ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជក់ថាៈ ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ, សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ ក្នុងការពង្រឹង និងពង្រីកសេដ្ឋកិច្ចក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងការងាយទទួល រងនូវឥទ្ធិពលពីខាងក្រៅប្រទេស។ ក្នុងស្មារតីនេះ, ក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញ ប្រកបដោយភាពរឹងមាំ និងការវិលត្រឡប់ទៅរកមាគ៌ាកំណើន ប្រកបដោយចីរភាព, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកស្ទួយ វិស័យឯកជនក្នុងស្រុក ជាពិសេស ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច។

ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ។

លោកបណ្ឌិត ហ៊ុន​ ម៉ាណែត បានបន្តថាៈ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការគាំទ្រជាបន្តបន្ទាប់ ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ, ការសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់ ប្រកបដោយភាព ប្រកួតប្រជែង។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលេីកឡេីងថាៈ​ ក្នុងដំណាក់កាល នៃការរាតត្បាតខ្លាំង នៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល ដែលបានបង្កផលប៉ះពាល់ ធ្ងន់ធ្ងរ ដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ក្រុមហ៊ុន នៅតែខិតខំពុះពារជម្នះការលំបាក រហូតសម្រេចបាននូវការវេចខ្ចប់លើកដំបូង និងការចែកចាយ នៅលើទីផ្សារ ក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយប្រើប្រាស់រយៈពេលត្រឹម ២ ឆ្នាំប៉ុណ្ណោះ។ នេះគឺជាសក្ខីភាពមួយ បង្ហាញឱ្យឃើញ អំពីការប្តេជ្ញាចិត្តខ្ពស់ និងទស្សនវិស័យច្បាស់លាស់របស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាភាពធន់ជាមួយនឹងវិបត្តិកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ នៅក្រោយវិបត្តិ។

លោកបណ្ឌិត ហ៊ុន​ ម៉ាណែត បានបន្តថាៈ ព្រឹត្តិការណ៍នេះ ក៏ជាមោទនភាព ដោយបានឃើញក្រុមហ៊ុន ក្នុងស្រុកថ្មីមួយទៀត តួយ៉ាងដូចជា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នេះផ្ទាល់ ដែលបានប្រើប្រាស់ទុនវិនិយោគទាំងស្រុង ១០០% ជាទុនក្នុងស្រុក ដើម្បីបើកដំណើរការរោងចក្រដ៏ធំសម្បើម និងទំនើបមួយនេះ ដែលមានស្តង់ដារ នៃការផលិតខ្ពស់ និងធានាបាននូវគុណភាព កាន់តែល្អប្រសើរ សម្រាប់អតិថិជន ទាំងក្នុងស្រុក និងទីផ្សារក្រៅប្រទេស។ តាមរយៈនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញពិពិធកម្ម និងពង្រឹងផលិតកម្មក្នុងស្រុក ដែលអាចបង្កើតការងារ បានរហូតដល់ទៅ ៥០០ កន្លែង នៅក្នុងរោងចក្រផ្ទាល់ ក៏ដូចជាការចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យ កសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀត នៅកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត មួយវិញទៀត ការបើកដំណើរការរោងចក្រ នាពេលនេះ ក៏បានបង្ហាញឱ្យឃើញ អំពីសក្តានុពល នៃវិស័យវិនិយោគនៅកម្ពុជា ជាពិសេសការគាំទ្រ ដល់ការបោះជំហានទៅមុខ នៃចក្ខុវិស័យ ក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនា សម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី “ឧស្សាហកម្មអតិពលកម្ម” ឈានទៅជា “ឧស្សាហកម្មផ្អែក លើជំនាញ និងបច្ចេកវិទ្យា” ដូចមានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។ ក្នុងបរិការណ៍នេះ ការអភិវឌ្ឍប្រទេសមួយ ប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ជាមួយនឹងការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់ រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ ដើម្បីធ្វើឱ្យវិស័យ ឯកជន អាចអភិវឌ្ឍន៍ខ្លួន យ៉ាងឆាប់រហ័ស និងដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ហើយអាចចូលរួមចំណែក ដោយផ្ទាល់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈ ការបង្កើតការងារ និងការពង្រឹងភាពប្រកួតប្រជែង និងដោយប្រយោល តាមរយៈការបង្កើន ចំណូលពន្ធ និងការបង្កើនការវិនិយោគ៕/V-PC