ដោយៈមុនីរ័ត្ន/ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ថា គ.ជ.បបានផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានចំនួនជាង ៨,៥លានសន្លឹក។ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១គឺបានបញ្ចប់ហើយ កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២២។ លិខិតអញ្ជើញដែលនៅសល់ត្រូវរក្សាទុកនៅសាលាឃុំ សង្កាត់ ដើម្បីផ្ដល់បន្តរហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប(រូបថតៈ AMS)

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២១ខែតុលា នេះថា ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២០ខែកញ្ញារហូតដល់ថ្ងៃទី១៩ខែតុលា។រយៈពេល៣០ថ្ងៃនេះគ.ជ.បបានចែកបណ្ណព័ត៌មានជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ បានចំនួនរហូតដល់ទៅ ៨.៥២២.៦៨៩នាក់ ស្មើនឹង ៩២.៥៨ភាគរយ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ចំនួន ៩.២០៥.៦៨១នាក់។

អគ្គលេខាធិការរង គ.ជ.ប រូបនេះបានបញ្ជាក់ថា លិខិតអញ្ជើញដែលនៅសល់ គ.ជ.បរក្សាទុកនៅក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីបន្តចែកជូនទៅប្រជាពលរដ្ឋដែលមិនទាន់ទទួលបានលិខិតអញ្ជើញនិងបន្តចែករហូតដល់បញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ។

ផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១គ.ជ.បបានផលិតលិខិតអញ្ជើញជាង៩,២លានសន្លឹកដើម្បីចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ ការចែកនេះ បានចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

គ.ជ.ប បានឱ្យដឹងថា យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស បានចាប់ផ្ដើមហើយ នៅថ្ងៃទី២០ ខែកញ្ញានេះ។ ការចែកលិខិតអញ្ជើញនេះមានរយៈពេល ៣០ថ្ងៃគឺចាប់ពីថ្ងៃទី២០ខែកញ្ញារហូតដល់ថ្ងៃទី១៩ខែតុលាឆ្នាំ២០២២ហើយប្រសិនបើមានលិខិតអញ្ជើញនៅសល់ត្រូវរក្សាទុកនៅសាលាឃុំសង្កាត់ដើម្បីផ្ដល់បន្តរហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

គ.ជ.បបានបញ្ជាក់ថាគោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះគឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) កន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាម អ.ខ ដែលមានសុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២
– ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ហើយដែលបានប្រើ អ.ខ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។ ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវតាម អ.ខ ដែលមានសុពលភាព អាចស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

គួរបញ្ជាក់ថា បើទោះបីជាអ្នកបោះឆ្នោតមិនបានទទួលលិខិតអញ្ជើញដោយមូលហេតុណាមួយ ឬអ្នកបោះឆ្នោតដែលទទួលបានលិខិតអញ្ជើញហើយប៉ុន្តែខកខានមិនបានមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមការអញ្ជើញក៏ឈ្មោះរបស់ពួកគាត់ នៅរក្សាដដែលក្នុងបញ្ជីបោះឆ្នោត៕សរន

គ.ជ.បបានផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានចំនួនជាង ៨,៥លានសន្លឹក(រូបថតៈគ.ជ.ប)