ដោយៈប.ខុន/ ភ្នំពេញៈ គម្រោងសាងសង់ផ្លូវបេតុងឆ្អឹងដែកលើខ្នងទំនប់អាងត្រពាំងថ្មអនុវត្តបានលទ្ធផលប្រមាណជា៥០ភាគរយនៃគម្រោងទាំងមូលហើយ ដោយក្នុងនេះការ ងារធ្វើគ្រឹះបានរួចមួយរយភាគរយ ការងារចាក់បេតុងឆ្អឹងដែកអនុវត្តបានប្រវែង១៣.០១៥ម៉ែត្រទទឹង៣ម៉ែត្រ។ផ្លូវបេតុងលើខ្នងទំនប់អាងត្រពាំងថ្មមានប្រវែង២១គីឡូម៉ែត្រ។


លោកយឹម ប៊ុនរ៉ុមប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២២ថាការស្ថាបនាផ្លូវបេ តុងឆ្អឹងដែកលើផ្លូវទំនប់អាងត្រពាំងថ្មគិតជារួមមកដល់ថ្ងៃទី២១ខែតុលាអនុវត្តបានលទ្ធផលការងារប្រមាណជា៥០ភាគរយហើយ ដោយការងារគ្រឹះបានរួចរាល់ទាំងស្រុងនៅសល់ តែការងារចាក់បេតុងដែលទើបអនុវត្តបានប្រវែង១៣.១៥៥ម៉ែត្រ ទទឹង៣ម៉ែត្រ(មួយចំហៀងនៃផ្លូវ)កម្រាស់០,២ម៉ែត្រ។
ប្រធានមន្ទីរខាងលើបញ្ជាក់ថា ផ្លូវខ្នងទំនប់អាងត្រពាំងដែលត្រូវចាក់បេតុងនេះមានប្រវែង២១គីឡូម៉ែត្រទទឹង៦ម៉ែត្រការងារចាក់បេតុងកន្លងទៅមិនបានលឿនរាល់ដោយសារភ្លៀងនិងផ្លូវពិបាកដឹកបេតុងចូល តែការងារបានរួចហើយ ។ ពេលការងារចាក់បេតុងបានលឿនហើយបន្ទាប់ពីអស់ភ្លៀង អាចដល់ពាក់កណ្តាលខែធ្នូរួចរាល់ហើយ។គម្រោងសាងសង់ផ្លូវបេតុងនេះត្រូវប្រើពេលយូរជាង ការចាក់កៅស៊ូ តែវាមានគុណភាណល្អសម្រាប់ការប្រើប្រាស់បានយូរអង្វែរទាំងផ្លូវនិងទំនប់របស់អាងទឹក ។ គម្រោងនេះពីដំបូងត្រូវចាក់ក្រាលកៅស៊ូទេ។
គម្រោងសាងសង់ផ្លូវខាងលើជាបន្ទាន់ដោយក្រសួងធនធានទឹកនិងឧតុនិយមនេះបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអ្នករស់នៅនិងប្រើប្រាស់ផ្លូវនេះផ្ទាល់បានស្នើសុំសម្តេចតេជោនៅក្នុងឱកាសសម្តេចអញ្ជើញចូលរួមក្នុងកម្មវិធីទិវាមច្ឆាជាតិនៅអាងត្រពាំងថ្មកាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២២កន្លងទៅនេះរួចមក។ គម្រោងខាងលើនេះតាមពិតត្រូវចាក់កៅស៊ូតាំងពីឆ្នាំ២០១៣មកម្ល៉េះ តែដោយសារមានការប្រទាញប្រទង់គ្នាជាមួយនឹងស្ថាប័នជំនាញផ្សេងទៀតទើបធ្វើឱ្យការសាងសង់ផ្លូវនេះខកខានរហូតដល់ពេលនេះ៕ N