ដោយៈ សុខុម / ស្ទឹងត្រែងៈ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ បង្ក្រាបរថយន្តម៉ាកហ្វត ដឹកឈើមួយគ្រឿង ដែលជញ្ជូនពីស្រុកសៀមប៉ាង ចូលក្រុងស្ទឹងត្រែង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

លោក វ៉ា សុខា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែតុលាថាៈ រថយន្តដឹកបទល្មើស មិនមានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ គឺម៉ាកហ្វត ប្រភេទតាក់ស៊ី ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-6791។ រថយន្តនេះ ដឹកជញ្ជូន ឈើអារល្មើសច្បាប់ ចេញពីស្រុកសៀមប៉ាង មកដល់ត្រង់ចំណុច ជាប់របងមន្ទីរធនធានទឹក ឈៀងខាងកើត។ ក្រោយសមត្ថកិច្ច ដេញស្ទាក់បង្ក្រាបភ្លាម សមត្ថកិច្ច បាននាំយកមក ស្នាក់ការខណ្ឌ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់វែង ។

ជាលទ្ធផល ពិនិត្យឃើញឈើអារ ប្រភេទលេខ១ (សុក្រម) រួមមាន ឈើអារសន្លឹកទ្វារ ១២ សន្លឹក គ្រោងទ្វារ ចំនួន ២០ កន្ទុយ។ សរុបស្មើនឹង ៣២ សន្លឹក/កន្ទុយ ត្រូវជា ១.០០៥ ម៉ែត្រគូប។

ជាមួយនោះ អ្នកបើកបររថយន្តដឹកឈើ ឈ្មោះ ផិនវ៉ន រ៉ាម៉ន ទីលំនៅបច្ចុប្បន្ន ភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ ប៉ុន្តែត្រូវទទួលខុសត្រូវ បង់ផាកពិន័យ ចូលរដ្ឋតាមនីតិវិធី។ ចំណែករថយន្ត ត្រូវបានរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង៕/V-PC