​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោកស្រី ច​ច​ចា មេ​ឡូ​នី (Giorgia Meloni) កាលពី​ថ្ងៃ​សុក្រ​ទី​២១​តុលា​បាន​បង្កើត​ក្រុមចម្រុះ​កាន់អំណាច​ថ្មី​របស់​អ៊ីតាលី​សំរាប់​រដ្ឋាភិបាល​ដឹកនាំ​​ដោយ​ពួក​ស្តាំនិយម​បំផុត​ជា​លើកដំបូង​របស់​ប្រទេស​ចាប់តាំងពី​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទីពីរ និង​ក្លាយជា​ស្ត្រី​ដំបូង​គេ ដែល​ទទួលបាន​តំណែង​នាយករដ្ឋមន្ត្រី​។​

​មន្ត្រី​វិមាន​ប្រធានាធិបតី​បានប្រកាសថា លោកស្រី​មេ​ឡូ​នី​និង​គណៈរដ្ឋមន្ត្រី​របស់​លោក​ស្រី​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​សៅរ៍​ទី​២២​តុលា​។ គណបក្ស​បងប្អូន​អ៊ីតាលី (Brothers of Italy) របស់​លោកស្រី​មេ​ឡូ​នី ដែល​ជា​គណបក្ស​មាន​ឫសគល់​ពី​លទ្ធិ​ហ្វា​ស៊ីស​និយ​ម គឺជា​គណបក្ស​ទទួលបាន​សំឡេង​ច្រើនជាងគេ​នៅក្នុង​ការបោះឆ្នោត​ជាតិរ​បស់​អ៊ីតាលី​កាលពី​ខែ​មុន​។​

​ពីរ​បី​ម៉ោង​មុន​ពេល​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ត្រូវបាន​ប្រកាស លោកស្រី​មេ​ឡូ​នី​អាយុ ៤៥ ឆ្នាំ​ដែល​ជា​អ្នកនយោបាយ​អាជីព បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​លោកស្រី​និង​សម្ពន្ធមិត្ត​បាន​ស្នើសុំ​ជា​ឯក​​ច្ឆ័​ន្ទ​ដល់​ប្រធានាធិបតី សឺ​ជី​អូ ម៉ាត់​តារែ​លឡា (Sergio Mattarella) ផ្តល់​ឱ្យ​លោកស្រី​នូវ​អាណត្តិ​ដើម្បី​គ្រប់គ្រង​។​

​ការទទួល​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​នេះ​គឺ​កត់សម្គាល់​ពី​ងើបឡើង​យ៉ាង​រហ័ស​សម្រាប់​គណបក្ស​បងប្អូន​អ៊ីតាលី​។ លោកស្រី​មេ​ឡូ​នី​គឺជា​សហ​ស្ថាបនិក​របស់​គណបក្ស​នេះ​ក្នុង​ខែធ្នូ ឆ្នាំ ២០១២​ហើយ​បក្ស​​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ចលនា​មួយ​នៅ​ខាងស្តាំ​ក្នុងអំឡុង​ឆ្នាំ​ដំបូង​របស់​ខ្លួន​។​

​លោកស្រី​មេ​ឡូ​នី​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ទេ មុនពេល​ចាកចេញ​ពី​វិមាន​ប្រធានាធិបតីគ្វីរី​ណាល់ (Quirinal)​។ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​លោកស្រី​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​​ម៉ាត់​តារែ​លឡា រួមជាមួយ​នឹង​សម្ពន្ធមិត្ត​ស្តាំនិយម​ពីរ​នាក់​ទៀត គឺ លោក ម៉ា​ត​តេ​អូ សាល់​វី​នី (Matteo Salvini) និង​អតីត​នាយករដ្ឋមន្ត្រី​លោក ស៊ី​ល​វី​យ៉ូ ប៊ែរ​លូ​ស្កូនី (Silvio Berlusconi)​។​

​លោក​ម៉ាត់​តារែ​លឡា​បានសម្តែង​ការពេ​ញ​ចិត្ត​ដែល​រដ្ឋាភិបាល​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង “​រយៈពេល​ដ៏​ខ្លី​” បន្ទាប់ពី​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៥ ខែ​កញ្ញា​។ បន្ទាប់ពី​ការបោះឆ្នោត​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ ២០១៨ វា​ត្រូវ​ចំណាយ​ពេល​បី​ខែ​សម្រាប់​ក្រុមចម្រុះ​កាន់អំណាច​ថ្មី​រួម​គ្នា​បង្កើតបាន​ជា​រដ្ឋាភិបាល​៕

​លោកស្រី​មេ​ឡូ​នី (​កណ្តាល​) ក្លាយជា​នាយក​រដ្ឋមន្ត្រី​ស្រី​អ៊ីតាលី​ដំបូង​គេ