​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​,​បំណង​) ៖ អតីត​ជំនួយការ​របស់​លោក ដូ​ណា​ល់ ត្រាំ លោក ស្ទីវ បាន​ណុន (Steve Bannon)​ត្រូវបាន​កាត់ទោស​កាល​ពី​ថ្ងៃ​សុក្រ​ទី​២១​តុលា​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​​ពេល​បួន​ខែ​សម្រាប់​ការបដិសេធ​ក្នុង​ការផ្តល់​សក្ខីកម្ម​នៅក្នុង​ការស៊ើបអង្កេតរ​បស់​សភា​អំពី​ការវាយប្រហារ​នៅ​ថ្ងៃទី ៦ ខែ​មករា​ឆ្នាំ ២០២១ លើ​វិមាន​កា​ពី​តូ​ល​។​

​ជា​មេក្លោង​ម្នាក់​នៅ​ពីក្រោយ​យុទ្ធនាការ​និង​ជ័យជម្នះ​របស់​ប្រធានាធិបតី​ត្រាំ​ក្នុង​ឆ្នាំ ២០១៦​លោក​បាន​ណុន​ត្រូវបាន​រកឃើញ​ថា​មាន​ពិរុទ្ធ​ចំនួន​ពីរ​បទល្មើស​អំពី​ការ​មើលងាយ​សភា​ចំពោះ​ការជំទាស់​​នឹង​កោះហៅ​ដើម្បី​ធ្វើ​សក្ខីកម្ម​ជុំវិញ​កុបកម្ម​ដោយ​អ្នកគាំទ្រ​របស់​អតីត​ប្រធានាធិបតី​។​

​លោក​បាន​ណុន ដែល​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ៦.៥០០ ដុល្លារ​ដែរ​នោះ ត្រូវបាន​អនុញ្ញាត​ដោយ​ចៅក្រម​ឱ្យ​នៅ​មាន​សេរីភាព ខណៈ​គាត់​កំពុង​តស៊ូ​នូវ​អ្វីដែល​មេធាវី​របស់​គាត់​បាន​សច្ចា​ថា​នឹង​​ក្លាយ​ជា​បណ្តឹងឧទ្ធរណ៍ “​ពាស​ដែក​ការពារ​គ្រាប់​”​។​

​អ្នក​យុទ្ធសាស្ត្រ​ដ៏​យូរ​របស់​ត្រាំ​រូបនេះ​បាន​បញ្ចេញ​សំឡេង​មិន​ពេញចិត្ត នៅពេល​ចាកចេញ​ពី​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដោយ​រិះគន់​លោក​ប្រធានាធិបតីចូបៃ​ដិ​ន​និង​ពួកមេ​ដឹកនាំ​សភា​​តំណាងរាស្ត្រ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​។​

​លោក​បាន​ណុន​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ខាងក្រៅ​ថា “​ថ្ងៃនេះ​ជា​ថ្ងៃ​ជំនុំជម្រះ​របស់ខ្ញុំ​ដោយ​ចៅក្រម​”​។ ដោយ​សំដៅលើ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នាពេលខាងមុខ លោក​បាន​ប្តេជ្ញា​ថា “​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​នឹង​មាន​ការជំនុំជម្រះ​លើ​របប​បៃ​ដិន​ខុសច្បាប់​”​។​

​លោក​បាន​និយាយថា “​ហើយ​យើង​ដឹងថា​ផ្លូវ​មួយ​ណា​ដែល​ត្រូវ​ទៅ​។ រដ្ឋបាលបៃដិ​ននឹង​ចប់​នៅ​ល្ងាច​ថ្ងៃ​ទី ៨ ខែវិច្ឆិកា​”​។​

​នៅពេល​សួរ​ដោយ​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​សម្រាប់​ប្រតិកម្ម​ចំពោះ​ការកាត់ទោស​លោក​បាន​ណុន លោកបៃ​ដិនបាន​ឆ្លើយ​បែប​ផ្គើន​ទៅ​វិញ​ថា “​ខ្ញុំ​មិន​ដែល​មាន​ប្រតិកម្ម​ចំពោះ ស្ទីវ បាន​ណុន ទេ​”​។​

លោក​ស្ទីវ​បាន​ណុន​ត្រូវបានកាត់ទោ​សជាប់​គុក​៤​ខែ​កាលពី​ថ្ងៃ​សុក្រ​

​សូមបញ្ជាក់​ថា លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ក៏​ត្រូវ​ពួក​សមាជិកសភា​ដែល​ស៊ើបអង្កេត​ការវាយប្រហារ​ចូល​អាគារ​សភា​កាលពី​ឆ្នាំ​២០២១ កោះហៅ​អោយ​ចូល​ខ្លួន​ផ្តល់​សក្ខីកម្ម​ដោយសារ​ការ​ពាក់ព័ន្ធ​​របស់​លោក​ចំពោះ​អំពើហិង្សា​នេះ​។​

​ទោះជា​យ៉ាងណា ការកោះហៅ​នេះ​មិន​ត្រូវ​រំពឹងថា​នឹង​ទទួលបាន​សក្ខីកម្ម​ពី​ជន​សាធារណរដ្ឋ​វ័យ​៧៦​ឆ្នាំ​រូប​នេះ​ទេ នៅពេល​ក្រុម​ស៊ើបអង្កេត​សភា​នឹង​បញ្ចប់​ការងារ​ស៊ើបអង្កេត​របស់​ខ្លួន​នៅ​ចុង​ឆ្នាំ​ហើយ​នឹង​​អស់​ពេល​សំរាប់​អនុវត្ត​វា​។​

​ដីកា​តំរូវ​អោយ​ត្រាំ​បង្ហាញ​ឯកសារ​ទៅ​គណៈកម្មការ​ស៊ើបអង្កេត​នៅ​យ៉ាងយូរ​ត្រឹម​ថ្ងៃ​៤​វិច្ឆិកា និង​បង្ហាញខ្លួន​ធ្វើ​សក្ខីកម្ម​នៅ​ម្តុំ​ថ្ងៃ​១៤​វិច្ឆិកា ។​

​រំលឹកថា​លោក​ត្រាំ​ដែល​នៅ​ថ្ងៃ​កុបកម្ម​អុកឡុក​សភា​បាន​អំពាវនាវ​អោយ​អ្នកគាំទ្រ​«​ប្រយុទ្ធ​ដូច​ន​រក​»​។​លោក​ត្រូវបាន​ចោទ​ទោស​ទម្លាក់​តំណែង​ពី​សភា​ដោយសារ​តែ​ញុះញង់​អោយ​ហ្វូងមនុស្ស​សំរុកចូល​​សភា​ដើម្បី​រារាំង​ការផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី​ទៅកាន់​លោកចូ បៃ​ដិន កាលពី​ថ្ងៃ​៦​មករា ឆ្នាំ​២០២១​។​

​សភា​ចោទប្រកាន់​ត្រាំ​ថា​ព្យាយាម​បដិសេធ​លទ្ធផល​ឆ្នោត​ទោះ​ជា​តុលាការ​បាន​ទាត់​ចោល​ការអះអាង​ស្តីពី​ការលួចបន្លំ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​ហើយ​ក្តី​៕

​ត្រាំ​និង​ជំនួយការ​របស់​លោក លោក ស្ទីវ បាន​ណុន​