​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អូស្ត្រាលី​និង​ជប៉ុន​បាន​ព្រមព្រៀង​ចែករំលែក​ព័ត៌មាន​សម្ងាត់​រសើប និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​កាលពី​ថ្ងៃ​សៅរ៍​ទី​២២​តុលា ដោយ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​ឥទ្ធិពល​យោធា​ចិន​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា និង​លោក អាន​ថូ​នី អាល់​បា​នី​ស (Anthony Albanese) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ភឺត (Perth)​ភាគ​ខាងលិច​ប្រទេស​​អូស្ត្រាលី ដោយ​កែលម្អ​កិច្ចព្រមព្រៀង​អាយុកាល ១៥ ឆ្នាំ​ដែល​បាន​ព្រាង​ឡើង នៅពេល​ដែល​អំពើ​ភេរវកម្ម​និង​ការ​រីកសាយ​អាវុធ​គឺ​ជា​កង្វល់​ធំ​លើសលប់​នៅ​កាលណោះ​។​

​មន្ត្រី​អូស្ត្រាលី​បាន​និយាយថា នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ កងកម្លាំង​យោធា​របស់​ប្រទេស​ទាំង​ពីរ​នឹង​ហ្វឹកហាត់​រួមគ្នា​នៅ​ភាគ​ខាងជើង​អូស្ត្រាលី ហើយ​”​ពង្រីក​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​​វិស័យ​ការពារ​ជាតិ ការចែករំលែក​ចារកម្ម​សម្ងាត់​” និង វិស័យ​ផ្សេងទៀត​។​

​ដោយ​សាទរ “​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​” លោក​អាល់​បា​នី​ស​បាន​និយាយថា​”​សេចក្តីប្រកាស​ជា​ប្រវត្តិសាស្ត្រ​នេះ​បញ្ជូន​សញ្ញា​ដ៏​រឹងមាំ​មួយ​ទៅ​កាន់​តំបន់​យុទ្ធសាស្ត្រ​​របស់​យើង​”​។​

​លោក​គី​ស៊ី​ដា​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​គឺជា​ការឆ្លើយតប​ទៅនឹង “​បរិយាកាស​យុទ្ធសាស្ត្រ​កាន់តែ​អាក្រក់​ទៅៗ​” ដោយ​មិន​បាន​លើកឡើង​ចំ​ឈ្មោះ​ប្រទេស​ចិន ឬ​កូរ៉េខាងជើង​នោះទេ​។​

​ទាំង​អូស្ត្រាលី​និង​ជប៉ុន​មិន​មាន​វិស័យ​ប្រតិបត្តិការ​ស៊ើបការណ៍​សម្ងាត់​ក្រៅ​ប្រទេស​ទេ ហើយ​អ្នកផ្តល់​ព័ត៌មាន​បរទេស​គឺ​ត្រូវការ​ចាំបាច់​ដើម្បី​លេង​នៅក្នុង​វិស័យ​ចារកម្ម​ពិភពលោក​។​

​ជប៉ុន​មិន​មាន​ទីភ្នាក់ងារ​ចារកម្ម​នៅ​បរទេស​ដូច CIA​របស់​អាម៉េរិក MI6​របស់​ចក្រភព​អង់គ្លេស ឬ FSB របស់​រុស្ស៊ី​នោះទេ​។ ASIO របស់​អូស្ត្រាលី​គឺ​មាន​ទំហំ​តូច​មួយ​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ស្ថាប័ន​​ទាំងនោះ​។​

​ប៉ុន្តែ​យោងតាម​អ្នកជំនាញ​ឈ្មោះ ប្រា​យ វេក​ហ្វៀល (Bryce Wakefield) អូស្ត្រាលី​និង​ជប៉ុន​មាន​សញ្ញា​និង​សមត្ថភាព​ភូមិសាស្ត្រ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ពោលគឺ​ឧបករណ៍​លួច​ស្តាប់​អេឡិចត្រូនិច​​និង​ផ្កាយរណប​បច្ចេកវិជ្ជា​ខ្ពស់ ដែល​ផ្តល់​ព័ត៌មាន​ចារកម្ម​មិន​អាច​កាត់ថ្លៃ​បាន​លើ​ពួក​សត្រូវ​។​

​លោក​វេក​ហ្វៀល នាយក​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​អូស្ត្រាលី បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​គឺជា​សញ្ញា​មួយ​ផ្សេង​ទៀត​ដែល​បង្ហាញ​ថា ជប៉ុន​កាន់តែ​សកម្ម​នៅក្នុង​ឆាក​សន្តិសុខ​។​

​លោក​បាន​និយាយថា “​វា​គឺជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ ដែល​ក្នុងនោះ​ជប៉ុន​មិន​ដែល​ធ្វើការ​ជាមួយ​ដៃគូ​ក្រៅ​ពី​សហរដ្ឋ​អាម៉េរិក​លើ​ផ្នែក​សន្តិសុខ​នោះទេ​។​វា​ពិតជា​អាច​ក្លាយជា​គំរូ​សម្រាប់​​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ផ្សេងទៀត ឧទាហរណ៍​ជាក់ស្តែង​គឺ​ចក្រភព​អង់គ្លេស​”​។​

​អ្នក​ខ្លះ​មើលឃើញ​កិច្ចព្រមព្រៀង​នេះ​ថា​ជា​ជំហាន​មួយទៀត​រុញ​ជប៉ុន​ឆ្ពោះទៅរក​ការចូលរួម​ជាមួយ​សម្ពន្ធភាព​ចែករំលែក​ចារកម្ម​ភ្នែក​ប្រាំ (Five Eyes) ដ៏​មាន​ឥទ្ធិពល​រវាង​អូស្ត្រាលី អង់គ្លេស កាណាដា នូវែ​លសេ​ឡង់ និង​សហរដ្ឋ​អាម៉េរិក​។​

​លោក កេ​ន កូតា​នី (Ken Kotani) អ្នកជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ចារកម្ម​ជប៉ុន​នៅ​សាកលវិទ្យាល័យ​នី​ហុន (Nihon)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា វា​គឺជា “​ព្រឹត្តិការណ៍​ដ៏​សំខាន់បំផុត ដែល​ជប៉ុន​អាច​ចែករំលែក​ចារកម្ម​សម្ងាត់​ជាមួយ​បរទេស លើកលែង​តែ​សហរដ្ឋ​អាម៉េរិក​”​។​

​លោក​បាន​បន្ថែមថា “​នេះ​នឹង​ពង្រឹង​ក្របខណ្ឌ​នៃ​ក្រុម Quad (​អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​សហរដ្ឋ​អាម៉េរិក​) ហើយ​ជា​ជំហាន​ដំបូង​សម្រាប់​ជប៉ុន​ក្នុង​ការចូលរួម​ជាមួយ Five Eyes”៕

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា ចូលរួម​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អូស្ត្រាលី​-​ជប៉ុន​ជាមួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី អាន​ថូ​នី អាល់​បា​នី​ស​