ដោយៈ​ តារា​រិ​ទ្ធ​/​សៀមរាប៖​ នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២២ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ ជា​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​៣.២០០ គ្រួសារ​បន្ថែមទៀត ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន​ចេញពី​រមណីយដ្ឋាន​អង្គរ និង​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ពាក់ ស្នែង​ស្ថិតនៅក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ។​

​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង​មាន​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​តំបន់​អង្គររាជ រដ្ឋាភិបាល​នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​មិន​ខុសពី​តំបន់​អភិវឌ្ឍន៍​រុន​តា ឯក​នោះឡើយ​ដើម្បី​គាំទ្រ​ដល់​ការ​រស់ នៅ​របស់់​ប្រជាពលរដ្ឋ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​សំ ណេះ​សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រើចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​និង​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​បី​លើក​រួចមកហើយ​នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​។ លើក​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ១.១១៧​គ្រួសារ​។ លើក​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែតុលា​ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ២.៧៥១ គ្រួសារ និង​លើក​ទី​៣ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែតុលា ដោយមាន​ប្រជាពលរដ្ឋ​ប្រមាណ ១.៨៩៥ គ្រួសារ​។​

​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បានឱ្យដឹងថា​គិត​ត្រឹម​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២២ ប្រតិបត្តិ​ការរក្សា​រម​ណី​យ​ដ្ឋា​ន​អង្គរ​ជា​សម្បត្តិ​មនុស្សជាតិ​លើ​ពិភពលោក​សម្រេច​បានកា​រ​វាស់វែង​និង​ស្រង់​ទិន្នន័យ​ក្បាលដី​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ស្ថិតនៅ ១១៤​ភូមិ​, ២៤ ឃុំ​/​សង្កាត់ និង ៥​ក្រុង​/​ស្រុក ក្នុងភូមិ​សាស្ដ្រ​ខេត្ត សៀមរាប​សរុប​ចំនួន​៩៧.៩១៣​ក្បាល ដី ទំហំ ២៩.១១០ ហិកតា​។ ក្នុងនោះ​ដី​លំនៅឋាន​ចំនួន ៥២.០២១​ក្បាលដី ទំហំ ៨.៤២៣ ហិកតា​, ក្បាលដី​មាន​សំណង់​ចំនួន ៣៩.៣៤៧​ក្បាលដី ទំហំ ៦.៣៨៣ ហិកតា​និង​ក្បាលដី​គ្មាន​សំណង់ ១២.៦៧៤​ក្បាលដី ទំហំ ២.០៤០​ហិកតា​។ ដី​កសិកម្ម​ចំនួន ៤១.១២៥​ក្បាលដី​ទំហំ ១៨.៧៩៦​ហិកតា និង​ក្បាលដី​គ្មាន ទិន្នន័យ​ចំនួន ៤.៧៦៧​ក្បាលដី ទំហំ​១.៨៩១​ហិកតា​។​

​ជាមួយគ្នា​នោះ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុសច្បាប់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទៅ​ចាប់ឆ្នោត ជ្រើស រើស​ដីឡូត៍​សរុប​ចំនួន ៩.៣២៣​គ្រួសារ​ក្នុងនោះ ៥.៨២៣​គ្រួសារ​ទៅ​ទីតាំង​អភិវឌ្ឍន៍​រុន​តា​ឯក​និង ៣.២០០​គ្រួសារ​ទៅ​ទីតាំង​អភិវឌ្ឍន៍​ពាក់​ស្នែង​។​

