​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​ហង្ស​ក្រហម Liverpool កំពុង​បង្កើន​សន្ទុះ​ឈ្នះ​ជា​បន្តបន្ទាប់ ពោលគឺ​យកឈ្នះ ១-០ លើ​ក្រុម​ការពារ​តំណែង​ជើងឯក Man City កាលពី​សប្តាហ៍​មុន និង​យកឈ្នះ​ក្នុង​លទ្ធផល​ដដែល​លើ West Ham កាលពី​ថ្ងៃ​អង្គារ ហើយ​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​ពួកគេ​ពិតជា​អាចមាន​លទ្ធភាព​យក​ឈ្នះ​ក្រុម​គីឡូ​ថ្មី​ឈរ​បាត​តារាង Nottingham​។

Man City ក៏​ដូចគ្នា​ដែរ ពួក​គេ​រំពឹង​ឈ្នះ​លើ​ក្រុម Brighton ដែល​កំពុង​បង្ហាញ​ការធ្លាក់​ចុះ​ទម្រង់​លេង​។ ដោយឡែក នៅ​យប់​ជ្រៅ​ថ្ងៃ​សៅរ៍​ដដែល​នេះ​ក៏​មាន​គូ​ធំ​ជក់ចិត្ត​មួយទៀត​ផងដែរ គឺ​រវាង Chelsea និង Man U ដែល​កំពុង​មាន​ពិន្ទុ​ប្រដម​ប្រស​ង​គ្នា​ក្នុង EPL​។​

​ការព្យាករណ៍ ៖

– Nottingham Forest vs Liverpool

* Liverpool បានឈ្នះ​ការប្រកួត​ចំនួន ៣ លើក​ចុងក្រោយ​របស់​ពួកគេ​ក្នុង​ការប្រកួត​ទាំងអស់​។​
* ហង្ស​ក្រហម​បាន​រក្សា Clean Sheet ក្នុង​ការប្រកួត​លី​ក ២ ចុងក្រោយ​របស់​ពួកគេ​។​
* Forest រក​បាន​តែ​មួយ​គ្រាប់​គត់​ក្នុង​ការប្រកួតបួនលើ​កចុង​ក្រោយ​របស់​ពួកគេ​។​
* Darwin Nunez រកបាន ៣ គ្រាប់​ក្នុង ៤ ប្រកួត​ចុង​ក្រោយ​រប​គេ​។​

​ហង្ស​ក្រហម Liverpool ធ្វើដំណើរ​ទៅកាន់​ទឹកដី Nottingham Forest ដើម្បី​ស្វែងរក​ជ័យជម្នះ​ជា​លើក​ទី​បី​ជាប់ៗ​គ្នា ហើយ​ពួកគេ​គឺជា​ក្រុម​រំពឹង​ឈ្នះ​ខ្លាំង​បំផុត​នៅ​កីឡដ្ឋាន City Ground នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​។​

​ក្រុម​នៅ​ទឹកដី Anfield នេះ​បាន​រុញ​ខ្លួនឯង​ឱ្យ​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី ៧ នៃ​តារាង​ចំណាត់ថ្នាក់ បន្ទាប់​ពី​ឈ្នះ ១-០ ផ្ទួនៗ​លើ​ក្រុម Manchester City និង West Ham ហើយ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម Forest ដែល​ចង់​បញ្ចប់​ការមិន​ឈ្នះ​ប្រាំបី​ប្រកួត​ជាប់ៗ​គ្នា​។​

Liverpool រកបាន Clean Sheet តែ​ពីរ​លើក​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​បើកឆាក Premier League ៨​លើ​ក​របស់​ពួកគេ ប៉ុន្តែ​បាន​បង្ហាញ​ភាពរឹងមាំ​ជា​ង​មុន​បន្តិច​នៅក្នុង​សប្តាហ៍​មុន ដោយ​ក្លាយជា​ក្រុម​អង់គ្លេស​ដំបូង​គេ​ដែល​ទប់​មិន​ឱ្យ Man City ស៊ុត​បញ្ចូល​ទី ហើយ​បន្ទាប់មក​អាច​បិទ​សូន្យ​ទល់នឹង West Ham បន្តទៀត​។​

