ដោយមុនីរ័ត្ន/ភ្នំពេញៈ លោកសួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ គឺជាខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ១៩៩១ ហើយរយៈពេល ៣១ឆ្នាំ គឺឥតមានសេសសល់ចំណុចអ្វីដែលត្រូវយកមកអនុវត្តន៍ទៀតទេ ខណ:ភាគីអ្នកដែលត្រូវមានករណីយកិច្ចត្រូវគោរពនោះក៏ចប់បេសកកម្មរបស់ខ្លួនរួចអស់ហើយដែរ តែវានៅសល់តែ «ស្មារតី» នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលបានដាក់បញ្ចូលក្នុង ច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជានោះហើយ ដែលប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយខ្មែរគ្រប់ជំនាន់ សមាជិកសភា រាជរដ្ឋាភិបាល និងបណ្តាប្រទេសជា ហត្ថលេខីទាំង ត្រូវតែរួមគ្នាគោរពជារៀងរហូត… ។

លោក សួន សេរីរដ្ឋា បានបន្តថា ទាក់ទងវិសាលភាពនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ១៩៩១ ចែកជាពីរដំណាក់កាលដាច់ពីគ្នាគឺ ៖ ១- ដំណាក់កាលពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី ២៣ តុលា ១៩៩១ រហូតដល់បញ្ចប់ការបោះឆ្នោត ប្រកាសលទ្ធផលនៅឆ្នាំ ១៩៩៣ បង្កើតសភាធម្មនុញ្ញ ហៅថា «ដំណាក់កាលអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» និង២- ដំណាក់កាលពីក្រោយសភាធម្មនុញ្ញា ក្លាយមកជាសភាជាតិ បង្កើតរាជរដ្ឋាភិបាលតាំងពី អាណត្តិទី ១ រហូតមកដល់បច្ចុប្បន្ន ហៅថា «ដំណាក់កាលគោរពស្មារតី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» ។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តថា ការអនុវត្តន៍កិច្ចព្រមព្រៀង ៖ វាជាដំណាក់កាលអន្តរកាល ដែលដឹកនាំការអនុវត្តន៍ដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (United Nation Transitional Authority in Cambodia) អ៊ុនតាក់ (UNTAC) ជាមួយនឹង ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា (Supreme National Council of Cambodia) ហៅថា SNC ដើម្បីអនុវត្តន៍ ៖ ១- ពិនិត្យការដកកងទ័ពវៀតណាមចេញពីកម្ពុជា ២- ដោះលែងអ្នកទោសនយោបាយ ៣- ពិនិត្យកាត់រំសាយកម្លាំងប្រដាប់អាវុធភាគីខ្មែរទាំង ៤ ក្រុម ៤- ធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនខ្មែរពីជំរុំជាយដែន ៥- រៀបចំការបោះឆ្នោតសាកលដើម្បីបង្កើតរដ្ឋធម្មនុញ សភា និងរដ្ឋាភិបាល ។ ដំណាក់កាលនៃការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនេះជា ដំណាក់កាលអន្តរកាលមួយ ដែលតម្រូវឲ្យបង្កើតច្បាប់អន្តរកាលមួយចំនួនទុកអនុវត្តន៍លើអ្នកប្រព្រឹត្តិខុសច្បាប់ផងដែរ ឧទាហរណ៍ដូចជា «ច្បាប់ព្រហ្មទណ្ឌអន្តរកាលរបស់អ៊ុនតាក់» ជាដើម ។
