ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ដោយមានការគាំទ្រ និងចូលរួមពីសំណាក់អ្នកស្រឡាញ់ កីឡាបាល់បោះ គ្រប់មជ្ឈដ្ឋាន សារព័ត៌មានត្នោត បានរៀបចំសន្និសីទកាសែតមួយ នៅសណ្ឋាគារ Oakwood បឹងកក់ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញនេះ ដើម្បីចាប់ពូលដើម្បីប្រកួត។

ការប្រកួត “ពានរង្វាន់បាល់បោះ TNAOT ៣x៣” ធ្វើឡើងក្នុងគោលបំណងជំរុញ ស្មារតី លើកកម្ពស់កីឡាបាល់បោះ និង ត្រៀមខ្លួនក្នុងការឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ នេះជាលើកដំបូងហើយ ដែលនៅកម្ពុជា រៀបចំឲ្យមានការប្រកួតបាល់បោះ ៣ នាក់ម្ខាង។

លោក តាំង ពីងជាំង TONY អគ្គនាយកគ្រប់គ្រងទូទៅនៃសារព័ត៌មានត្នោត បានលើក ឡើងថាៈ ការប្រកួតនេះ គឺដើម្បីលើកកម្ពស់ស្មារតីកីឡា និងលើកទឹកចិត្តយុវជនទាំងអស់ លេងកីឡា ដើម្បីសុខភាពល្អ ដោយមិនគិតធ្ងន់ទៅលើការឈ្នះ ឬចាញ់នោះទេ វាគ្រាន់តែ ជាផ្នែកមួយ នៃការប្រកួតប៉ុណ្ណោះ ហើយលោករំពឹងថា កីឡាករគ្រប់រូប គួរតែខិតខំឱ្យអស់ ពីសមត្ថភាព និងបន្សល់ទុកនូវអ្វី ដែលល្អបំផុត សម្រាប់ទាំងអស់គ្នា។

លោក Austin អគ្គលេខាធិការរង នៃសហព័ន្ធបាល់បោះកម្ពុជា បានចាត់ទុកកីឡាបាល់ បោះ ជាប្រភេទកីឡា ដែលគេចូលចិត្តលេង និងមានប្រជាប្រីយ៍បំផុតមួយ ដោយសារវាមាន ភាពសាមញ្ញ និងសប្បាយក្នុងការលេង។ ជាងនេះទៅទៀត កីឡាបាល់បោះនេះ ត្រូវបានគេដាក់បញ្ចូលជាផ្លូវការ ក្នុងការប្រកួតកីឡាអូឡាំពិក តាំងពីឆ្នាំ ២០១០ មកម៉្លេះ។

លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានផ្តល់អនុសាសន៍ និងជំរុញឲ្យកីឡាករ ប្រឹងប្រែងប្រកួត ដើម្បីដណ្តើមមេដាយ ឲ្យក្រុមរបស់ខ្លួន។ បន្ថែមលើនេះ លោកក៏បានរំលឹកថាៈ ការលេងកីឡា មួយចំណែក គឺដើម្បីសុខភាពទាំងអស់គ្នា មួយចំណែកទៀត យើងលេងកីឡា ដើម្បីកិត្តិយសជាតិ របស់យើង ហើយជាងនេះទៀត យើងចង់ទាក់ទាញភ្ញៀវទេសចរ តាមការលេងកីឡានេះ ទៀតផង។

លោក ឈី សម្បត្តិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា និងជាតំណាងលោកបណ្ឌិត ស៊ាន​បូរ៉ាត ប្រធានសហព័ន្ធបាល់បោះកម្ពុជា បានបង្ហាញគោលជំហរគាំទ្រទាំងស្រុង និងបញ្ជាក់ថាៈ ការបើកកម្មវិធី “ពានរង្វាន់បាល់បោះ TNAOT ៣x៣” នាពេលនេះ គឺជាការផ្សព្វផ្សាយ ដល់អ្នកលេងកីឡា អ្នកស្នេហាកីឡាបាល់បោះ និងសាធារណជន បានជ្រាប អំពីការប្រកួត ចូលរួម ទស្សនា គាំទ្រលើកទឹកចិត្ត និងចូលរួមក្នុងការអភិវឌ្ឍ កីឡាបាល់បោះ ព្រមទាំងចូលរួមលេងកីឡាបាល់បោះ ដើម្បីសុខភាព និងសុខុមាលភាព រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។

លោកក៏បានថ្លែងអំណរគុណ ចំពោះសារព័ត៌មានត្នោត ដែលជាអ្នកឧបត្ថម្ភធំ សម្រាប់
ការប្រកួត “ពានរង្វាន់បាល់បោះTNAOT៣x៣” នៅឆ្នាំ២០២២ និងក្រុមហ៊ុន សហការឧបត្ថម្ភទាំងឡាយ ដែលបានរួមចំណែក ដល់ការអភិវឌ្ឍវិស័យកីឡាបាល់បោះ នៅព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក្រោមកិច្ចសហការផ្នែកបច្ចេកទេស ពីសហព័ន្ធកីឡាបាល់ បោះកម្ពុជា(CBF) និងទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ពីអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។ ទន្ទឹមនេះដែរ ក៏មានការចូលរួមគាំទ្រពី បណ្តាក្រុមហ៊ុន ធំៗ ក្នុងការចូលរួមឧបត្ថម្ភគាំទ្រ ដល់ការរៀបចំព្រឹត្តិការប្រកួតនេះ ឱ្យប្រព្រឹត្តឡើងផងដែរ។ ក្នុងនោះ មានដូចជា មន្ទីរពហុព្យាបាលហុងអិន, ក្រុមហ៊ុន Lanton Cloud ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញ , ក្រុមហ៊ុនដឹកជញ្ជូនអាហារ GoodToGo, សណ្ឋាគារផ្កាយ៥ Oakwood Premier Phnom Penh ,ក្រុមហ៊ុនរៀបចំកម្មវិធី Miss Ann , មន្ទីរព្យាបាលភ្នែកហូសេង , ក្លិបហាត់ប្រាណ ណូបែល និងភោជនីយដ្ឋានអាហារជប៉ុន ធានអ៊ី៕
ការប្រកួតចែកចេញជា៤ពូលហើយពូលនីមួយៗត្រូវលេងជម្រុះដើម្បីយក២ក្រុមទៅលេងវគ្គ៤ក្រុមចុងក្រោយដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ៕/V-PC