោយ៖តារារិទ្ធ(សៀមរាប)៖នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តអញ្ជើញជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣,២០០ គ្រួសារបន្ថែមទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរនិងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។

តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីតំបន់អង្គរ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍ រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់់ប្រជាពលរដ្ឋ ។

សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតអប្សរាចំនួន៣លើករួចមកហើយនៅតំបន់អភិវឌ្ឍន៍រុនតាឯក ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,១១៧ គ្រួសារ។ លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលាដោយ មានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៧៥១គ្រួសារ និងលើកទី៣ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ដោយមានប្រជាពលរដ្ឋប្រមាណ ១,៨៩៥ គ្រួសារ។

របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឱ្យដឹងថាគិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ប្រតិបត្តិការរក្សារមណីយដ្ឋានអង្គរជាសម្បត្តិមនុស្សជាតិ លើពិភពលោកសម្រេចបានការវាស់វែងនិងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅ ១១៤ភូមិ, ២៤ ឃុំ/សង្កាត់ និង ៥ក្រុង/ស្រុក ក្នុងភូមិសាស្រ្ដខេត្តសៀមរាប សរុបចំនួន ៩៧,៩១៣ក្បាលដី ទំហំ ២៩,១១០ ហិកតា។ ក្នុងនោះដីលំនៅឋានចំនួន ៥២,០២១ក្បាលដី ទំហំ ៨,៤២៣ ហិកតា, ក្បាលដីមានសំណង់ចំនួន ៣៩,៣៤៧ក្បាលដី ទំហំ ៦,៣៨៣ ហិកតានិងក្បាលដីគ្មានសំណង់ ១២,៦៧៤ក្បាល ដី ទំហំ ២,០៤០ហិកតា។ ដីកសិកម្មចំនួន ៤១,១២៥ក្បាលដី ទំហំ ១៨,៧៩៦ហិកតា និងក្បាលដីគ្មាន ទិន្នន័យចំនួន ៤,៧៦៧ក្បាលដី ទំហំ ១,៨៩១ហិកតា។

ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាបានទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន៩,៣២៣គ្រួសារក្នុងនោះ ៥, ៨២៣គ្រួសារទៅទីតាំងអភិវឌ្ឍន៍រុនតាឯកនិង ៣,២០០គ្រួសារទៅទីតាំង អភិវឌ្ឍន៍ពាក់ស្នែង។

សម្រាប់ប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងក៏ទទួលបានគោលនយោបាយឧបត្ថម្ភនានាដូចនឹងប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍនរុនតា ឯកផងដែរ។គោលនយោបាយនោះរួមមានដូចជាការទទួលបានដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ, ទទួលបានបណ្ណក្រីក្រកម្រិត ១ អត្រាឧបត្ថម្ភបែបទីប្រជុំ ជនរយៈពេល ១០ឆ្នាំ,ទទួលបានបណ្ណសមធម៌ សម្រាប់ស្ត្រីចាប់ពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំជាដើម,ផ្តល់អំណោយជាស្បៀងអាហារសម្ភារៈប្រើប្រាស់និងថវិកា១លាន៤០ម៉ឺនរៀលព្រមទាំងសង្កសីចំនួន៣០សន្លឹក សម្រាប់ធ្វើផ្ទះ និង ផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទាំងនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងនិងតំបន់អភិវឌ្ឍន៍រុនតាឯកផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីធ្លាប់មានប្រសាសន៍ថា៖ប្រសិនបើមិនមានការចាំបាច់សម្រាប់​ប្រទេសជាតិតើចាំបាច់ទៅឈឺក្បាលធ្វើអ្វី​ព្រោះប្រជាពលរដ្ឋបានទៅរស់នៅទីនោះទៅហើយ។ ប៉ុន្ដែ«តំបន់រមណីយ​ដ្ឋានប្រាសាទអង្គររបស់យើងត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក»។ សម្តេចបន្តថា លក្ខខណ្ឌសម្បត្ដិវប្បធម៌មនុស្សជាតិធ្វើអោយទទួលបានការគាំទ្រ​ ទាំងហិរញ្ញវត្ថុទាំងបច្ចេកទេសដើម្បីជួលជុលថែទាំនិងអភិរក្សប្រាង្គប្រាសាទ​នានាដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកប៉ុន្ដែបញ្ហាស្ថិតនៅត្រង់ថាដើម្បីបានចូលនៅក្នុង បេតិកភណ្ឌពិភពលោកយើងត្រូវទទួលយកលក្ខខណ្ឌទាំង​ឡាយ​ដែលអង្គការ យូណេស្កូតម្រូវ ។ ចំណុចនេះយើងត្រូវដោះស្រាយត្រូវគោរពលក្ខខណ្ឌ ។ បើយើងមិនដោះស្រាយ​ទេ​ នៅ ពេលក្រោយនេះអង្គរវត្ដរបស់យើងនឹងត្រូវដកចេញពីសម្បត្ដិបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្ដិរបស់វា ។ មនុស្សទៅតាំងទីលំនៅខុសច្បាប់ឬកន្លែងដែលពាក់ ព័ន្ធហេដ្ឋារចនាសម្ព័ន្ធចំាបាច់ធ្វើអោយយើងមិនអាចតម្រូវទៅនឹងលក្ខខណ្ឌបច្ចេកទេស ។ សូម្បីប្រាសាទព្រះវិហារ​យើងត្រូវយកភូមិមួយដែលមានជិត ២ ពាន់ គ្រួសារចេញពីតំបន់ ស្វាយជ្រុំដែលជាប់នឹង​ប្រាសាទព្រះវិហារព្រោះវាពាក់ព័ន្ធនឹងបារាយណ៍នៅខាងក្រោម ។ ចំណុចនេះ(បើមិនបានដោះស្រាយទេ)យើងខាតបង់​ទាំងអស់គ្នា ។ កម្ពុជាបាត់បង់លក្ខណៈ សម្បត្ដិជាបេតិកភណ្ឌពិភពលោក(ហើយអាចនឹងប្រឈមការ)ដែលត្រូវបណ្ដេញចេញ ៕