​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ លោក ស៊ូ​ត​ធី​រ៉ាត់ តូ​សាក់ (Suttirat Tosak) ពិតជា​សប្បាយចិត្ត​ដែល​បានឃើញ​ដៃគូ​ថ្មី​របស់​គាត់​មកពី​ប្រទេស​ចិន គឺ រថយន្ត​អគ្គិសនី​បើក​ស្វ័យប្រវត្តិ Q-Trucks ចំនួន ២០ គ្រឿង​ចូលរួម​ក្នុង​សកម្មភាព​លើកដាក់​ទំនិញ​នៅ​កំពង់ផែ​ឡែម​ឆាបា​ង (Laem Chabang) ដែល​ជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​ធំ​បំផុត​របស់​ថៃ​។​

​មក​ដល់​ពី​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន ឡាន​ដឹក​ទំនិញ​ទាំងនេះ​បាន​ត្រូវ​ធ្វើតេស្តិ៍​មុន​ពេល​ធ្វើការ​នៅ​ស្ថានី​យ​កុងតឺន័រ D នៃ​កំពង់ផែ​។​

​លោក​ស៊ូ​ត​ធី​រ៉ាត់​អាយុ ៤៥ ឆ្នាំ​បាន​ធ្វើការ​ជា​ជំនួយការ​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Hutchison Ports Thailand​សម្រាប់​គម្រោង​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ស្វ័យប្រវត្តិ​នេះ​ចាប់​​តាំងពី​ខែ​កញ្ញា​ឆ្នាំ ២០២០​។ គម្រោង​នេះ​មាន​គោលបំណង​ផ្តល់​នូវ​ភាព​ពេញលេញ​ដល់​ស្វ័យប្រវត្តិ​កម្ម រួម​ទាំង​យានយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​សម្រេចបាន​នូវ​ការការពារ​បរិស្ថាន​និង​សុវត្ថិភាព​​នៅក្នុង​ប្រតិបត្តិការ​របស់​កំពង់​ផែ​។​

​លោក​ស៊ូ​ត​ធី​រ៉ាត់​បាន​និយាយថា “​រថយន្ត Q-Truck គឺ​ជា​រថយន្ត​ដឹកទំនិញ​ឆ្លាត​វៃ​ដែល​មិន​ត្រូវការ​អ្នកបើកបរ ដែល​ដំណើរការ​ជាមួយ AI ឧបករណ៍​ចាប់​សញ្ញា និង GPS ។​ចាប់តាំងពី​ពួកវា​បាន​​មក​ដល់​កាល​ពី​ពីរ​ឆ្នាំ​មុន ពួក​វា​ត្រូវ​បាន​រួម​បញ្ចូល​ជាមួយនឹង​រថយន្ត​ដឹក​ទំនិញ​ធម្មតា​ដែល​មាន​ស្រាប់ ដើម្បី​ដឹក​ជញ្ជូន​កុងតឺន័រ​រវាង​ច្រកចូល​និង​ទីធ្លា​ផ្ទុក​កុងតឺន័រ​”​។​

​ជាមួយនឹង​ការបណ្តុះបណ្តាល​ផ្នែក​សុវត្ថិភាព អ្នកបើកបរ​យានយន្ត​ជាង ៣០.០០០ គ្រឿង​ដែល​ចូល​ស្ថានីយ D ឆាប់ៗ​នេះ​នឹង​បានធ្វើការ​ជាមួយ​រថយន្ត​ដឹកទំនិញ​ឆ្លាត​ទាំងនេះ​។​

​លោក​ស៊ូ​ត​ធី​រ៉ាត់ ដែល​ក្រុមការងារ​របស់​គាត់​កំពុងផ្តល់​ការបណ្តុះបណ្តាល​ផ្នែក​សុវត្ថិភាព បាន​និយាយថា “​អ្នកបើកបរ​ភាគច្រើន​យល់ថា រថយន្ត​ដឹកទំនិញ​ស្វយ័ត​អាច​មើលឃើញ​អ្វីៗ​ទាំងអស់​នៅក្នុង​បរិវេណ​របស់​វា​ភ្លាមៗ ហើយ​ធ្វើ​ការឈប់​ជាបន្ទាន់ នៅពេល​ដែល​ប្រឈមមុខ​នឹង​ឧបសគ្គ​ដែល​មិន​អាច​ចៀសបាន​”៕

រថយន្ត​អគ្គិសនី​បើក​ស្វ័យប្រវត្តិ Q-Trucks ចំនួន ២០ គ្រឿង​ចូលរួម​ក្នុង​សកម្មភាព​លើកដាក់​ទំនិញ​នៅ​កំពង់ផែ​ឡែម​ឆាបា​ង