ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា បាន ដឹកនាំកិច្ចប្រជុំ តាមដានពិនិត្យការងារវឌ្ឍនភាពបច្ចេកទេស របស់សហព័ន្ធកីឡាជាតិ សម្រាប់ការរៀបចំប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ជាមួយតំណាងសហព័ន្ធ កីឡាជាតិ ទាំង ៣៨ និងមន្ត្រីពាក់ព័ន្ធនានា។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្របគ្រង់ និងរៀបចំព្រឹត្តិការណ៍កីឡា បាននិយាយ ថាៈ ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មាន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន ៧ មានវិញ្ញាសា ៤០៥ ដែលនឹងធ្វើការប្រកួត នៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និង ខេត្តសៀមរាប ។

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថាៈ ការប្រកួតនេះ ក្នុងគោលបំណងផ្តល់ឱកាស
ដល់សហព័ន្ធកីឡាជាតិទាំងអស់ បានដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាល ដើម្បីអនុវត្តការរៀបចំប្រកួតជាក់ស្តែង លើទីលានប្រកួត ទទួលបានចំណេះដឹង និង បទពិសោធន៍ កីឡាករ កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទ ពិសោធន៍ នៃការប្រកួត រៀបចំទីលានប្រកួត ឲ្យស្របតាមស្តង់ដារថ្នាក់តំបន់។

លោកបានបន្តថាៈ ចំពោះរៀបចំពិធីបើក និងបិទធ្វើឲ្យស្របតាមស្តង់ដារ ព្រោះនេះជាការ ប្រកួតសាកល្បង ចុងក្រោយ សម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕/V-PC