ដោយៈ តារារិទ្ធ / សៀមរាបៈ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣.២០០ គ្រួសារស្ម័គ្រ ចិត្តមកតាំងទីលំនៅ នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង នាព្រឹកថ្ងៃទី២២ ខែតុលានេះថាៈ តំបន់ពាក់ស្នែង នឹងក្លាយទៅជាទីក្រុងរណបមួយ របស់ក្រុងសៀមរាប នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាៈ រាជរដ្ឋាភិបាល នឹងរៀបចំតំបន់នេះ ឲ្យមានហេដ្ឋា រចនាសម្ព័ន្ធគ្រប់គ្រាន់ មានអគ្គិសនី មានទឹកស្អាត , ការកសាងផ្លូវកៅស៊ូ សាងសង់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្សារលក់ដូរ ។ សម្ដេច បានបន្តថាៈ យើងមិនមែនដឹក ប្រជាជន មកចោល ដោយមិនបានគិតគូរអ្វីនោះទេ។

សម្តេចតេជោ បានឲ្យដឹងទៀតថាៈ ក៏មានការកសាងផ្លូវវាងក្រុងមួយ កាត់តាមតំបន់នេះ ផងដែរ ដែលជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ជាផ្នែកមួយជួយដល់ការអភិវឌ្ឍ តំបន់នេះ ថែមទៀតផង។

សម្តេចបានថ្លែងអំណរគុណចំពោះបងប្អូន ដែលបានស្ម័គ្រចិត្តរុះរើសំណង់ មករស់នៅ តំបន់អភិវឌ្ឍន៍ពាក់ស្នែង។ សម្តេច បានបន្តថាៈ ការសម្រេចចិត្តរបស់បងប្អូន គឺជាការត្រឹមត្រូវណាស់ ជាការជ្រើសរើសអនាគតមួយភ្លឺស្វាងណាស់។ ប្រសិនជាបងប្អូន មិនរើចេញនោះទេ បងប្អូន ក៏មិនអាចធ្វើអ្វីបាននោះទេ ដូចជាកម្មសិទ្ធិដីធ្លី ការសាងសង់ ផ្ទះសម្បែង ជាដើម។

សម្តេចតេជោ បានបន្តថាៈ ការធ្វើនេះ មិនមែនសម្រាប់ផលប្រយោជន៍ របស់សម្តេចនោះទេ គឺសម្រាប់ជាតិទាំងមូល ដែលយើងមានប្រាសាទមួយ ដែលចាំបាច់ត្រូវធ្វើការការពារ ឲ្យបាន៕/V-PC