Forest ជួប​ការលំបាក​ក្នុងការ​វាយ​សម្រុក ហើយរ​ក​បាន​តែ​១​គ្រាប់​គត់​ក្នុង​ការប្រកួត​៤​លើក​ចុងក្រោយ​របស់​ពួកគេ​។ ក្រុម​ម្ចាស់ផ្ទះ​បាន​ចាញ់ ៧ ដង​ក្នុង ១១ ប្រកួត​មកទល់ពេលនេះ ហើយ​ពួកគេ​បាន​ខកខាន​ស៊ុត​បញ្ចូល​ទី​នៅ​៥​ប្រកួត​ក្នុងចំណោម​នោះ ខណៈ​ពួកគេ​ស៊ុត​បញ្ចូល​ទី​បានត្រឹមតែ ៧ គ្រាប់​ប៉ុណ្ណោះ​នៅក្នុង​ការប្រកួត Premier League ទាំងមូល​។​

​ដោយ​គិត​លើ​រឿង​ទាំងអស់នេះ ការ​ឈ្នះ​២-០ ជា​លទ្ធផល​ព្យាករណ៍​ទំនង​បំផុត​សម្រាប់​ហង្ស​ក្រហម​។​

– Man City vs Brighton

* City បានឈ្នះ​ការប្រកួត​ក្នុងផ្ទះ​ទាំង​៧​លើ​ក​របស់​ពួកគេ​ក្នុង​ការប្រកួត​គ្រប់​ក្រប​ខណ្ឌ​ទាំង​អស់​។​
* Man City បាន​ឈ្នះ​នៅ​ពាក់កណ្តាល​តង់​ក្នុងចំណោម ៥ ប្រកួត​ទាំងនោះ​។​
* Brighton ខាន​ស៊ុត​បញ្ចូល​ទី​នៅ ៣ ប្រកួត​ចុងក្រោយ​។​
* Erling Haaland រកបាន ១៥ គ្រាប់​ក្នុង ១០ ប្រកួត​នៅ Premier League ។​

​ក្រុម​មេឃ​ខៀវ Manchester City បាន​រង​បរាជ័យ​ជា​លើកដំបូង​ក្នុង​ក្របខណ្ឌ Premier League នៃ​រដូវ​កាល​នេះ​កាលពី​ចុង​សប្តាហ៍​មុន ហើយ​នឹង​សម្លឹង​រក​ជ័យជម្នះ​ឡើងវិញ​ទល់​នឹង​ក្រុម Brighton នៅ​កីឡដ្ឋាន Etihad នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​។​

Man City ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​សម្រាក​ពាក់កណ្តាល​សប្តាហ៍ បន្ទាប់​ពី​ការប្រកួត​របស់​ពួកគេ​ជា​មួយ Arsenal ត្រូវបាន​ពន្យារពេល​ដោយសារតែ​ការចូលរួម​របស់​ក្រុម​កាំភ្លើង​ធំ​ក្នុង Europa League ខណៈ Brighton ត្រូវបាន​ទប់​ស្មើ ០-០ នៅផ្ទះ​ខ្លួនឯង​ដោយ Nottingham Forest កាលពី​ថ្ងៃ​អង្គារ​។​

Brighton នៅតែ​កំពុង​ស្វែងរក​ការ​ឈ្នះ​លើកដំបូង​របស់​ពួកគេ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Roberto De Zerbi ហើយ​ការរង់ចាំ​នោះ​ហាក់​ត្រូវ​អូសបន្លាយ​ពេល​ហួស​ចុង​សប្តាហ៍​នេះ ពេល​ពួកគេ​ទៅ​ទឹកដី​របស់ City ដែល​ជា​ជើង​ខ្លាំង​ជាង​គេ​នៅ​អង់គ្លេស​។​

