ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រាប់​ចាប់ពី​រឿង The Jetsons រហូត​ដល់​រឿង Harry Potter​ឡាន​ហោះ​បាន​ក្លាយ​ជា​ផ្នែក​មិន​អាច​ខ្វះ​បាន​ក្នុង​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ​​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ប៉ុន្តែ​យាន​អនាគត​នេះ​បាន​ក្លាយជា​ការពិត​កាន់តែ​ខ្លាំង​ឡើង ដោយ​យាន​ខ្លះ​ថែមទាំង​អាច​ប្រណាំង​គ្នា​នៅលើ​មេឃ​ទៀតផង​។​

​នៅ​សប្តាហ៍​នេះ រថយន្ត​ប្រណាំង​ហោះ ដែល​បញ្ជា​ពី​ចម្ងាយ​ចំនួន​ពីរ​គ្រឿង បាន​ប្រកួត​គ្នា​ក្នុង​ការប្រណាំង​លើ​មេឃ​លើ​ទីក្រុង​អាដេ​ឡែត (Adelaide) ជា​លើកដំបូង ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រណាំង Airspeeder​។​

​ការប្រណាំង​នេះ​បាន​ឃើញ​អ្នក​បើក​យន្តហោះ​ពីរ​នាក់ គឺ ហ្សេ​ហ្វា​តាលី វ៉ា​ល់ (Zephatali Walsh) និង ហ្វា​ប៊ី​អូ ធី​ស្ល័រ (Fabio Tischler) តតាំង​គ្នា ដោយ​បញ្ជា​ឡាន​ប្រណាំង​ហោះ​ប្រវែង ៤ ម៉ែត្រ​ចំនួន​ពីរ​គ្រឿង​ពី​ដី​ពី​ចម្ងាយ​។​

​លោក​វ៉ាល់​បាន​ដណ្ដើម​មេដាយមាស​មក​ផ្ទះ​វិញ​ក្នុង​ការប្រណាំង​ចម្ងាយ ១ គីឡូម៉ែត្រ ហើយ​បាន​និយាយថា គាត់ “​គ្មាន​អី​មោទនភាព​ជាង​នេះ​នោះ​ឡើយ​”​។​

​ខណៈ​ការប្រណាំង​នេះ​គ្មាន​មនុស្ស​បើក កម្មវិធី Airspeeder និយាយថា ខ្លួន​មាន​បំណង​ប្រណាំង​ឡាន​ហោះ​ដែលមាន​អ្នកបើក​នៅ​ឆ្នាំ ២០២៤៕

ឡាន​ប្រណាំង​ហោះ​ពីរ​គ្រឿង​ប្រណាំង​គ្នា​លើ​មេឃ​នៅ​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​អាដេ​ឡែត​