គ្រូបង្វឹក​កូ​ឡុំ​ប៊ី​បារម្ភ​ពី​ស្ថានភាព​របួស​របស់ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស មុន​ជំនួប​ជាមួយ​អង់គ្លេស​

968
ចែករម្លែក

​ភាពសប្បាយ​រីករាយរ​បស់​ក្រុម​កូ​ឡុំ​ប៊ី​បាន​កើតមាន បន្ទាប់ពី​ឡើងដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​វើ​ល​ខាប់ ហើយ​ប្រែជា​ស្រអាប់​ដោយសារតែ​បារម្ភ​អំពី​ស្ថានភាព​របួស​របស់​កីឡាករ សំខាន់​របស់ខ្លួន​។​
​ ​
​ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) ត្រូវបាន​ប្តូរ​ចេញ​នៅ​នាទី​ទី​៣១ មុនពេល​ក្រុម​កូ​ឡុំ​ប៊ី​យក ឈ្នះ​ក្រុម​សេ​ណេ​ហ្គា​ល់​១-០ កាលពី​យប់​ថ្ងៃ​ព្រ​ហ្ប​តិ៍​។​

​ជ័យជម្នះ​នេះ​បាន​ជំរុញ​ក្រុម​កូ​ឡុំ​ប៊ី​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​លើក​ទី​២​ជាប់​គ្នា​នៅ​វើ​ល​ខាប់​។ ក្រុម​កូ​ឡុំ​ប៊ី​នឹង​លេង​ជាមួយ​ក្រុម​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​មូ​ស្គូ​។​
​ ​
​ភ្លាមៗ​បន្ទាប់ពី​ជ័យជម្នះ​នេះ កីឡាករ​ជាច្រើន​រួមទាំង​គ្រូបង្វឹក ចូ​សេ ប៉េ​គ័​រ​មែន (Jose Pekerman) នៅ​ជាមួយ​កីឡាករ រ៉ូ​ឌ្រី​ហ្គេ​ស​។ ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លឹប Bayern Munich រូបនេះ​មាន​បញ្ហា​សាច់ដុំ​កំភួនជើង ចាប់តាំងពី​ចាប់ផ្តើម​ការប្រកួត​វើ​ល​ខាប់​។​
​ ​
​លោក ប៉េ​គ័​រ​មែន បាន​និយាយថា “​ខ្ញុំ​បារម្ភ​មែនទែន​។ វា​គឺជា​ស្ថានភាព​សម្រាប់​យើងទាំងអស់គ្នា​។ គាត់​ហ្វឹកហាត់​ធម្មតា​។ គាត់​អាច​ហ្វឹកហាត់​បាន ហើយ​នៅ​វគ្គ​ហ្វឹកហាត់​ចុងក្រោយ​គ្មាន​ព័ត៌មាន ពី​បញ្ហា​របួស​ណាមួយ​ទេ​។ នៅពេលនេះ ខ្ញុំ​មិនដឹងថា គាត់​អាច​លេង​បាន​ឬ​យ៉ាងណា​នោះទេ​”​។​
​ ​
​កាលពី​បួន​ឆ្នាំមុន ក្រុម​កូ​ឡុំ​ប៊ី​ឆ្លង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ ប៉ុន្តែ​បែរជា​ចាញ់​ក្រុម​ប្រេ​ស៊ី​ល​។ រ៉ូ​ឌ្រី​ហ្គេ​ស គឺជា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម ដោយ​រកបាន​៦​គ្រាប់​ច្រើនជាង​កីឡាករ​កូ​ឡុំ​ប៊ី​ផ្សេងទៀត នៅ​ព្រឹត្តិការណ៍​វើ​ល​ខាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez)

ទីតាំងផ្សាយពាណិជ្ជកម្ម