​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងកម្លាំង​អ៊ុយ​ក្រែន​បាន​បាញ់​ផ្លោង​លើ​ទីតាំង​របស់​រុស្ស៊ី​នៅក្នុង​តំបន់​ឃើ​សុន (Kherson) ភាគ​ខាងត្បូង​ដែល​រុស្ស៊ី​កាន់កាប់​និង​កាត់​យក​ដោយ​ខុសច្បាប់ ដោយ​ផ្តោត​លើ​ផ្លូវ​ផ្គត់ផ្គង់​ឆ្លងកាត់​ទន្លេ​ដ៏​សំខាន់​មួយ ខណៈ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​តុលា​កំពុង​ខិត​ជិត​ការវាយលុក​ពេញទំហឹង​លើ​តំបន់​ទីក្រុង​ដំបូង​គេ​ដែល​រុស្ស៊ី​ដណ្តើម​យក​បន្ទាប់ពី​ឈ្លានពាន​ប្រទេស​នេះ​។​

​ពួក​មន្ត្រី​បន្តុប​ដោយ​រុស្ស៊ី​ត្រូវបាន​រាយការណ៍​ថា​កំពុង​ព្យាយាម​យ៉ាង​អស់សង្ឃឹម​ក្នុងការ​បង្វែរ​ទីក្រុង​ឃើ​សុន​ដែល​ជា​គោលបំណង​សំខាន់​សម្រាប់​ភាគី​ទាំង​សងខាង​ដោយសារតែ​ជា​តំបន់​ឧស្សាហកម្ម​​សំខាន់ៗ​និង​ជា​កំពង់ផែ​ទន្លេ​និង​សមុទ្រ​ធំ​បំផុត​ឱ្យ​ទៅ​ជា​បន្ទាយ ខណៈ​ព្យាយាម​ជម្លៀស​ប្រជាជន​រាប់​ម៉ឺន​នាក់​ចេញ​។​

​វិមាន​ក្រឹម​ឡាំង​បាន​បញ្ជូន​ទាហាន​ថ្មី​ចំនួន ២.០០០ នាក់​ចូល​ទៅក្នុង​តំបន់​ឃើ​សុន​ដែលជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ចំនួន​បួន​ដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កាត់យក​ដោយ​ខុសច្បាប់​និង​ដាក់​នៅ​​ក្រោម​ច្បាប់អាជ្ញាសឹក​របស់​រុស្ស៊ី ដើម្បី​បំពេញ​ការបាត់បង់​ទាហាន​ចាស់ និង​ពង្រឹង​អង្គភាព​សមរភូមិ​ជួរមុខ នេះ​បើ​យោងតាម​អគ្គសេនាធិការ​របស់​ក​ង​ទ័ព​អ៊ុ​យក្រែន​។​

​ទន្លេ​ឌី​នី​ភើ (Dnieper) មាន​ភាព​លេចធ្លោ​ខ្លាំង​ក្នុងការ​ប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់ ពីព្រោះ​វា​បម្រើ​មុខងារ​សំខាន់ៗ ដូចជា ច្រក​ឆ្លងកាត់​សម្រាប់​ការផ្គត់ផ្គង់ កងទ័ព និង​ជន​ស៊ីវិល ទឹក​ផឹក​សម្រាប់​​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន​និង​ឧបទ្វីប​គ្រី​ម៉េ និង​ផលិត​ថាមពល​ពី​ស្ថានីយ​វា​រី​អគ្គិសនី​។ តំបន់​ភាគច្រើន រួម​ទាំង​ស្ថានីយ​ថាមពល និង​ព្រែកជីក​បង្ហូរទឹក​ទៅ​គ្រីមេ គឺ​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​។​

​ក្រុមមន្ត្រី​តំបន់​ឃើ​សុន ដែល​បន្តុប​ដោយ​វិមាន​ក្រឹម​ឡាំង បាន​និយាយថា ការបាញ់​ផ្លោង​របស់​អ៊ុយ​ក្រែន​លើ​សាឡាង​មួយ​ឆ្លងទន្លេ​ឌី​នី​ភើ​បានសម្លាប់​អ្នកកាសែត​ពីរ​នាក់​ដែល​ធ្វើការ​ឱ្យ​ស្ថានីយ​​ទូរទស្សន៍​ក្នុងស្រុក​មួយ ដែល​ពួកគេ​បង្កើតឡើង​នៅ​ក្នុង​តំបន់​កាន់កាប់​។ ទីភ្នាក់ងារ​សារព័ត៌មាន Tass របស់​រុស្ស៊ី​បាន​រាយការណ៍​ថា​យ៉ាងហោច​ណាស់​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រាយ​​ការណ៍​ថា​បាន​បាត់បង់​ជីវិត ហើយ​សមាជិក ១០ នាក់​នៃ​ក្រុម​ផ្សាយ​ព័ត៌មាន​និង​សាច់ញាតិ​របស់​ពួកគេ​បាន​រងរបួស​។​

​លោក ណា​តា​លៀ ហ៊ូ​មេ​នី​អ៊ូ​ក (Natalia Humeniuk) អ្នកនាំពាក្យ​សម្រាប់​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ភាគខាងត្បូង​របស់​អ៊ុ​យក្រែន បានបញ្ជាក់​ថា​យោធា​អ៊ុយ​ក្រែន​បាន​វាយលុក​លើ​ស្ពាន​​អាន​តុ​នី​វ​ស្គី (Antonivskyi) នៅ​ជិត​ចំណុច​ឆ្លងកាត់ ប៉ុន្តែ​បាញ់​ផ្លោង​តែ​ក្នុងអំឡុង​បម្រាម​គោចរ​ពេលយប់​ប៉ុណ្ណោះ ដែល​មន្ត្រី​បន្តុប​ដោយ​រុស្ស៊ី​បាន​ដាក់ចេញ ដើម្បី​បញ្ចៀស​ការស្លាប់​ជន​ស៊ីវិល​៕

​ទាហាន​អ៊ុយ​ក្រែន​កំពុង​បាញ់ផ្លោង​លើ​ទីតាំង​រុស្ស៊ី​នៅ​តំបន់​ដូណិត​ស​ខ៍​