​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង​ក៏​ទទួលបាន​គោល នយោបាយ​ឧបត្ថម្ភ​នានា​ដូចនឹង​ប្រជា ពលរដ្ឋ​រស់នៅ​តំបន់​អភិវឌ្ឍន​រុន​តា​ឯក​ផងដែរ​។ គោលនយោបាយ​នោះ​រួមមាន​ដូចជា​ការទទួល​បាន​ដី​ទំហំ ២០​ម៉ែត្រ គុណ ៣០​ម៉ែត្រ​, ទទួលបាន​ប័ណ្ណ​ក្រីក្រ​កម្រិត ១ អត្រា​ឧបត្ថម្ភ​បែប​ទីប្រជុំជន​រយៈពេល​១០​ឆ្នាំ​, ទទួលបាន​ប័ណ្ណ​សមធម៌​សម្រាប់​ស្ត្រី​ចាប់ពី​ពេល​មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ​២​ឆ្នាំ​ជាដើម​, ផ្តល់​អំណោយ​ជា​ស្បៀងអាហារ​សម្ភារៈ​ប្រើ ប្រាស់​ឋ​និង​ថវិកា​១​លាន​៤០​ម៉ឺន​រៀល​ឋ​ព្រមទាំង​ស័ង្កសី​ចំនួន​៣០​សន្លឹក សម្រាប់ធ្វើ​ផ្ទះ និង ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទាំង​នៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង និង​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​ផងដែរ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ ប្រសិនបើ​មិនមាន​ការចាំបាច់​សម្រាប់ ប្រទេសជាតិ​តើ​ចាំបាច់​ទៅ​ឈឺក្បាល​ធ្វើ​អ្វី ព្រោះ​ប្រជាពលរដ្ឋ​បាន​ទៅ​រស់នៅ​ទីនោះ​ទៅហើយ​។ ប៉ុន្ដែ «​តំបន់​រមណីយដ្ឋាន​ប្រាសាទ​អង្គរ​របស់​យើង​ត្រូវបាន​ដាក់ចូល​ជា​បេតិកភណ្ឌ​ពិភព លោក​»​។ សម្តេច​បន្តថា​លក្ខខណ្ឌ​សម្បត្ដិ​វប្បធម៌​មនុស្សជាតិ​ធ្វើអោយ​ទទួលបាន​ការគាំទ្រ ទាំង​ហិរញ្ញវត្ថុ​ទាំង​បច្ចេកទេស ដើម្បី​ជួលជុល​ថែទាំ និង​អភិរក្ស​ប្រាង្គ​ប្រាសាទ នានា​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ប៉ុន្ដែ​បញ្ហា​ស្ថិត​នៅត្រង់ថា​ដើម្បី​បាន​ចូល​នៅក្នុង បេតិកភណ្ឌ​ពិភពលោក​យើង​ត្រូវ​ទទួលយក​លក្ខខណ្ឌ​ទាំងឡាយ ដែល​អង្គការ​យូណេស្កូ​តម្រូវ ។ ចំណុច​នេះ​យើង​ត្រូវ​ដោះស្រាយ​ត្រូវគោរព​លក្ខខណ្ឌ​។ បើ​យើង​មិន​ដោះស្រាយ​ទេ នៅ ពេល​ក្រោយនេះ​អង្គរវត្ដ​របស់​យើង​នឹងត្រូវ​ដកចេញ​ពី​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក ព្រោះ​វា​បាត់ បង់​លក្ខណៈ​សម្បត្ដិ​របស់​វា ។ មនុស្ស​ទៅ​តាំង​ទីលំនៅ​ខុសច្បាប់​ឬ​កន្លែង​ដែល​ពាក់ព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ធ្វើអោយ​យើង​មិនអាច​តម្រូវ​ទៅនឹង​លក្ខខណ្ឌ​បច្ចេកទេស ។​សូម្បី​ប្រាសាទព្រះវិហារ យើង​ត្រូវយក​ភូមិ​មួយ​ដែលមាន​ជិត​២​ពាន់ គ្រួសារ​ចេញពី​តំបន់ ស្វាយជ្រុំ​ដែលជា​ប់​នឹង ប្រាសាទ​ព្រះ​វិ ហារ​ព្រោះ​វា​ពាក់ព័ន្ធ​នឹង​បារាយណ៍​នៅ​ខាងក្រោម ។ ចំណុច​នេះ (​បើ​មិនបាន​ដោះស្រាយ​ទេ​) យើង​ខាតបង់​ទាំងអស់គ្នា​។ កម្ពុជា​បាត់បង់​លក្ខណៈ សម្បត្ដិ​ជា​បេតិកភណ្ឌ​ពិភពលោក (​ហើយ​អាច​នឹង​ប្រឈម​ការ​) ដែល​ត្រូវ​បណ្ដេញចេញ ៕​