ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក អ៊ុំ សុមន្ថា អនុប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញប្ញទ្ធិ ប្រធានគណបក្ស កម្ពុជានិយម បានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ទាំងពីរគណបក្ស នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីសកម្មភាព និងគោលដៅ បង្កើតប៉ូលនយោបាយ ប្រជាធិបតេយ្យសេរីថ្មី និយមកណ្ដាល ។

ពិធីសំណេះសំណាលនេះ​ បានធ្វេីឡេីងនៅខេត្តសៀមរាប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២​ នៅខេត្តបន្ទាយមានជ័យ​ លោក ញឹក ប៊ុនឆៃ លោក អ៊ុំ សុមន្ថា និងលោក យ៉ែម បុញ្ញប្ញទ្ធិ បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ទាំងពីរគណបក្ស នៅខេត្តបន្ទាយមានជ័យ ដើម្បីផ្សព្វផ្សាយអំពី សកម្មភាព និងគោលដៅ បង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីនិយមកណ្ដាល ដែលមានអ្នកចូលរួមប្រមាណជាង ២០០ នាក់​។

គួរបញ្ជាក់ថា​ ក្នុងស្មារតីនៃកិច្ចព្រមព្រៀងរវាង គណបក្សខ្មែររួបរួមជាតិ និងគណបក្ស កម្ពុជានិយម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឆ្ពោះទៅគោលដៅបង្កើតប៉ូលនយោបាយថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្ត យុវជន ស្តី្រ អ្នកតស៊ូ ដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ដើម្បីកសាងគ្រឹះ ប្រជាធិបតេយ្យ សេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងសង្គមយុត្តិធម៌ ទំនើប ជឿនលឿនថ្លៃថ្នូរ ជាផលប្រយោជន៍ សម្រាប់ប្រជាជាតិខ្មែរ គណបក្សទាំងពីរ បានប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវកិច្ចព្រមព្រៀងរួបរួមគ្នា ដោយឈរលើគោលការណ៍៖

១. គោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២. អនុវត្តតាមស្មារតី នៃកិច្ចព្រម ព្រៀងសន្តិភាពក្រុងប៉ារីស៍ ២៣​ តុលា​ ១៩៩១ ក្នុងគោលដៅបង្រួបបង្រួមជាតិ​ ផ្សះផ្សាជាតិ បន្ដដំណើរឆ្ពោះទៅមុខក្នុងបុព្វហេតុជាតិ ប្រជាធិបតេយ្យសេរី នីតិរដ្ឋ និងកសាងអនាគតថ្មីដើម្បីកម្ពុជា។
៣. ស្មោះត្រង់ចំពោះសង្គមជាតិមាតុភូមិ និងប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី អធិបតេយ្យភាព ឯករាជ្យ។
៤.ស្មោះត្រង់ ជឿជាក់ និងគោរពផ្ដល់តម្លៃគ្នាទៅវិញទៅមក ប្រកបដោយភាគរភាព និង សេចក្តីថ្លៃថ្នូរ ជៀសវាងការញុះញង់ លាបពណ៌មួលបង្កាច់ ជេរប្រមាថ និងការបំបែកបំបាក់ ដោយប្រការផ្សេងៗ។
៥.​ ប្រកាន់យកគោលការណ៍និយម ប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីសម្រេចគោលដៅ និង ចក្ខុវិស័យរួមដើម្បីសង្គមជាតិចូលរួមប្រកួតប្រជែងនយោបាយដោយអហិង្សា​ តាមរយៈការ បោះឆ្នោត ដោយសេរី និងយុត្តិធម៌។

គណបក្សទាំងពីរ សូមអំពាវនាវដល់គណបក្សនយោបាយប្រជាធិបតេយ្យ ក្រុមអ្នកនយោ បាយប្រជាធិបតេយ្យ និស្សិត បញ្ញវន្ត យុវជន ស្រ្តី ចូលរួបរួមគ្នា ជាកម្លាំងប៉ូលនយោបាយ ប្រជាធិបតេយ្យសេរីថ្មីនេះ។ យើងប្រកាន់យកនូវការ សន្ទនាបែបប្រជាធិបតេយ្យ ប្រកបដោយភាពស្មោះត្រង់ ស្ថាបនានិយម ដើម្បីកសាងគណបក្សមួយ ដែលមាន ប្រជាធិឃាតយ្យ ផ្ទៃក្នុងរឹងមាំ សម្រាប់ប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ សេរីនិយម ឆ្ពោះទៅស្ថាបនាប្រជាធិបតេយ្យសេរី នីតិរដ្ឋ និងសង្គមជឿនលឿនថ្លៃថ្នូរ ពិតប្រាកដនៅកម្ពុជា៕ V / N

រូបថត៖​ ( លោកញឹក ប៊ុនឆៃ និងលោកយ៉ែម បុញ្ញប្ញទ្ធិ ចុះផ្សព្វផ្សាយអំពីសកម្មភាព និងគោលដៅ បង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីនិយមកណ្ដាល )