នេះហៅថាជា ដំណាក់កាល «អនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» គឺគ្រប់ភាគីភាគីហត្ថលេខី មានករណីយកិច្ចរួមគ្នាអនុវត្តន៍តាមខ្លឹមនៃកិច្ចព្រមព្រៀងទាំង ៣ និងសេចក្តីថ្លែងការណ៍រួម ១ របស់ទីក្រុងប៉ារីសកាលពីថ្ងៃទី ២៣ តុលា ១៩៩១ ។ តែភាគីអតីតៈក្រុមខ្មែរក្រហម «កម្ពុជាប្រជាធិបតេយ្យ» មិនបានចូលរួមអនុវត្តន៍ទេ ។
ប្រភពដដែលបានបន្តថា ការគោរពស្មារតីកិច្ចព្រមព្រៀង ៖ វាដំណាក់បន្ទាប់ពីក្រោយដែលកម្ពុជា មានច្បាប់រដ្ឋធម្មនុញ្ញ មានសភាជាតិ បង្កើតរាជរដ្ឋាភិបាលអាណត្តិទី១ ពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ ។ តាំងពីក្រោយបោះឆ្នោត ឆ្នាំ១៩៩៣ មានរដ្ឋធម្មនុញ្ញ មានសភា បង្កើតរាជរដ្ឋាភិបាលអាណត្តិទី ១ មកនោះគឺអត់មានសល់ កិច្ចព្រមព្រៀងអីដែលត្រូវយកមកអនុវត្តន៍ទៀតទេ ! គឺមាននៅសល់តែ «ស្មារតីនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស» តែប៉ុណ្ណោះដែលត្រូវបន្តគោរពជារៀងរហូតដោយមិនអានលុបបំបាត់ឬបំពានបាន នោះគឺ ៖ ១- គោរពច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលកើយចេញពីការដាក់បញ្ចូលទាំងស្រុងនៃស្មារតីកិច្ចព្រមព្រៀង ទីក្រុងប៉ារូស ២៣ តុលា ១៩៩១ ។
២- ការរៀបចំឲ្យមានការបោះឆ្នោតរៀងរាល់ ៥ ឆ្នាំម្តងតាមគន្លងប្រជាធិបតេយ្យសេរីពហុបក្ស ។
៣- បើកឲ្យមានលំហរនៃសេរីភាពនយោបាយ តាមរយៈការផ្តលសិទ្ធិឲ្យពលរដ្ឋមានសិទ្ធិបង្កើតគណបក្សនយោបាយចូលរួមការបោះឆ្នោត ។
៤- បើកចំហរឲ្យមានសេរីភាពបញ្ចេញមតិ មានអង្គភាពសារព័ត៌មាន អង្គការសង្គមស៊ីវិល សហជីព និងសមាគម ។
៥- ពង្រឹងនីតិរដ្ឋ (ការអនុវត្តន៍ច្បាប់) និងលុបបំបាត់វប្បធម៌និទណ្ឌភាព (វប្បធម៌រួចទោស) និងបើកទ្វារចំហរទទួលជំនួយពីប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស នេះមកធ្វើការអភុវឌ្ឍន៍ប្រទេស ដោយរួមទាំងជំនួយឥតចំណង ជំនួយវិនិយោគ និងជំនួយបច្ចេកទេស ។

នេះហៅថា ជាដំណាក់កាល «គោរពស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាព ក្រុងប៉ារីស» ដែលជាការដែលត្រូវតែគោរពជារៀងរហូតរហូតមិនអាចបញ្ឈប់បាននិងមិនអាចកែប្រែ ។ ដូចនេះសរុបជារួមមក កិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ នេះឥតមានសេសសល់ចំណុចអីដែលត្រូវយកមកអនុវត្តន៍ទៀតទេ ! ហើយភាគីអ្នកដែលត្រូវមានករណីយកិច្ចត្រូវគោរពនោះក៏ចប់បេសកកម្មរបស់ខ្លួនរួចអស់ហើយដែរ ។ តែវានៅសល់តែ «ស្មារតី» នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលបានដាក់បញ្ចូលក្នុង ច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជានោះហើយ ដែលប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយខ្មែរគ្រប់ជំនាន់ សមាជិកសភា រាជរដ្ឋាភិបាល និងបណ្តាប្រទេសជា ហត្ថលេខីទាំងត្រូវតែរួមគ្នាគោរពជារៀងរហូត… ៕ N