ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបញ្ជាក់ថាៈ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២០-២១ ខែតុលា ឆ្នាំ២០២២ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះ ឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង ៣ ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពី បញ្ជីបោះឆ្នោតជិត ៦ ពាន់នាក់ និងអ្នកដែលបានផ្ទេរទីលំនៅ ចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង ១ ម៉ឺននាក់។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប. បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលានេះថាៈ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់សរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ២០-២១ ខែតុលា នៃការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺមានប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣២.១៦៥ នាក់ (ស្រី ១៦.១១១ នាក់)។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី បោះឆ្នោត មានចំនួន ៥.៨៥៧ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៩៩៤ នាក់ ។ អ្នកដែលបានផ្ទេរទីលំនៅ ចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១០.១៧០ នាក់។

គ.ជ.ប. បានបញ្ជាក់ថាៈ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យមើលឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋ ដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោត ពីមុនមក អញ្ជើញទៅចុះឈ្មោះ បោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។

សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/voter-list-revision-2022 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕ V / N

រូបថតៈ ( សកម្មភាពប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ) (ប្រភពរូប  គជប)