​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Apple ត្រូវ​គេ​និយាយថា​នឹង​បន្ថយ​ការផលិត​ទូរស័ព្ទ iPhone 14 Plus ថ្មី​របស់​ខ្លួន ៤០ ភាគរយ ពោល​ទើបតែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​ចេញ​លក់​នៅ​ខែ​កញ្ញា ដោយសារ​កង្វះ​តម្រូវការ​ក្នុងចំណោម​អតិថិជន​។​

​របាយការណ៍​ពី​វេបសាយ Information បាន​និយាយថា ក្រុមហ៊ុន​នៅ​ទី​ក្រុងឃូ​ភើ​ទីណូ (Cupertino) នេះ​បាន​ប្រាប់​អ្នក​ផលិត​របស់​ខ្លួន​មួយ​នៅក្នុង​ប្រទេស​ចិន​ឱ្យ​បញ្ឈប់​ការផលិត​ខណៈ​រោង​​ចក្រ​ពីរ​ផ្សេង​ទៀត​នៅ​ចិន​បាន​បន្ថយ​ការផលិត ៧០ ភាគរយ​និង ៩០ ភាគរយ​។​

​ដំណឹង​នេះ​កើតឡើង​តិចជាង​មួយ​ខែ​ចាប់តាំងពី​ក្រុមហ៊ុន Apple បាន​បញ្ឈប់​ការផលិត iPhone 14 របស់​ខ្លួន​សម្រាប់​ហេតុផល​ដូចគ្នា នេះ​បើ​យោងតាម Bloomberg ផ្សាយ​ក្នុង​ខែ​កញ្ញា​។​

​ខណៈ​ក្រុមហ៊ុន Apple មិន​បាន​ប្រកាស​ពី​ចំណាត់ការ​នេះ​ជា​សាធារណៈ​នោះ អ្នកខ្លះ​ប៉ាន់ស្មាន​ថា តម្រូវការ​ខ្សោយ​គឺ​បណ្តាលមកពី​អតិផរណា​ទូទាំង​ពិភពលោក ដែល​បាន​បង្កើន​ថ្លៃ​ចំណាយ​រស់នៅ អាហារ និង​របស់របរ​ចាំបាច់​ផ្សេងទៀត​។​

​វេបសាយ Information បាន​កត់សម្គាល់​ថា ទោះបីជា​គ្រួសារ iPhone 14 មិនមែន​ជា​ជោគជ័យ​តែ​មួយ​ប៉ព្រិចភ្នែក​ដូចដែល Apple បាន​រំពឹងទុក​ក៏ពិតមែន ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​ការផលិត iPhone 15 សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំក្រោយ​៕

​ក្រុមហ៊ុន Apple បន្ថយ​ការផលិត​ទូរស័ព្ទ iPhone 14 Plus ថ្មី​របស់​ខ្លួន ៤០ ភាគរយ​