​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ របាំង​មុខ មួក និង មួកសុវត្ថិភាព “​ប្រឆាំង​នឹង​ការលួចចម្លង​” របស់​និស្សិត​ហ្វីលីពីន កំពុង​ល្បី​នៅលើ​បណ្តាញ​សង្គម​។​

​និស្សិត​មក​ពី​មហាវិទ្យាល័យ​វិស្វកម្ម​នៃ​សាកលវិទ្យាល័យ​ប៊ី​កូល (Bicol) ក្នុងប្រទេស​ហ្វីលីពីន​បាន​ពាក់មួក​ច្នៃប្រឌិត​របស់​ពួកគេ ខណៈ​អង្គុយ​ប្រឡង​ពាក់កណ្តាល​ឆមាស​នៅ​ដើម​សប្តាហ៍​នេះ​។​

​ពួកគេ​បាន​ធ្វើ​ដូច្នេះ​មិនមែន​ដោយសារតែ​ពួកគេ​ប្រព្រឹត្ត​ខុស​ទេ ប៉ុន្តែ​ធ្វើ​តាម​ការណែនាំ​របស់​សាស្ត្រាចារ្យ​។​

​នៅក្នុង​សារ​បង្ហោះ​តាម​ហ្វេ​សប៊ុក សាស្ត្រាចារ្យ ម៉ា​រី ច​យ មែន​ដា​ណេ អ័​រទីស (Mary Joy Mandane-Ortiz) បាន​និយាយថា​លោកស្រី​បាន​ស្នើសុំ​ឱ្យ​សិស្ស​របស់​លោកស្រី​រៀបចំ​មួក​សម្រាប់​​ការប្រឡង​ពាក់កណ្តាល​ឆមាស​របស់​ពួកគេ​។​

​លោកស្រី​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​ច្នៃ​មួក​តាម​អំពើ​ចិត្ត ហើយ​សិស្ស​របស់​គាត់​បាន​គោរព​តាម​យ៉ាង​ម៉ឺងម៉ាត់​។ ការ​រចនា​មួយចំនួន​របស់​ពួកគេ​គឺ​មាន​សម្ភារៈ​កែច្នៃ​ដូចជា ប្រអប់​ដាក់​ស៊ុត​និង​ឡាំង​ក្រដាស​។ អ្នកខ្លះ​ទៀត​ប្រើ​ស្នួរ​ព្យួរ​ខោអាវ មួកសុវត្ថិភាព​ម៉ូតូ និង កន្សែងពោះគោ​។ ហើយ​សិស្ស​ជាច្រើន​បាន​គូររូប​បន្ថែម​លើ​មួក​របស់​ពួកគេ​។​

​សាស្ត្រាចារ្យ​អ័រទីសបាន​សរសេរថា “​ខ្ញុំ​ពិតជា​ស្រឡាញ់ និង [​ខ្ញុំ​] មាន​មោទនភាព​ចំពោះ​សិស្ស​របស់ខ្ញុំ ពីព្រោះ​ការប្រឡង​ពាក់កណ្តាល​ឆមាស​ផ្នែក​វិស្វកម្ម​របស់​ពួកគេ​អាច​មាន​សម្ពាធ​និង​តានតឹង​ណាស់ ប៉ុន្តែ​ពួកគេ​នៅតែ​អាច​បន្ថែម​ពណ៌​និង​ភាពសប្បាយ​រីករាយ​មួយចំនួន​។ អរគុណ​ច្រើនណាស់​កូនសិស្ស​។ អ្នក​ធ្វើ​ឱ្យ​ខ្ញុំ​មាន​មោទនភាព​”​។​

​លោកស្រី​សាស្ត្រាចារ្យ​បាន​ទទួលយក​ការ​បំផុសគំនិត​នេះ​ពី​សាកលវិទ្យាល័យ​ថៃ​ដែល​តម្រូវ​ឱ្យ​និស្សិត​ពាក់​ឧបករណ៍​ដូច​មួក​លើ​ក្បាល​សេះ​ធ្វើ​ពី​ក្រដាស​ដើម្បី​កុំឱ្យ​ភ្នែក​ងាក​ចុះឡើង​ក្នុង​ឆ្នាំ ២០១៣​។ ក្នុង​អំឡុងពេល​នោះ សាកលវិទ្យាល័យ​កា​សេត​សាត (Kasetsart) បាន​រង​ការរិះគន់​ពី​អ្នក​និយម​លេង​អ៊ីនធឺណិត​ថៃ ហើយ​វិធានការ​ប្រឆាំង​នឹង​ការលួចចម្លង​ត្រូវបាន​លុបចោល​យ៉ាង​រហ័ស​៕

​និស្សិត​ហ្វីលីពីន​ពួក​មួក​កែច្នៃ​របស់​ពួកគេ​អំឡុងពេល​ប្រឡង​នៅ​សប្តាហ៍​នេះ