ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់ឃីកបុកសីង បានបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ប្រដាល់ឃីកបុកស៊ីង កម្រិតអន្តរជាតិ ជាផ្លូវការ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដើម្បីត្រៀមចូលរួមធ្វើអាជ្ញាកណ្តាល ចៅក្រម ការប្រកួតកីឡាជាតិ លើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។

ក្នុងពិធីបើកវគ្គជាផ្លូវការ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡា SEA GAMES ឆ្នាំ២០២៣(CAMSOC) លោកគ្រូ Nasser Nassiri ប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីងអន្តរជាតិ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បាននិយាយថាៈ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ប្រដាល់ឃីកបុកស៊ីង កម្រិតអន្តរជាតិ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដោយមានសិក្ខាកាម ចំនួន ៤៨ នាក់ ដើម្បីត្រៀមចូលរួមធ្វើអាជ្ញាកណ្តាល ចៅក្រម ការប្រកួតកីឡាជាតិ លើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។

សិក្ខាកាមត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលបំណងតម្រង់ទិសពង្រឹងពង្រីកគុណភាព និងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ប្រដាល់ឃីក បុកស៊ីង កម្រិតស្តង់ដារ ត្រឹមត្រូវ តាមបទដ្ឋានជាតិ និងអន្តរជាតិ ពិតប្រាកដ។

លោក វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះវគ្គនេះ ដែលមានសិក្ខាកាម ជានារី ព្រោះចលនាកីឡា ត្រូវឲ្យមាននារី ចូលរួម ៣០ ភាគរយ គ្រប់កន្លែងទាំងអស់ បើគ្មាននារី យើងមិនគោរពគោលការណ៍អន្តរជាតិ ហើយថ្ងៃនេះ លោកបានឃើញស្រី ចូលរួមក្នុង ចលនាកីឡារបស់យើង ហើយយើងត្រូវប្រើគោលការណ៍ រួមចលនាកីឡាអូឡាំពិក។
មូលដ្ឋានកីឡាគុនខ្មែរ ដែលធ្វើឲ្យកីឡាប្រដាល់ឃីកបុកស៊ីង អាចប្រមូលផ្តុំមនុស្ស បានលឿន ចំពោះប្រដាល់ឃីកបុកស៊ីង ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEAGAMES នៅប្រទេសហ្វីលីពីន កន្លងមក។

គិតមកដល់ពេលនេះ យើងមានសហព័ន្ធកីឡាករ និងមន្ត្រីបច្ចេកទេស ដើម្បីជួយការដឹកនាំ ឲ្យរលូន នៅពេលយើងធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ហើយអ្វី ដែលសំខាន់ នាពេលនេះ គឺការសិក្សារៀនសូត្រពីច្បាប់អន្តរជាតិ និងស្តង់ដារ ប្រដាល់ឃីកបុកស៊ីង ដូច្នេះសិក្ខាកាមទំាងអស់ ត្រូវចាប់ឲ្យបាននូវចំណេះដឹងទំាងនេះ។

សិក្ខាកាមទំាងអស់ ត្រូវចងចាំថា ជាមន្រ្តីវិនិច្ឆ័យការប្រកួត ហើយមន្រ្តីវិនិច្ឆ័យការប្រកួត មានតួនាទី២ ដែលត្រូវអនុវត្តគឺទី១ ត្រូវយល់ដឹងពីច្បាប់ និងបទបញ្ជា នៃការប្រកួតកីឡា ប្រដាល់ឃីកបុកស៊ីង និងត្រូវមានការសិក្សា និងគោលការណ៍ក្រមសីលធម៌កីឡា៕/V-PC