ដោយៈ សុផល / កំពង់ធំ៖ ក្រុមវេជ្ជបណ្ឌិតតាំវៀតស្ម័គ្រចិត្តវៀតណាម ចំនួន ១២០នាក់ នៅថ្ងៃទី២២ ខែតុលា នេះ បានចុះមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ប្រមាណ មួយពាន់នាក់ (ស្រុកបារាយណ៍ ៦០០នាក់ និងស្រុកតាំងគោក ៤០០នាក់)។ នេះបើតាមប្រភពក្រសួងទេសចរណ៍។

ប្រភេទជំងឺដែលត្រូវពិនិត្យ និងព្យាបាល រួមមាន ជំងឺពាក់ព័ន្ធប្រព័ន្ធរំលាយអាហារ, ផ្លូវដង្ហើម, បេះដូង, សរសៃឈាម, សាច់ដុំ និងគ្រោងឆ្អឹង,ផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីជំងឺកូវីដ-១៩, ពិនិត្យអ៊ុលត្រាសោន, អេកូសាស្រ្ត និងសម្ពព។

ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថាៈ ក្រុមគ្រូពេទ្យវៀតណាម បាននាំយកនូវអំណោយ និងថ្នាំពេទ្យ ចំនួន មួយពាន់កញ្ចប់ ចែកជូនប្រជាពលរដ្ឋ ដែលគិតជាថវិកា អស់ប្រមាណ ៤ម៉ឺនដុល្លារ។ ជាមួយគ្នានេះ ក្រុមការងារវៀតណាម បានរៀបចំធ្វើម្ហូបអាហារ ជូនប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង មានដូចជា បបរមាន់ ពោតលីង ប្រហិតបំពង សាច់មាន់បំពង និងនំ ផងដែរ។

គួរកត់សំគាល់ថា ក្រុមគ្រូពេទ្យតាំវៀតស្ម័គ្រចិត្តវៀតណាម បានមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាជនកម្ពុជា បានចំនួន ៨ លើករួចមកហើយ ក្នុងនោះ ស្រុកបារាយណ៍ និងស្រុកតាំងគោក បានចំនួន ២លើក (បូកទាំងលើកនេះ)។ គិតមកដល់ពេលនេះ ក្រុមគ្រូពេទ្យវៀតណាម បានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជា សរុបបានជាង ២ម៉ីននាក់ រួចមកហើយ៕ V / N