ដោយៈ ប.ខុន / ភ្នំពេញៈ គ្រប់អាងទឹកតូចធំ នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបិទទ្វារ ដើម្បីរក្សាទឹកទុក សម្រាប់ស្រោចស្រពដំណាំស្រូវប្រាំង ឆ្នាំ២០២២-២០២៣ និងទឹកប្រើ ប្រាស់ប្រចាំថ្ងៃ ជាពិសេស ដើម្បីបន្ថយបរិមាណទឹក នៅតាមប្រឡាយ ទុកលទ្ធភាពជូន ប្រជាកសិករ ធ្វើស្រូវប្រដេញទឹក ឱ្យបានទាន់ពេលវេលា។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ថាៈ ទ្វារទឹកអាងត្រពាំងថ្ម ត្រូវបានបិទទាំងស្រុងហើយ បន្ទាប់ពីមានការឯកភាពគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និងមន្ទីរជំនាញរួចមក។ ទឹកអាងត្រពាំងថ្ម ពេលបិទ នៅក្នុងបរិមាណប្រមាណជា ១៨០ លានម៉ែត្រគូប។ ទឹក ពីផ្នែកខាងលើ នៅបន្តហូរចូលអាងត្រពាំងថ្ម និងហូរចេញលើទ្វារបង្ហៀរ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ការបិទ ទ្វារទឹក ដើម្បីរក្សាទឹកទុក សម្រាប់ការងារបង្កបង្កើនផល នៅពេលខាងមុខ ជារឿងមួយ និងពិសេសជាងនេះទៅទៀតនោះ គឺដើម្បីបន្ថយបរិមាណទឹក នៅតាមប្រឡាយមេ ទុកលទ្ធភាពជូនប្រជាកសិករ ចាប់ផ្តើមធ្វើស្រូវប្រដេញទឹក ដោយត្រូវបូមទឹកចេញ ពីក្នុងស្រែ្រ មុននឹងឈានទៅដល់ អាចសាបព្រោះបាន។

លោក យឹម ប៊ុនរ៉ុម បានបញ្ជាក់ថាៈ អាងទឹកផ្សេងទៀត ក៏បានបិទទ្វារអស់ហើយដែរ ដើម្បីរក្សាទឹកទុក  ប្រជាកសិករ បានចាប់ផ្តើមភ្ជួររាស់ សាបព្រោះស្រូវប្រដេញទឹកហើយ នៅពេលនេះ។ អាងទឹកសំខាន់ៗ ដែលមានសក្តានុពលទឹក សម្រាប់ស្រោចស្រពដំណាំ ស្រូវប្រាំង ឆ្នាំ២០២២- ២០២៣ ក្នុងខេត្តបន្ទាយមានជ័យ មានចំនួន១១  ដែលក្នុងនេះ មានអាងត្រពាំងថ្ម អាងពន្លៃ ស្ទឹងស្រែង អាងទានកាំ ប្រឡាយកុមារ ពោធ៍ពីរដើម ប្រឡាយដូនអាវ ប្រឡាយព្រៃខ្ពស់ អាងអូរពោធ៍ សំណង់សំបូរ និង អាងកណ្តាល៕ V / N