ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយមន្ត្រីក្រុមការងារ គ្រប់បន្ទុក នាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានត្រៀមលក្ខណៈរួចរាល់ សម្រាប់ពិធី ចែកស្រូវពូជ ជូនប្រជាពលរដ្ឋ ៥.៥២៤ គ្រួសារ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងដូច្នេះ កាលពីល្ងាចថ្ងៃទី២១ ខែតុលា នៅពេលលោក បានអមដំណើរលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញពិនិត្យ ទីតាំងរៀបចំអំណោយស្រូវពូជ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ មកពីស្រុកមង្គលបូរី ភ្នំស្រុក និង ក្រុងសិរីសោភ័ណ ដែលនឹងប្រារព្ធធ្វើរួមគ្នា នៅផ្សារចំការតាដោក (អ៊ឹង វណ្ណម៉ៅ) នាផ្លូវជាតិលេខ៥ ផ្លូវរថភ្លើង ភូមិចម្ការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខ។

លោកបានបន្តថាៈ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការងារមមាញឹកខ្លាំង ដោយលោកបាន ដឹកនាំក្រុមការងារ កងកម្លាំងប្រដាប់អាវុធ រៀបចំអំណោយស្រូវពូជ ចែកជូនប្រជាពលរដ្ឋ ៥.៥២៤ គ្រួសារ នៅផ្សារខាងលើ និងក៏រៀបចំទីតាំងសាលប្រជុំធំ សាលាខេត្ត នាក្រុងសិរីសោភ័ណ ដើម្បីទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សា ក្នុងទូទាំងខេត្ត នារសៀលថ្ងៃទី២២ ខែតុលា ។

ជាមួយគ្នានេះ នៅទូទាំងខេត្ត ក៏បានរៀបចំកែលម្អសោភ័ណ តាំងលម្អ កិច្ចការពារ និងមានក្តីនឹករលឹក អំណរសាទរ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលអញ្ជើញជាថ្មី ទស្សនកិច្ចនិងសម្រាកនៅខេត្តបន្ទាយមានជ័យ ចំនួន ២ថ្ងៃ ១យប់ (ថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២) នេះ ៕/V-PC