ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​ទាំង​បុរស និង នារី​នឹងត្រូវ​ប្រើប្រាស់​ទីលាន​យ៉ាងតិច​បំផុត​ក៏​បួន​ដែរ ។ តាម​ការគ្រោងទុក​ព្រឹត្តិការណ៍​នេះ​នឹង​ដំណើរការ​ជា​ផ្លូវការ​ពីថ្ងៃ​ទី​០៥-១៧ ខែឧសភា ឆ្នាំ​២០២៣​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បញ្ជាក់ថា​ដូចជា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​, កីឡដ្ឋាន​ព្រី​នស៍​របស់​ក្លិប​វិសាខា និង​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ដែល​នឹង​បម្រើឱ្យ​ការប្រកួត​បាល់​ទា​ត់បុរ​ស និង​នារី​សម្រាប់​ការប្រកួត​​ផ្លូវការ​ចន្លោះ​ពី​៤​ទៅ​៥​កីឡដ្ឋាន ដោយ​មិន​គិតពី​ទីលាន​សម្រាប់​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​​ជាតិ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ចូលរួម​នោះឡើយ​។​

​ជាមួយនឹង​ការត្រៀម​រៀបចំ​ទីលាន​ប្រកួត​ស៊ី​ហ្គេម​២០២៣​នេះ ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ត្រូវបាន​ជួសជុល​ផ្លាស់ប្តូរ​ពី​ស្មៅ​សិប្ប​និមិត្ត​មកជា​ស្មៅ​ធម្មជាតិ​វិញ​។ ការជួសជុល​ទីលាន​បាល់ទាត់​អូឡាំពិក​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ដង់ដារ​អន្តរជាតិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) សម្រាប់ ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​ក្រៅពី​ផ្លាស់ប្តូរ​ស្មៅ​ធម្មជាតិ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ក៏​នឹងត្រូវ​បំពាក់​កៅអី ៣៥ ០០០​កៅអី​និង​បំពាក់​ភ្លើង​បំភ្លឺ​ទីលាន​ឱ្យ​ស្របតាម​ស្តង់ដារ FIFA ដូចគ្នា​ដែរ​។ គម្រោង​ជួសជុល​កែលម្អ​នេះ​នឹងត្រូវ​ធ្វើឡើង​នា​ខែវិច្ឆិកា ឆ្នាំ​២០២២ និង​គ្រោង​បញ្ចប់​នា​ខែមករា ឆ្នាំ​២០២៣​។​

​ការរៀបចំ​ជួសជុល​កែលម្អ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស នៃ​ទីលាន​ប្រកួត​នានា ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នេះ​គឺជា​ការត្រៀមខ្លួន​ឱ្យមាន​ល្អប្រសើរ​ស្របតាម​គោលការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ (CAMSOC) និង​លោក​បណ្ឌិត​ថោង ខុន​រដ្ឋមន្ដ្រីក្រសួង​ទេសចរណ៍​និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​ជាតិ (CAMSOC) ។​

​គណៈកម្មការ​ជំនាញ​នានា ត្រូវគោរព​ឱ្យបាន​ដាច់ខាត នូវ​ស្ដង់ដារ​តែមួយ​របស់​អន្ដរ​ជាតិ​ដើម្បី​ថែរក្សា​ឱ្យបាន​នូវ​សេចក្ដីថ្លៃថ្នូរ​និង​ស័ក្ដិសម​កិត្តិយស​ជាតិ​ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២៣៕​