ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថាៈ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ គ.ជ.ប. បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានចំនួន ១.៦៨៥ នាក់ ដោយក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានចំនួន ១.៦៦៥ នាក់ (ស្រី ៥៥៥នាក់) និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់ខេត្តកំពង់ចាម មានចំនួន ២០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ។

គ.ជ.ប. បានបន្តថាៈ អង្គការ សមាគមចំនួន ៤ទៀត គ.ជ.ប. កំពុងពិនិត្យមានដូចជាៈ ១. សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តមណ្ឌលគិរី មានចំនួន ៤២នាក់ , ២. សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តសៀមរាប មានចំនួន ២០៥នាក់ , ៣. សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តបន្ទាយមានជ័យ មានចំនួន ៧៣នាក់ និងទី៤. គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (ខុមហ្វ្រែល) មានចំនួន ៣៣ នាក់ សរុបរួមមានចំនួន ៣៥៣នាក់ (ស្រី ១៧៣នាក់)។

គ.ជ.ប. បានបញ្ជាក់ថាៈ អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប. ។

ប្រភពដដែល បានបន្តថាៈ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ ផ្ដល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័រ គ.ជ.ប. www.nec.gov.kh និងត្រូវដាក់ពាក្យនៅទីស្ដីការ គ.ជ.ប. (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀល ពីម៉ោង ២:០០នាទី ដល់ម៉ោង ៥:៣០នាទី។

អ្នកសង្កេតការណ៍ជាតិ ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពឱ្យខាងតែបាននូវក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតដែលបានអនុម័តដោយ គ.ជ.ប.៕ V / N