ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួម ទិវាកីឡាសម្រាប់ ទាំងអស់គ្នា (Sports for All) ក្រោមប្រធានបទ “យើងរួមគ្នាអភិវឌ្ឍកីឡាជាតិ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថាៈ ” ខ្ញុំមានមនោសញ្ចេតនារំភើបរីករាយ ជាអតិបរិមា ដែលបានចូលជាអធិបតី ក្នុងទិវាកីឡាសម្រាប់ទាំងអស់គ្នា “ Sports for All ” ក្រោមប្រធានបទ “យើងរួមគ្នាអភិវឌ្ឍកីឡាជាតិ” ប្រចាំឆ្នាំ២០២២ នៅលើទឹកដី រាជធានីភ្នំពេញ នាពេលនេះ បានប្រព្រឹត្តក្រោមបរិយាកាសអធិកអធមយ៉ាងក្រៃលែង។

លោកបានកោតសរសើរ ចំពោះកិច្ចសហការ យ៉ាងយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ និង
មន្រ្តីជំនាញ ដែលពាក់ព័ន្ធបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់រៀបចំឱ្យប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យ។ សកម្មភាពលេងកីឡា មិនគ្រាន់តែធ្វើឲ្យមនុស្ស គ្រប់រូប មានរូបស្រស់សង្ហា ស្មារតីភ្លឺថ្លា ប្រាជ្ញាវាងវៃ មានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពកីឡា ក៏បានជំរុញឲ្យមនុស្សគ្រប់រូប មានសកម្មភាពរាងកាយបានបញ្ចេញ ជាតិពុលពីក្នុងខ្លួន តាមរយៈសម្មភាពលេងកីឡាបាន កាត់បន្ថយភាពស្រ្តេស ទប់ស្កាត់ជំងឺ បៀតបៀន កាត់បន្ថយថ្លៃព្យាបាលជំងឺ និងបានរិតចំណងសាមគ្គីភាព ពីបុគ្គលមួយ ទៅបុគ្គលមួយ។

លោកបានបន្តថាៈ សកម្មភាពកីឡា បានធ្វើឲ្យកីឡាករ កីឡាការិនី ចូលចិត្តលេងកីឡា ប្រភេទណាមួយ អាចប្រែក្លាយប្រភេទកីឡា ដែលខ្លួនចូលចិត្តលេង ទៅជាកីឡាជំនាញ ប្រចាំជីវិត និងមានសមត្ថភាព ទៅចូលរួមប្រកួតដណ្តើមមេដាយ ជូនជាតិយើងបាន។ ជាក់ស្តែង កីឡាករ-កីឡាការិនីយើង បានចូលរួមប្រកួតកីឡាថ្នាក់តំបន់ ថ្នាក់ពិភពលោក មានសមត្ថភាពដណ្តើម បានមេដាយជូនជាតិ ជួយលើកស្ទួយកិត្យានុភាព ប្រទេសជាតិ យើង ទោះបីប្រទេសយើងតូច តែកីឡាករ កីឡាការិនីយើង មានសមត្ថភាព ទេពកោសល្យ ដណ្តើមមេដាយ ពីប្រទេសធំៗបាន និងបានបង្ហូតទង់ជាតិយើង ឡើងលើ ដែលជាសញ្ញា ឲ្យប្រទេស លើពិភពលោក ស្គាល់ពីសក្តានុពលប្រទេស និងចង់មកវិនិយោគ ក្នុងប្រទេសយើង៕ V / N