ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​លោក​​ទេព រិទ្ធី​វិ​ទ្ធ បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ប្រជែង​កៅអី​ក្រុម​៣ នៃ​ព្រឹត្តិការណ៍ Davis Cup 2023​។​
លោក​អះអាង​បែបនេះ​បន្ទាប់ពី​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល A នៃ​ការប្រកួត Davis Cup ក្រុម​៤ ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី ឆ្នាំ​២០២២ នៅ​ប្រទេស​បា​រ៉ែ​ន​ដោយ​ដណ្ដើមបាន​ជ័យជំនះ​៣​ប្រកួត​ផ្ទួនៗ និង​ឈរ​កំពូល​តារាង​ជាមួយនឹង​ការឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ត្រូវ​ជួប​ជាមួយ​ក្រុម​កំពូល​តារាង​ពូ​ល B គឺ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី នា​ថ្ងៃទី​២២ ខែតុលា​នេះ​។​

​បី​ប្រកួត​ដែល​កម្ពុជា​បាន​យកឈ្នះ​ប៊ូ​តាន ៣​ទល់​០, ឈ្នះ​ម៉ុង​ហ្គោ​លី ៣​ទល់​០ និង​ចុងក្រោយ​ឈ្នះ​ទួ​កមេ​នី​ស្ថាន​២​ទល់​១​លោក​បាន​សម្ដែង​ការចាប់អារម្មណ៍​ចំពោះ​ការប្រកួត​ចុងក្រោយ គឺជា​ជំនួប​ដ៏​តានតឹង បន្ទាប់ពី​កម្ពុជា ចាញ់ ១ និង​ឈ្នះ ២​។

​ក្នុងនាម​អគ្គលេខាធិការ​សហព័ន្ធ​លោក​មាន​ជំនឿ​ចិត្ត​លើ​កូនក្រុម​សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយសារ​ការពង្រឹង​ស្មារតី​បាន​យ៉ាង​ល្អ​ក្នុង​បេសកកម្ម​នេះ​ដែលជា​គោលដៅ​មួយ​ដ៏​សំខាន់ ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ​។​

​លោក​ទេព រិទ្ធី​វិ​ទ្ធ បាន​គូ​បញ្ជាក់ថា​គោលបំណង​ដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​របស់​កម្ពុជា ពិសេស​កីឡាករ​របស់​កម្ពុជា​ទាំងអស់​មក​ទីនេះ (​បា​រ៉ែ​ន​) គឺ​ស្ថិតក្នុង​ផែនការ​មួយ ដែល​យើង​ត្រៀម​ការពិសោធន៍ និង​សាកល្បង​នៅក្នុង​ការប្រកួត​វាយ​កូន​បាល់​ក្នុង​ស្មារតី​ដែល​យើង​ត្រៀម​ចំពោះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ លោក​យល់ឃើញថា​កីឡាករ​របស់​កម្ពុជា​ពេលនេះ​មាន​កម្រិត​ខ្ពស់ និង​គ្រប់គ្រាន់ ហើយនឹង​ព្យាយាម​បន្ថែមទៀត ដើម្បី​ដណ្ដើម​មេដាយ​នៅក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។​

​លោក​មានសង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៅថ្ងៃនេះ​ដោយសារ​ស្មារតី​​របស់​កីឡាករ​យើង​ទាំងអស់​មាំមួន​ល្អ​មែនទែន​ហើយ​កីឡាករ​យើង​គ្រប់រូប គឺមាន​ទិសដៅ​តែមួយ គឺ​មក​ទីនេះ ដើម្បី​តំណាង​ប្រទេសជាតិ ហើយក៏​ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ផងដែរ​។​

​សូមបញ្ជាក់ថា មុន​ជួប​កម្ពុជា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ សិង្ហ​បុរី ក៏​ធ្វើបាន​យ៉ាង​ល្អ សម្រាប់​ការប្រកួត​ក្នុង​ពូ​ល B ដោយបាន​យកឈ្នះ​គូប្រកួត​ក្នុង​លទ្ធផល ៣​ទល់​០ ចំនួន ៣​ប្រកួត​ជាប់​គ្នា ជាមួយ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន គុយ​វ៉ែត ឡាវ មុន​ប្រកួត​បញ្ច​ប់ពូ​ល​ជាមួយ​កោះ​ហ្គាំ នៅ​ម្សិលមិញ​នេះ​។​

​សម្រាប់​ការប្រកួត​ថ្ងៃទី​២២ តុលា រវាង​កម្ពុជា និង​សិង្ហ​បុរី​ក្រុម​ដែល​ទទួលបាន​ជ័យជំនះ​នឹង​ទទួលបាន​កៅអី​ក្រុម​៣​នៃ​ពានរង្វាន់​លំដាប់​ពិភពលោក​នេះ​៕​