Man City មិន​បាន​ឈ្នះ​២​លើកចុងក្រោយ បន្ទាប់ពី​បាន​ត្រឹម​ស្មើ ០-០ នៅ​ប្រទេស​ដា​ណឺម៉ា​កទ​ល់​នឹង​ក្រុម Copenhagen កាលពី​សប្តាហ៍​មុន ដែល​មានន័យថា ពួកគេ​ក៏​ខកខាន​រក​គ្រាប់​បាល់​ក្នុង​ការប្រកួត​២​លើក​ចុងក្រោយ​របស់​ពួកគេ​ផងដែរ ប៉ុន្តែ​ពួកគេ​នៅតែ​មាន​កំណត់ត្រា​ល្អឥតខ្ចោះ​នៅក្នុង​ទឹកដី​ខ្លួន​ឯង​។​

​កូនក្រុម​របស់លោក Pep Guardiola បាន​ទទួល​ជ័យជម្នះ​ទាំង ៧ ដង​នៅ​ទឹកដី Manchester ភាគ​ខាងកើត ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៣៣ គ្រាប់​នៅ​ក្នុង​ដំណើរការ​នេះ​។ ពួកគេ​បាន​នាំមុខ​តង់​ទីមួយ ហើយ​បន្ត​ឈ្នះ​ក្នុង ៥ ប្រកួត​ចុងក្រោយ​នៅ​ទឹកដី​ខ្លួនឯង ដូច្នេះ​លទ្ធភាព​ឈ្នះ​បែបនេះ​ម្តងទៀត​ពិតជា​មាន​ខ្ពស់​សម្រាប់​ពួកគេ​។

​ក្រុម​រំពេរ​សមុទ្រ Brighton នឹង​ពិបាក​រក​ពិន្ទុ​ពី​ការប្រកួត​នេះ ហើយ​សូម្បី​តែ​មួយ​គ្រាប់​ក៏​ប្រហែល​ស៊ុត​មិនបាន​ផង ព្រោះ​ឥឡូវនេះ​ពួកគេ​បាន​ឆ្លងកាត់​៣​ប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី ប៉ុន្តែ​យ៉ាងហោចណាស់​ពួកគេ​ប្រហែល​អាច​បញ្ចៀស​បរាជ័យ​ធំ​បាន​។​

​លទ្ធផល​ព្យាករណ៍ Man City ឈ្នះ ២-០​។​

– Chelsea vs Manchester United

* Chelsea បាន​រក្សា Clean Sheet ៥ ដង​ជាប់ៗ​គ្នា ហើយ​របូត​គ្រាប់​បាល់​តែ ២ គ្រាប់​ប៉ុណ្ណោះ​ក្នុង ៧ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Manchester United បាន​រក្សា Clean Sheet ៣ លើ​ក​ជាប់ៗ​គ្នា​។​
* ក្រុម​ទាំង​ពីរ​ស៊ុត​ចូល​តិចជាង​៣​គ្រាប់​ក្នុង​ការប្រកួត​៣​លើក​ចុងក្រោយ​របស់​ពួកគេ​។​

​ការចាប់ផ្តើម​មិន​ស្គាល់​ចាញ់​របស់លោក Graham Potter នៅ​កីឡដ្ឋាន Stamford Bridge បាន​បន្ត​កាលពី​ពាក់កណ្តាល​សប្តាហ៍ ប៉ុន្តែ​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ​ពិតជា​ខកចិត្ត​ចំពោះ​កម្សោយ​របស់​ខ្សែប្រយុទ្ធ​ចេញពី​ថ្នាល​របស់​ក្លិប ដោយ​ធ្វើ​បាន​ត្រឹម​សូន្យ​ស្មើ​នៅ​ទឹកដី Brentford ជាហេតុ​ធ្វើឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ជាខ្លាំង​។​

