​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សមាជ​បក្ស​កុំម្មុយនីស្ត​ចិន​ប្រាំ​ឆ្នាំ​ធ្វើ​ម្តង​នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​ទី​២២​តុលា ដោយ​ប្រធានាធិបតី ស៊ី ជីន​ភីង ទំនងជា​នឹង​បន្ត​មុខតំណែង​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​បី​។​

​ពិធី​បិទ​កិច្ចប្រជុំ​នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​នេះ​នឹង​បញ្ចប់​កិច្ចប្រជុំ​មួយ​សប្តាហ៍​របស់​ប្រតិភូ​បក្ស​ប្រមាណ​២.៣០០​នាក់​ដែល​បានអនុម័ត​ការរុះរើ​ក្រុម​មេដឹកនាំ​កំពូលៗ​របស់​បក្ស ទោះជាវា​ទំនងជា​ត្រូវ​បាន​កំណត់ទុក​យ៉ាង​ល្អ​ជា​មុន​រួច​ទៅ​ហើយ​។​

​លោក​ស៊ី ត្រូវបាន​គេ​រំពឹង​ទុក​ជា​ទូទៅ​ថា​នឹង​ត្រូវ​ប្រកាស​ជា​អគ្គលេខា​បក្សជាថ្មី​នៅ​ថ្ងៃអាទិត្យក្រោយ​បញ្ចប់​ជំនួប​នេះ​ភ្លាម​និង​ជំនួប​លើកដំបូង​របស់​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ទើប​ជាប់​ឆ្នោត​ថ្មី ដែល​​មាន​សមាជិក​ជា​មន្ត្រីជាន់ខ្ពស់​បក្ស​២០០​នាក់​។​

​សមាជ​បក្ស​កុំម្មុយនីស្ត​ចិន​លើក​ទី​២០​នេះ​ត្រូវ​រំពឹងថា​នឹង​ផ្តល់អោយ​លោក​ស៊ី​នូវ​អាណត្តិ​ប្រធានាធិបតី​ទី​បី​

​វា​នឹង​អនុញ្ញាតអោយ​លោក​ស៊ី​អាណត្តិ​ទី​បី​ក្នុងនាម​ជា​ប្រធានាធិបតី​ចិន ដោយសារ​តែ​សភា​បាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​កាលពី​ខែ​មីនា​រួចហើយក្រោយ​លុបចោល​ប្រពៃណី​កាន់តំណែង​ពីរ​អាណត្តិ​កាលពី​ឆ្នាំ​២០១៨​។​

​នៅ​ចុង​សប្តាហ៍​នេះ​គណៈកម្មាធិការ​មជ្ឈិម​ថ្មី​ក៏​នឹង​អនុម័ត​ការិយាល័យ​នយោបាយ​ដែល​មាន​សមាជិក​២៥​រូប ព្រមទាំង​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ ដែល​មាន​សមាជិក​៧​រូប ហើយ​​ដែល​អ្នកវិភាគ​រំពឹងថា​សុទ្ធតែ​ជា​មនុស្ស​ស្មោះត្រង់​នឹង​លោក​ស៊ី​។​

​នៅពេល​បើក​សមាជ​កាលពី​ថ្ងៃអាទិត្យ លោក​ស៊ី​បាន​ថ្លែង​សុន្ទរកថា​១៥០​នាទី​ស្តីពី​«​របាយការណ៍​ការងារ​»​ដោយលោក​លើកសរសើរ​សមិទ្ធិផល​របស់​បក្ស តែ​ជៀសវាង​និយាយ​បញ្ហា​ក្នុងស្រុក​ដូចជា​ដំណើរ​ជាប់​​គាំង​សេដ្ឋកិច្ច​និង​ការខូចខាត​បង្កឡើង​ដោយ​វិធានការ​សូន្យ​កូវី​ដ​ដ៏​តឹងតែង​របស់​រដ្ឋាភិបាល​។​

​ផ្តោត​ខ្លាំង​លើ​វោហា​ស័ព្ទ​មនោគមវិជ្ជា លោក​ស៊ី​ក៏​បាន​អំពាវនាវ​អោយ​សមាជិក​បក្ស​ខិតខំ​ប្រឈម​ដោះស្រាយ​ការ​ប្រឈម​មួយ​ចំនួន​រួម​មាន​បរិយាកាស​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​តានតឹង​ឡើង​។​លោក​​បាន​មានប្រសាសន៍ថា​«​យើង​ត្រូវតែ​…​ត្រៀម​ខ្លួន​ទប់ទល់​នឹង​ខ្យល់​ខ្លាំង ទឹករលក​ខ្ពស់ និង​សូម្បីតែ​ព្យុះ​ដ៏​គ្រោះថ្នាក់​»​។​

«​ប្រឈម​នឹង​ការប្រែប្រួល​ដ៏​គំហ៊ុក​នៅក្នុង​ទិដ្ឋភាព​អន្តរជាតិ ជាពិសេស​ការប៉ុនប៉ង​មក​ពី​ខាងក្រៅ​ដើម្បី​ចាប់បង្ខំ ខ្ទប់​និង​ហ៊ុម​ព័ទ្ធ​…​ចិន យើង​ត្រូវតែ​ដាក់​ផលប្រយោជន៍​ជាតិ​ជាធំ​»​។​

​សន្តិសុខ​ក៏​ជា​ចំណុច​ផ្តោត​ជា​សំខាន់​មួយ​នៃ​សុន្ទរកថា​របស់​លោក​ដោយ​លោក​ស៊ី​បាន​សរសើរ​អន្តរកាល​ហុងកុង​ចេញពី​«​ចលាចល​មក​អភិបាលកិច្ច​»​និង​បាន​ប្តេជ្ញា​ថា​«​គ្មាន​ពេលដែល​ចិន​បោះបង់ចោល​​សិទ្ធិ​ប្រើ​កំលាំង​»​ដើម្បី​ចាប់​យក​កោះ​តៃវ៉ាន់​មក​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឡើយ​៕

​សមាជ​បក្ស​កុំម្មុយនីស្ត​ចិន​នៅ​សប្តាហ៍​នេះ​កាន់តែ​ពង្រឹង​អំណាច​របស់​លោក​ស៊ី អោយ​ក្លាយជា​មេដឹកនាំ​មាន​ឥទ្ធិពល​បំផុត​របស់​ចិន​ចាប់តាំងពី​សម័យ​លោក​ម៉ៅ សេទុង​ដោយ​ជាទូទៅ​លោក​ត្រូវ​រំពឹងថា​​នឹង​បន្តតំណែង​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​