ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដើម្បី ដង្ហែ ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ត ប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ ហើយបច្ច័យ ដែលប្រមូលបានពីកំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ក្នុងអង្គកឋិននេះ បានចំនួនជាង ១៤ ម៉ឺនដុល្លារអាមេរិក សំរាប់យកទៅកសាងព្រះវិហារ និងសមិទ្ធផល នានាក្នុងវត្ត ។

គួរបញ្ជាក់ថា កាលពីរសៀល ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ នេះ រដ្ឋបាលរាជធានី ភ្នំពេញ ធ្វើបុណ្យកឋិនទាន វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងព័ន្ធសីមាវត្តប្រសិទ្ធីរីម្មារាម ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

អង្គកឋិនដែលផ្តួចផ្តើមឡើងដោយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងអស់លោក លោកស្រី ក្នុងគណៈអភិបាលរាជធានីភ្នំពេញ, មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ, អាជ្ញាធរដែនដីសង្កាត់ ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដោយបានជួបជុំគ្នា ក្នុងបរិវេណសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ តុលា ដើម្បីរៀបចំពិធីក្រុងពាលី និងធ្វើបទនមស្ការព្រះរតនៈត្រៃ សមាទានសីល និងនិមន្ត ព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ព្រមទាំងបានចាប់មគ្គផលទៅតាម កំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ វិញ្ញាណក្ខន្ធ បុព្វការីជន មានមាតាបីតា ជីដូនជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ហើយនោះ។

បុណ្យកឋិនទាន ជាបុណ្យដែលមានកាលវេលាច្បាស់លាស់ មិនមែនចេះតែនឹកឃើញធ្វើ បាននោះទេ ក្នុងន័យប្រគេនស្បង់ចិវរដល់ព្រះសង្ឃ រួមទាំងទេយ្យវត្ថ ​ដែលជាតម្រូវការ ចាំបាច់ សំរាប់ព្រះសង្ឃក្នុងឱកាស កាន់ព្រះវស្សា រយៈពេល​ ៣ខែ។ តាមពុទ្ធានុញ្ញាត ការធ្វើបុណ្យកឋិនទាន គឺព្រះសង្ឃដែលទទួលក្រាលគ្រង និងពុទ្ធបរិស័ទ អ្នកផ្តើមធ្វើ បុណ្យកឋិន គឺបានអានិសង្ឃ៥ យ៉ាងដូចគ្នាគឺ៖ ប្រាជ្ញាឆ្លាតវៃ, ពណ៌សម្បុរល្អ, ទ្រង់ទ្រាយល្អ, ក្លាយជាស្តេចចក្រពត្តិគ្រប់ៗជាតិ និងបានជួបសម្បត្តិ ៤គឺ៖ សម្បត្តិមនុស្ស, សម្បត្តិទេវតា, សម្បត្តិព្រហ្ម និងសម្បត្តិព្រះនិពាន្វ តាមប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា ក្នុងមួយវត្ត អាចដង្ហែអង្គកឋិនទាន ចូលបានតែម្តងគត់ ក្នុងមួយរដូវ ដែលជាការជួយសម្រួលដល់ ព្រះសង្ឃដែលជួបការលំបាក ក្នុងការនិមន្តបិណ្ឌបាត្រ ក្នុងរដូវវស្សា ផងដែរ។

សូមបញ្ជាក់ផងដែរថា៖ វត្តប្រសិទ្ធីរីម្មារាម ជាវត្តដែលទើបបង្កើតថ្មី ដែលទទួលបានការ យកចិត្តទុកដាក់ យ៉ាងខ្លាំងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ក្នុងការកសាងទីសេនាសនៈ ក៏ដូចហេដ្ឋារចនាសម្ពន្ធ័ ក្នុងវត្ត ក៏ដូចបណ្តាវត្តនានា ក្នុងរាជធានីភ្នំពេញផងដែរ។ កឋិនទាន ក៏ជាការជួបជុំពុទ្ធបរិស័ទ ញាត្តិមិត្ ​បងប្អូន បង្កើនសាមគ្គីភាព ក្នុងការធ្វើបុណ្យទាន និងជាការរួមចំណែកលើកកំពស់វិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែរុងរឿងថែមទៀត។

សូមជំរាបថា បច្ច័យដែលប្រមូលបានពី កំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ មានជាង ១៤ ម៉ឺនដុល្លារអាមេរិក សំរាប់យកទៅកសាងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តប្រសិទ្ធីរីម្មារាម នាពេលនេះ៕ V / N