ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ថ្ងៃទី​២២ តុលា​នេះ​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​នឹងធ្វើ​​តេស្ត​សមត្ថភាព​កីឡា​ហុក​គី ដើម្បី​រក​កីឡាការិនី​ល្អៗ​សម្រាប់​បញ្ចូល​ជា​ក្រុម​ជម្រើសជាតិ ឬ​បញ្ចូល​ទៅក្នុង​ក្រុមកីឡា​ការិនី​ថ្នាល ។​

​លោក​កាំ​ង សុធា​ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា​កីឡាការិនី​ដែល​ត្រូវ​មក​ធ្វើតេស្ដ​នេះ​មាន​ចំនួន​បួន​ក្រុម​ដែលមាន​ចំនួន​ជិត​៦០​នាក់​មកពី​ក្រុម​​ចំនួន​បួន ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​នា​ខែវិច្ឆិកា​ខាងមុខនេះ ។ នេះ​ជាការ​ធ្វើតេស្ត​ត្រៀម​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំ​២០២២(3rd Pre-National Games) ក្រុម​ដែល​មក​ចូលរួម​ក្នុងការ​ប្រកួត​តេស្ត​នេះ​សុទ្ធតែជា​ក្រុម​ដែល​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ​លើក​ទី​៣​។​ក្រុម​ទាំង​បួន​នេះ​មាន​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ធំ និង​​ក្រសួងមហាផ្ទៃ ។​

​ការប្រកួត​តេស្ត​នេះ​នេះ​ស្ថិតក្រោម​ការត្រួតពិនិត្យ​រប​សើ​មន្ត្រី​រៀបចំ​ការប្រកួត​ចំនួន​១៥​រូប​។ ប្រភេទ​កីឡា​ហុក​គី​នឹង​ក្លាយជា​កីឡា​ដែល​បង្ហាញខ្លួន​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​អច្ឆរិយៈ ពេល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២​ឆ្នាំ​២០២៣​បន្ទាប់ពី​ត្រូវបាន​អនុម័ត​និង​ដាក់បញ្ចូល​ទៅក្នុង​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឡើង​រៀងរាល់ ២​ឆ្នាំ​ម្ដង​មួយ​នេះ​។​

​លោក​កាំ​ង​សុធា​បាន​ជម្រាបជូន​អំពី​ទិដ្ឋភាព​នានា ការត្រៀមខ្លួន និង​ការកំណត់​ស​ន្ទ​ស្សន៍​មេដាយ ក្នុង​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​

​សូមបញ្ជាក់ថា​កាលពី​ខែមិថុនា​កន្លងទៅ​កីឡា​ហុក​គី​នារី​កម្ពុជា​បាន​ចូលរួម​ក្នុងការ​ប្រ​​កួត​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Women’s Asian Games Qualifier) វិញ្ញាសា​ក្រៅ​សាល (Field Hockey) នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ប្រកួត​តតាំង​ជាមួយ​ប្រទេស​ខ្លាំង​ដូចជា ហុងកុង​, អ៊ូ​ស​បី​គី​ស្ថាន​, ស្រីលង្កា​, សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី ជា​លទ្ធផល​បាន​រង​បរាជ័យ​ទាំង ៥​ប្រកួត​៕​