ដោយ៖ ដេប៉ូ / មណ្ឌលគិរី៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាៈ ក្នុងយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ បាន ផ្តល់សារៈយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់។ ក្នុងចំណោមនេះនៅតាមភោជនីយដ្ឋាន ក្នុងខេត្តគោលដៅ ត្រូវបានគេរំពឹងថា នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់ក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃ នៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្តីពីយុទ្ធនាការអន្ទាក់សូន្យ៖បញ្ឈប់ការជួញដូរសត្វព្រៃ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២២ លោក នេត្រ ភក្រ្តា បានឱ្យដឹងថាៈ យុទ្ធនាការនេះ គឺផ្តល់សារៈសំខាន់គ្រប់ភាគី រួមទាំងក្រសួង អាជ្ញាធរ អង្គការដៃគូ ក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់។

ទាក់ទិនក្នុងរឿងនេះលោក រដ្ឋលេខាធិការ បានមានប្រសាសន៍ថាៈ ” រយៈពេល៦ខែ នៃយុទ្ធនាការអន្ទាក់សូន្យ ដែលក្នុងនេះមាន ៦ខេត្ត កន្លងមក គឺមានការចាប់អារម្មណ៍ខ្ពស់ដើម្បីធ្វើការផ្លាស់ប្តូរឥរិយាបទមួយ ដល់ក្នុងចំណោមប្រជាពលរដ្ឋ សម្រាប់ចូលរួមក្នុងការកាត់បន្ថយដែលបានដាក់សម្ពាធ ទៅលើធនធានធម្មជាតិ និងសត្វព្រៃ”។

លោកបានមានប្រសាសន៍ថាៈ មានភោជនីយដ្ឋាន ចំនួន ៣២ ក្នុងខេត្តមណ្ឌលគិរីបានចូលរួមមិនលក់សាច់សត្វព្រៃ ហើយក្នុងចំណោមភោជនីយដ្ឋានទាំងនេះ គឺកន្លងមកមានសកម្មភាពលក់សត្វព្រៃច្រើន ហើយក្នុងយុទ្ធនាការនេះ ក្រសួងនឹងសហការគ្នាយ៉ាងល្អ ជាមួយភាគីពាក់ព័ន្ធ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក រដ្ឋលេខាធិការ បានលើកឡើងដែរថាៈ ”ពិតជាមានសារៈសំខាន់ ដែលក្រសួងបរិស្ថាន ក្រសួងកសិកម្ម រដ្ឋបាលខេត្តមណ្ឌលគិរី និងក៏ដូចជា មន្ទីរបរិស្ថាន អង្គការ WWF និងអង្គការពាក់ព័ន្ធផ្សេងទៀត ដែលខិតខំបំពេញភារកិច្ច ក្នុងការទប់ស្កាត់ ការជូញដូរសត្វព្រៃខុសច្បាប់”។

ជាមួយគ្នានេះ លោកបានមានប្រសាសន៍ ដោយបញ្ជាក់បន្ថែមថាៈ តាមរយៈការធ្វើយុទ្ធនាការអន្ទាក់សូន្យ កន្លងមក បានទទួលការចាប់អារម្មណ៍ខ្លាំង ទៅលើប្រជាពលរដ្ឋ។ តាមរយៈយុទ្ធនាការនេះដែរ ក្នុងគោលបំណងមួយគឺ ផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជា ឥរិយាបទចំពោះសត្វព្រៃ ។ ក្នុងនេះ វាបង្ហាញពីផលលំបាក ពាក់ព័ន្ធនឹងអន្ទាក់ដែលវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សត្វព្រៃទេ តែវាបានបង្កការប៉ះពាល់ ដល់សុវត្ថិភាពមនុស្សទៀតផង។

គួរបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ មានការចុះទៅដល់ភោជនីយដ្ឋាន ដែលបានចូលរួមសហការក្នុងការបញ្ឈប់លក់សាច់សត្វព្រៃ ដែលជាទីកន្លែងដ៏សំខាន់ ក្នុងការប្រព្រឹត្តិបទល្មើសសត្វព្រៃទៀតផង។

លោករដ្ឋលេខាធិការ បានអះអាងថាៈ “យុទ្ធនាការមួយនេះ បានតម្រង់ទិស ទៅដល់ភោជនីយដ្ឋាន ដែលជាកន្លែងមួយ យើងយល់ថា កន្លែងចែកចាយសត្វព្រៃ ហើយក៏ជាកន្លែងមួយ នាំឱ្យមានការដាក់អន្ទាក់ បរបាញ់សត្វព្រៃជាដើម”។

លោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាល ខេត្តមណ្ឌលគិរី បានថ្លែងថាៈ អាជ្ញាធរបានធ្វើការទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃយ៉ាងខ្លាំងក្លា ដើម្បីថែរក្សាសត្វព្រៃ នៅលើទឹកដីមណ្ឌលគិរី ឱ្យបានគង់វង្ស។ មន្រ្តីពាក់ព័ន្ធគ្រប់ផ្នែក មិនត្រឹមតែចុះទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃទេ នៅថែមទាំងថែរក្សាទីជម្រកសត្វព្រៃ យ៉ាងខ្លាំងក្លា ស្ទើរគ្រប់កន្លែងទៀតផង។

ដោយឡែក លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានបញ្ជាក់ឱ្យដឹងថាៈ តាមរយៈយុទ្ធនាការនេះ លោកសង្ឃឹមជឿជាក់ថាប្រជាពលរដ្ឋ នឹងចូលរួម ហើយបើគ្រប់ភាគី បានរួមសហការគ្នានោះ យើងនឹងអាចរក្សាបាននូវចំនួនសត្វព្រៃ នៅកម្ពុជា។

ជាមួយគ្នានេះ លោកបានថ្លែងឱ្យដឹងដែរថាៈ សត្វព្រៃ ពិតជាមានសារៈសំខាន់ លើវិស័យទេសចរណ៍ ហើយបើយើងរក្សាបាននូវចំនួនសត្វព្រៃនោះ នៅថ្ងៃអនាគត ពិតជានាំមកនូវចំណូលដល់សេដ្ឋកិច្ចជាតិ ពិសេសសហគមន៍មូលដ្ឋាន ពិតជាទទួលបានផលប្រយោជន៍មួយយ៉ាងខ្ពស់។

នាយកអង្គការ WWF រូបនេះ បានអំពាវនាវឱ្យពលរដ្ឋ បញ្ចប់ការដាក់អន្ទាក់សត្វ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃ និងធនធានជម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍ទាំងអស់គ្នា ទាំងពេលបច្ចុប្បន្ន និងអនាគត។

គួរបញ្ជាក់ថា យុទ្ធនាការជួញដូរសត្វព្រៃ គឺជាផ្នែកមួយយុទ្ធនាការអន្ទាក់សូន្យ ដែលក្រសួងបរិស្ថាន និងដៃគូ បានអនុវត្តដោយជោគជ័យ ចំនួន ៦ខេត្ត នាពេលកន្លងមក៕ V / N