​ខណៈ​ពួកគេ​ជួប​ការលំបាក​នៅ​តំបន់​ប្រយុទ្ធ ស្ថិរភាព​រឹងមាំ​របស់ Chelsea នៅ​តំបន់​ការពារ​អាច​ជា​គន្លឹះ នៅពេល​ដែល​រដូវ​កាល​នេះ​កាន់តែ​រំកិល​ទៅមុខ​។ ការ​ស្មើ​នៅ​ទឹកដី Brentford កាលពី​ពាក់កណ្តាល​សប្តាហ៍​បាន​ធ្វើឱ្យ​មាន Clean Sheet ចំនួន ៥ លើ​ក​ជាប់ៗ​គ្នា​សម្រាប់​ក្រុម​របស់​លោក Potter ហើយ​ពួកគេ​របូត​តែ​២​គ្រាប់​ប៉ុណ្ណោះ​ក្រោម​ការដឹកនាំ​៧​ប្រកួត​របស់​គាត់​មក​ទល់​ពេល​នេះ​។​

​ក្រុម​បិសាច​ក្រហម Manchester United ក៏​រកបាន Clean Sheet នៅ​ពាក់កណ្តាល​សប្តាហ៍​ផងដែរ ក្នុង​ការបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​ពួកគេ​ក្នុង​រដូវ​កាល​នេះ ខណៈ​ពួកគេ​បាន​គ្របដណ្តប់​លើ​ក្រុម​មាន់​ខ្នាយ​មាស Tottenham ដោយ​បាន​យក​ឈ្នះ​ពួកគេ ២-០ ដែលនាំឱ្យ​កូនក្រុម​របស់លោក Erik ten Hag ឆ្លងកាត់​៥​ប្រកួត​ចុងក្រោយ​មិន​ដែល​ចាញ់​។​

​បរាជ័យ​ចុងក្រោយ​របស់​ពួកគេ​គឺ ៦-៣ នៅ​កីឡដ្ឋាន Etihad ប៉ុន្តែ​សូម្បីតែ​មុន​ពេល​នោះ​ក៏​ពួកគេ​បាន​បង្ហាញ​សញ្ញា​ងើបឡើង​នៃ​ទម្រង់​លេង​ដែរ​។ នោះ​គឺជា​បរាជ័យ​តែមួយគត់​របស់​ពួកគេ​ក្នុង​ការប្រកួត Premier League ៨ លើកចុងក្រោយ ហើយ​ពួកគេ​បាន​ផ្តួល​ក្រុម​ខ្លាំងៗ​រួចមក​ហើយ​ដូចជា Arsenal, Liverpool និង Spurs ។​

​ដូច​ឃើញជាក់ស្តែង ក្រុម​របស់​លោក Hag បាន​ជួប​ការលំបាក​ខ្លះ​ដែរ​ក្នុងការ​បំបែក​ប្រព័ន្ធ​ការពារ​របស់​ក្រុម​មួយចំនួន រួម​ទាំង​ការ​ស្មើ​សូន្យ​ទល់​នឹង​ក្រុម Newcastle និង​ការទទួល​ជ័យជម្នះ ១-០ ទាំង​លំបាក​របស់​ពួក​គេ​លើ Omonia Nicosia ។ ដោយហេតុ​ថា​ទម្រង់​ការពារ​របស់ Chelsea កំពុង​រឹងមាំ ដូច្នេះ​គ្រាប់​បាល់​នៅ​ថ្ងៃ​សៅរ៍​នេះ​ច្បាស់​ជា​ខ្សត់​ខ្លាំងណាស់​។​

Chelsea និង Man U មាន Clean Sheet ចំនួន ៨ លើក​ក្នុង​ការប្រកួត​សរុប ១០ ចុងក្រោយ​របស់​ពួកគេ​នៅក្នុង​ការប្រកួត​ទាំងអស់ ហើយ​ក្រុម​ទាំងពីរ​បាន​ឃើញ​គ្រាប់​បាល់​តិចជាង ៣ គ្រាប់​ក្នុង​ការប្រកួត ៣ លើក​ចុងក្រោយ​របស់​ពួកគេ ដូច្នេះ​លទ្ធភាព​សូន្យ​ស្មើ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ក្រុម​ទាំង​ពីរ​នៅ​ថ្ងៃ​សៅរ៍​នេះ​៕

Chelsea និង Man U កំពុង​ការពារ​រឹង​ដូចគ្នា​នៅ​៥​ប្រកួត​ចុងក្រោយ