ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ទីលាន​ស្ដង់ដារ​អន្ដរជាតិ​មួយ​សម្រាប់​បម្រើ​ដល់​កា​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​នឹង​សាងសង់ឡើង​ក្នុង​សប្ដាហ៍​នេះ​។​

​ផែនការ​កសាង​សង់​ទីលាន​ស្ដង់ដារ​នេះ​គឺជា​លក្ខណៈ​កីឡដ្ឋាន​តូច​មួយ​ដែលមាន​ទី​​លាន​ប្រកួត​នៅ​កណ្ដាល​ហើយ​មាន​កៅអីអង្គុយ​ទស្សនា​ព័ន្ធ​ជុំវិញ​ដែល​អាច​ផ្ទុក​អ្នកទស្សនា​ប្រមាណ ៨០០ ទៅ​៩០០​នាក់​។ គម្រោង​នេះ​ធ្វើឡើង​ក្រោម​ជំនួយ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ( CAMSOC)​។​

​ទីលាន​ស្ដង់ដារ​លក្ខណៈ​បិទ​ជិត​ដែល​សហការ​សាងសង់រ​វាង​សហព័ន្ធ និង​ជួយ​ទ្រទ្រង់​ដោយ​គណៈកម្មាធិការ​ជាតិ CAMSOC នេះ ដែល​ស្ថិត​នៅជាប់​នឹង​ទីលាន​ប៊ូល និង​ប៉េតង់ ស្ថិតក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នាពេល​បច្ចុប្បន្ន ។​

​ទីលាន​ថ្មី​នេះ​គឺ​សម្រាប់​បម្រើ​ឱ្យតែ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ​ខណៈ​ការប្រកួត​​ជម្រុះ​នឹងត្រូវ​ប្រកួត​នៅ​ទីលាន​ខាងក្រៅ​ដែល​ធ្លាប់​ទទួល​រៀបចំ​ការប្រកួត​អន្ដរជាតិ​ជាច្រើន​មកហើយ ក្នុងនោះ​ក៏មាន​ការប្រកួត​ជើងឯក​ពិភពលោក​ម្ដង​ផងដែរ កាលពី​ឆ្នាំ​២០១៩​កន្លងទៅ​៕​